និស្សិតពេទ្យជប៉ុន មួយក្រុម បានមកស្វែងយល់ពីប្រព័ន្ធសុខាភិបាលនៅប្រទេសកម្ពុជា

ភ្នំពេញ ៖ និស្សិតពេទ្យមកពីប្រទេសជប៉ុន ចំនួន២០រូប រួមជាមួយ គ្រូ មកពីសាកលវិទ្យាល័យ International University of Health and Welfare (IUHW) និង Fukuoka International University of Health and Welfare (FIUHW) បានអញ្ជើញមកធ្វើទស្សនៈកិច្ចសិក្សា ដោយផ្ទាល់ នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និងស្វែងយល់់ពីវឌ្ឍនភាពប្រព័ន្ធសុខាភិបាលនៅប្រទេសកម្ពុជា។

ដំណើរទស្សនកិច្ចនេះ ចាប់ផ្តើមពីថ្ងៃទី១១ ដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥ និស្សិត និងគ្រូដឹកនាំមកពី IUHW និងFIUHW ប្រទេសជប៉ុននេះ មានការសម្របសម្រួលដោយផ្ទាល់ពីក្រុមការងាររបស់សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល បានអញ្ជើញស្វែងយល់ពីវឌ្ឍនភាពការបណ្តុះបណ្តាលនៅមន្ទីរពិសោធន៍បង្ហាញត្រាប់នៅទីតាំងទី១ និងទីតាំងទី២ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។

ក្រុមនិស្សិត និងប្រតិភូ បានទទួលការអនុញ្ញាតចុះទស្សនកិច្ច និងទទួលនូវការស្វាគមន៍យ៉ាងរាកទាក់ពីសំណាក់តំណាងគណៈគ្រប់គ្រងនៅមណ្ឌលសុខភាព ដូនពេញ, មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក, មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅរាជធានីភ្នំពេញ និងមន្ទីរពេទ្យកុមារអង្គរ មន្ទីរពេទ្យបង្អែកខេត្តសៀមរាប នៅខេត្តសៀមរាប ដើម្បីស្វែងយល់់ពីវឌ្ឍនភាពប្រព័ន្ធសុខាភិបាលនៅប្រទេសកម្ពុជា។

សូមបញ្ជាក់ថា សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និង International University of Health and Welfare (IUHW) ប្រទេសជប៉ុន បានចុះហត្ថលេខារួមគ្នាលើអនុស្សរណៈនៃការយោគយល់គ្នា កាលពីថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០១៦កន្លងទៅ។ កិច្ចសហប្រតិបត្តិការនេះហើយដែលផ្តល់ជាកាលានុវត្តភាពដល់និស្សិត ស.វ.ស មានឱកាសទទួលអាហារូបករណ៍ និងកម្មវិធីដំណើរទស្សនកិច្ចសិក្សាផ្លាស់ប្តូរបទពិសោធន៍របស់និស្សិតទៅវិញទៅមកនៃសាកលវិទ្យាល័យទាំងពីរ៕