បុគ្គលិក រីសតម៉ាហ្វីយ៉ា ជាង១០០នាក់ របស់ក្រុមហ៊ុនMafiya’s Resort Cambodia បានចាក់វ៉ាក់សាំងការពារ ជំងឺកូវីដ១៩

ដោយមានការរកឃើញនូវការឆ្លងជំងឺកូវីដ១៩ សារជាថ្មីជាបន្តបន្ទាប់ និងដោយមានការអំពាវនាវរបស់ក្រសួងសុខាភិបាលស្តីពីការជំរុញការចាក់វ៉ាក់សាំងការពារផងនោះ លោកជំទាវ ហេង គីមជី អគ្គនាយិកាក្រុមហ៊ុនរីសត Mafiya’s Resort Cambodia បានរៀបចំក្រុមការងារសហការជាមួយក្រុមគ្រូពេទ្យមណ្ឌលសុខភាពក្រុងកោះរ៉ុងដើម្បីចុះចាក់វ៉ាក់សាំងដល់បុគ្គលិកដែលបម្រើការងារនៅម៉ាហ្វីយ៉ារីសតសរុបចំនួន ៨៦នាក់ ក្នុងនោះបុគ្គលិកជានារី ២៨នាក់។
តាមប្រសាសន៍របស់លោកជំទាវអគ្គនាយិកាក្រុមហ៊ុនរីសត បញ្ជាក់ថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩នេះ មិនត្រឹមតែជួយការពារសុខមាលភាពបុគ្គលិករបស់ក្រុមហ៊ុនប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការផ្តល់នូវភាពកក់ក្តៅដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលមកកម្សាន្តនៅរមណីយដ្ឋានទេសចរណ៍ឆ្នេរឋានសួគ៌ផងដែរ។
រីសត ម៉ាហ្វីយ៉ា មានទីតាំងស្ថិតនៅតាមបណ្តោយឆ្នេរឋានសួគ៌ ភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។
រីសត ម៉ាហ្វីយ៉ា ត្រូវបានគេស្គាល់ថាជារីសតដ៏ប្រណិតមួយនៅលើកោះរ៉ុងតាមបណ្តោយឆ្នេរឋានសួគ៌ដ៏ស្រស់ស្អាត។ រីសតនេះមានផ្ទះបឹងហ្គាឡូ និងផ្ទះវីឡាភ្ញៀវសរុប ៦១ផ្ទះ មានតម្លៃបន្ទប់ចាប់ពី១០០ដុល្លា រហូតដល់ ១៥០០ដុល្លា ក្នុងមួយយប់។ ក្រៅពីសេវាកម្មស្នាក់នៅប្រណិត រីសតនេះមានបម្រើសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ សេវាកម្មអូប័រល្បឿនលឿន និងមានការសម្របសម្រួលផ្តល់ជាសកម្មភាពភ្ញៀវទេសចរដូចជា ការជិះទូកកាយ៉ាកតាមដងព្រែក ការមុជទឹកមើលផ្កាថ្ម ការជិះកង់កម្សាន្តតាមផ្លូវមាត់ឆ្នេរ។ ថ្មីៗនេះដោយសារមានផ្លូវថ្មីមួយខ្សែតភ្ជាប់ពីឆ្នេរឋានសួគ៌ទៅវត្តព្រែកស្វាយ ភ្ញៀវក៏អាចធ្វើដំណើរជុំវិញកោះរ៉ុងបានផងដែរ។
គួរដឹងផងដែរថា លោកជំទាវ ហេង គីមជី គឺជាភរិយារបស់អ្នកឧកញ៉ា ទៀ វិចិត្រ ដែលជាអ្នកជំនួញដ៌មានប្រជាប្រិយភាពក្នុងខេត្តព្រះសីហនុ។ ក្រៅពីម្ចាស់ក្រុមហ៊ុនរីសត Mafiya’s Resort Cambodia លោកជំទាវ និងអ្នកឧកញ៉ា ក៏ជាម្ចាស់ក្រុមហ៊ុនមួយចំនួនទៀត ដូចជា អូប័រល្បឿនលឿន GTVC Speedboat រីសតWonderland ភោជនីយដ្ឋាន ហាងកាហ្វេ ហ្គារ៉ាស់សាំង និងមុខជំនួញផ្សេងៗទៀតជាច្រើនក្នុងខេត្តព្រះសីហនុ។