បញ្ហាក្មេងទំនើងជ្រុលនិយមនៅហៃទីប៉ុន្មានឆ្នាំចុងក្រោយនេះ បណ្តាលឲ្យមនុស្ស១៦០០នាក់ស្លាប់ ជាង១លាននាក់បាត់បង់ផ្ទះសម្បែង និងរស់នៅទាំងភាពភ័យខ្លាច

អ្នកតវ៉ាជាច្រើននាក់បានឡើងទៅលើកំពូលភ្នំក្នុងរាជធានី Port-au-Prince នៃប្រទេសហៃទីកាលពីថ្ងៃអាទិត្យនេះដើម្បីទាមទារឲ្យបញ្ចប់អំពើហឹង្សារបស់ក្រុមក្មេងទំនើងជ្រុលនិយម ដែលកំពុងព្យាយាមលុកលុយពាសពេញទីក្រុង។ ក្រុមអ្នកតវ៉ាក៏បានអំពាវនាវសូមឲ្យនាយករដ្ឋមន្ត្រី និងក្រុមប្រឹក្សាបណ្ដោះអាសន្ននៃប្រធានាធិបតីលាចេញពីតំណែងផងដែរ។
មួយរយៈពេលចុងក្រោយនេះពលរដ្ឋហៃទីពិតជាមានកំហឹងខ្លាំង និងបានសម្ដែងការមិនពេញចិត្តយ៉ាងខ្លាំងដែរ ចំពោះក្រុមក្មេងទំនើងដែលតែងតែប្រើប្រាស់អំពើហឹង្សារ និងកំពុងព្យាយាមគ្រប់គ្រងទីក្រុង Port-au-Prince (ព័រអូប្រាំង)។ តាមការបញ្ជាក់ពីតារាចំរៀងហ៊ីបហប និងក្រុមអ្នកតវ៉ាម្នាក់ដែលមានឈ្មោះ Stevenson Telfort Artis បាននិយាយថា៖ យើងត្រូវការសន្តិសុខ យើងត្រូវការអាហារ យើងត្រូវការទីកន្លែងសម្រាក និងសេវាសុខភាពគ្រប់គ្រាន់។ ប្រសិនបើអ្នកជាប្រមុខរដ្ឋវិញ ថាតើអ្នកមានអារម្មណ៍ដូម្តេច ដែលមិនអាចទទួលខុសត្រូវចំពោះបញ្ហានេះបាន? ដូច្នេះគឺមានអ្នកលាលែងពីដំណែងទៅ។ ការតវ៉ាកាលពីថ្ងៃអាទិត្យនេះបានកើតឡើងបន្ទាប់ពីមានមនុស្សរាប់រយនាក់បានប្រមូលផ្តុំគ្នានៅទីក្រុង Port-au-Prince ដើម្បីគោរពវិញ្ញាណក្ខន្ធដល់មេដឹកនាំសហគមន៍ជាច្រើន ត្រូវស្លាប់ក្នុងហេតុការណ៍ប៉ះទង្គិចដោយ កាលពីពេលថ្មីៗនេះដែរ។ សកម្មភាពតវ៉ាយ៉ាងអូសបន្លាយនេះ បានរៀបចំឡើងដើម្បីរិះគន់រាជរដ្ឋាភិបាលជុំវិញវិបត្តិសន្តិសុខដែលកំពុងធ្លាក់ចុះយ៉ាងធ្ងន់ធ្ងរនៅក្នុងប្រទេសនេះនឹងបានធ្វើអោយមនុស្សជាង១៦០០នាក់ស្លាប់ និង៥៨០នាក់ទៀតរងរបួសចាប់ពីខែមករាដល់ខែមីនា ឆ្នាំ២០២៥។ មិនតែប៉ុណ្ណោះនៅពាក់កណ្ដាលខែមីនាកន្លងទៅ មនុស្សរាប់រយនាក់បានប្រើប្រាស់ដាវឬអាវុធក្នុងដៃ ដែលគាំទ្រដោយសមាជិកកងពលតូចបរិស្ថានដែលមានអាវុធស្រាប់ក្នុងដៃ បានបណ្តេញក្រុមក្មេងទំនើងជ្រុលនិយមប្រហែលជា១០០នាក់ចេញពីសាលាកាតូលិកមួយដែលបានជ្រកកោន នេះបើយោងតាមរបាយការណ៍ពីភ្នាក់ងារបេសកកម្មនយោបាយរបស់អង្គការសហប្រជាជាតិប្រចាំនៅប្រទេសហៃទី។
គួររំលឹកផងដែរថាកាលឆ្នាំមុនមនុស្សប្រហែលជាង៥៦០០នាក់នាក់ បានបាត់បង់ជីវិតទូទាំងប្រទេសហៃទី នេះបើយោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ។ ក្រុមក្មេងទំនើងជ្រុលនិយមទាំងនេះបានប្រើអំពើហឹង្សាដែលបណ្តាលមនុស្សសរុបជាង១លាននាក់ត្រូវបាត់បង់ផ្ទះសម្បែង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះផងដែរ។ យ៉ាងណាមិញកម្លាំងនគរបាលរបស់ហៃទីបានសហការជាមួយក្រុមនគរបាល គេនយ៉ា ដែលគាំទ្រដោយអង្គការសហប្រជាជាតិ ក៏កំពុងប្រឈមនឹងមុខនឹងកង្វះថវិកានិងកត្តាធនធានមនុស្សដែរ។ ដោយឡែកបច្ចុប្បន្ននេះមានតែទាហានត្រឹមចំនួន១០០០នាក់ ប៉ុណ្ណោះក្នុងចំណោមទាហាន២៥០០នាក់ ដែលបានចូលរួមក្នុងចលនាបង្រ្កាបនេះ៕

សម្រួលអត្ថបទ៖ ឡុង បញ្ញា