បទអន្តរាគមន៍ចំនួន ៤ ក្នុងចំណោម ៨ បានយកមកពិភាក្សាក្នុងរបៀបវារៈនៃអង្គប្រជុំគណៈគណៈកម្មាធិការកណ្តាលស.ស.យ.ក

កាលពីព្រឹកមិញនេះ របៀបវារៈនៃកិច្ចប្រជុំគណៈគណៈកម្មាធិការកណ្តាលស.ស.យ.ក. មានបទអន្តរាគមន៍ចំនួន ៤ ក្នុងចំណោម ៨ ដែលបានយកមកពិភាក្សាក្នុងអង្គប្រជុំនាឱកាសនោះ។ ប្រធានបទដែលបានយកមកធ្វើបទអន្តរាគមន៍រួមមាន ការវិភាគនិងវាយតម្លៃ SWOT របស់ ស.ស.យ.ក. ក្នុងបរិបទកម្ពុជាបច្ចុប្បន្ន ការពង្រឹង និងពង្រីកសមាជិកភាពរបស់ ស.ស.យ.ក. ការពង្រឹងអត្តសញ្ញាណ និងរចនាសម្ព័ន្ធ ស.ស.យ.ក. និងការតម្រង់ទិសនយោបាយលើទិសដៅឆ្ពោះទៅមុខរបស់ ស.ស.យ.ក.។

នៅក្នុងបទអន្តរាគមន៍នាឱកាសនោះ អង្គប្រជុំ បានស្តាប់របាយការណ៍ និងផ្តល់ជាមតិយោបល់ដើម្បីជាធាតុចូលក្នុងការលើកតម្កើងកិត្តិនាមស.ស.យ.ក. តាមរយៈការបន្តពង្រឹងភាពខ្លាំង និងកែប្រែភាពខ្សោយទៅជាកាឡានុវត្តភាព។ ក្នុងនោះដែរសមាជិក អង្គប្រជុំបានចូលរួមចែករំលែកនូវឧត្តមានុវត្តន៍លើកិច្ចការងារមួយចំនួនដើម្បីពង្រឹង និងពង្រីកសមាជិកភាព និងអត្តសញ្ញាណរបស់ ស.ស.យ.ក.។ ទន្ទឹមនឹងនេះ សមាជិកក៏បានគូសបញ្ជាក់ពីភាពសំខាន់ក្នុងការលើកតម្កើង និងបង្ហាញកិត្យានុភាពស.ស.យ.ក. តាមរយៈការបង្កើតកម្មវិធីព្រឹត្តការណ៍នានា ដែលជាវេទិកាអាចបញ្ជៀបពីបុព្វហេតុ ស.ស.យ.ក. ឱ្យបានទូលំទូលាយទៅដល់សាធារណជន និងស្រទាប់យុវជនផងដែរ។

សូមជម្រាបជូនថា ក្រុមពិភាក្សានីមួយៗត្រូវបានដឹកនាំដោយអនុប្រធាន ស.ស.យ.ក. ដោយក្នុង នោះមានសមាសភាពចម្រុះពី គណៈកម្មាធិការ ស.ស.យ.ក. រាជធានី ខេត្ត បណ្តាវិស័យ នីតិបុគ្គល ក.យ.គ. និងក្រុមការងារពាក់ព័ន្ធផ្សេងៗទៀត ហើយបានរៀបចំកិច្ចពិភាក្សា ពិគ្រោះយោបល់ប្រមូលធាតុចូលក្នុងក្រុមមុនកិច្ចប្រជុំគណៈកម្មាធិការកណ្តាល ដើម្បី រាយការណ៍ជូនអង្គប្រជុំនៅថ្ងៃនេះ។