និយ័តករសន្តិសុខសង្គម ចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដើម្បីលើកកម្ពស់គុណភាព ប្រសិទ្ធភាពនៃការដោះស្រាយវិវាទជូន សមាជិក ប.ស.ស.។

កាលពីរសៀលថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ២០២៥ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានរៀបចំ ពិធីចុះអនុស្សរៈនៃការយោគយោលគ្នា ស្តីពី កិច្ចសហប្រតិបត្តិការ ក្នុងការសម្រុះសម្រួលផ្សះផ្សាវិវាទ រវាង និយ័តករសន្តិសុខសង្គម (ន.ស.ស.) និង អាជ្ញាធរជាតិ ដោះស្រាយវិវាទ ក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) និង និយ័តករមូលបត្រកម្ពុជា។

ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គនាយកនៃនិយ័តករសន្តិសុខសង្គម មានប្រសាសន៍ថា អនុស្សរណៈនៃការយោគយល់គ្នារវាង ន.ស.ស. និង អ.ដ.ក. នាថ្ងៃនេះ ជាការបើកទំព័រថ្មីបន្ថែមទៀត នៃកិច្ចសហប្រតិបត្តិការ យ៉ាងជិតស្និតរវាងស្ថាប័នទាំងពីរ សំដៅលើកកម្ពស់គុណភាព ប្រសិទ្ធភាពនៃការដោះស្រាយវិវាទ ជូនដល់ពលរដ្ឋទាំងឡាយដែលជាសមាជិក បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)។

ឯកឧត្តមបណ្ឌិត បន្តថា អនុស្សរណៈនៃការយោគយល់គ្នានេះក៏នឹងជំរុញឱ្យមានប្រសិទ្ធភាពនៃការអនុវត្ត កិច្ចព្រមព្រៀងសះជារបស់ ន.ស.ស. តាមរយៈលទ្ធភាព នៃការស្នើសុំមក អ.ដ.ក. ដើម្បីរៀបចំកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទ ក្នុងក្របខណ្ឌ អ.ដ.ក. ដែលជាចំណុចពិសេស ក្រោមការចង្អុលបង្ហាញដ៏ឈ្លាសវៃបំផុតរបស់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌។ ឯកឧត្តមបណ្ឌិត ក៏បានអបអរសាទរ និយ័តករមូលបត្រកម្ពុជាផងដែរចំពោះការចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយ អ.ដ.ក. ដែលតាមរយៈកិច្ចសហការនេះនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការដោះស្រាយវិវាទក្នុងវិស័យមូលបត្រកាន់តែមានប្រសិទ្ធភាពមួយកម្រិតថែមទៀត។

ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការនៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ មានប្រសាសន៍ថា អនុស្សរណៈនៃការយោគយល់គ្នាដែលបានរៀបចំឡើងនៅថ្ងៃនេះ ជាការបើកច្រកឱ្យនិយ័តករសន្តិសុខសង្គម និង និយ័តករមូលបត្រកម្ពុជា អាចយកវិវាទដែលខ្លួនបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យ ក្នុងក្របខណ្ឌនៃដែនសមត្ថកិច្ចរបស់និយ័ករនីមួយៗ ដាក់ជូនមក អ.ដ.ក. ដើម្បីរៀបចំចេញជាកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទ ដែលមានអានុភាពដូចការសម្រុះសម្រួលផ្សះផ្សាវិវាទដែលធ្វើឡើងដោយមន្រ្តីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក ផងដែរ ដោយគោរពតាមបែបបទ និងនីតិវិធីដែលបានព្រមព្រៀងជាមួយ អ.ដ.ក.។ បន្ថែមពីនេះ កំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទនេះមានអានុភាពអនុវត្តដូចសាលក្រមស្ថាពររបស់តុលាការ ហើយនឹងមិនលាប់ឡើងវិញឡើយ។

សូមជម្រាបជូនថា អនុលោមតាមមាត្រា១១ នៃច្បាប់ស្តីពីរបបសន្តិសុខសង្គម និយ័តករសន្តិសុខសង្គម មានតួនាទី និងភារកិច្ចក្នុង “ការបង្កើតយន្តការការពារសមាជិក និងផ្សះផ្សាវិវាទនៅពេលមានទំនាស់” និងមាត្រា៩១ នៃច្បាប់ស្ដីពីរបបសន្ដិសុខសង្គមដដែរ និងមាត្រា២៣ នៃអនុក្រឹត្យ ស្ដីពីនិយ័តកម្មប្រព័ន្ធសន្ដិសុខសង្គម ចុះថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ បានកំណត់ថា “វិវាទ ឬបណ្ដឹងពាក់ព័ន្ធនឹងការអនុវត្តបទប្បញ្ញត្តិនានានៃរបបសន្ដិសុខសង្គមរវាងសមាជិក ប.ស.ស. និយោជក និង ប.ស.ស. ត្រូវដោះស្រាយដោយគណៈកម្មការដោះស្រាយវិវាទនៃ ប.ស.ស.។ ក្នុងករណីមិនមានការសះជា, វិវាទ ឬបណ្ដឹងនោះអាចត្រូវបានប្ដឹងទៅនិយ័តករសន្ដិសុខសង្គម មុននឹងប្ដឹងទៅសាលាដំបូងនៃរាជធានី ខេត្ត”។

លើសពីនេះ, ប្រកាសលេខ០៥៤ អ.ស.ហ.ប្រក ចុះថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ ស្ដីពីនិយ័តកម្មរបបសន្ដិសុខសង្គមសម្រាប់មន្រ្តីរាជការស៊ីវិល និងរបបសន្ដិសុខសង្គមសម្រាប់អតីតយុទ្ធជន បានចែងថា “វិវាទ ឬបណ្ដឹងនៃរបបសន្ដិសុខសង្គមសម្រាប់មន្រ្តីរាជការស៊ីវិល និងរបបសន្ដិសុខសង្គមសម្រាប់អតីតយុទ្ធជន ត្រូវដោះស្រាយនៅកម្រិតមូលនិធិជាតិជំនួយសង្គម(ម.ជ.ជ.)។ ក្នុងករណីមិនសះជា, វិវាទ ឬបណ្ដឹងនោះអាចត្រូវបានប្ដឹងទៅ ន.ស.ស. មុននឹងប្ដឹងទៅតុលាការមានសមត្ថកិច្ច”៕