នាវាកងទ័ពជើងទឹកភូមិន្ទកាណាដា (RCN) នឹងធ្វើកិច្ចសហប្រតិបត្តិការជាមួយភាគីជាមិត្តក្នុងតំបន់ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងរឹតបន្តឹងចំណងមិត្តភាព

ស្ថានទូតកាណាដា នៅរាជធានីភ្នំពេញបានឱ្យដឹងថា ដំណើរទស្សនកិច្ចរបស់ នាវាកងទ័ពជើងទឹកភូមិន្ទកាណាដា អូតាវ៉ា (HMCS Ottawa)នៅខេត្តព្រះសីហនុរយៈពេល ៤ ថ្ងៃពីរ ថ្ងៃទី ១-៤ ខែកុម្ភៈ គឺក្នុងដំណើរទស្សនកិច្ចល្បាត កងទ័ពជើងទឹកភូមិន្ទកាណាដា (RCN) នឹងធ្វើកិច្ចសហប្រតិបត្តិការជាមួយភាគីជាមិត្តក្នុងតំបន់ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងរឹតបន្តឹងចំណងមិត្តភាព ដែលរួមមានការល្បាតបង្ហាញ ការលេងកីឡា និងកម្មវិធីចម្រុះក្នុងសហគមន៍។ឆ្នាំ២០២៥ប្រទេសកាណាដា មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសអំពីដំណើរទស្សនកិច្ចរបស់នាវាកងទ័ពជើងទឹកភូមិន្ទកាណាដា អូតាវ៉ា (HMCS Ottawa) ដែលនឹងមកចូលសំចតនៅកំពង់ផស្វយ័តក្រុងព្រះសីហនុ ប្រទេសកម្ពុជាដោយបានទទួលការស្វាគមន៍យ៉ាងកក់ក្ដៅ ពីលោកវរៈនាវីឯក មាន សាវឿន មេបញ្ជាការរងមូលដ្ឋានសមុទ្ររាម រួមជាមួយនាយនាយរងកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាមក៏ដូចជាកម្លាំងសមត្ថកិច្ចចម្រុះ និងអាជ្ញាធរខេត្តផងដែរ។
លោកវរៈនាវីឯក មាន សាវឿន មេបញ្ជាការរងមូលដ្ឋានសមុទ្ររាម បានលើកឡើងថា សូមឱ្យដំណើរទស្សនកិច្ចរបស់នាវាកងទ័ពជើងទឹក កាណាដា លើទឹកដីខេត្តព្រះសីហនុរយៈពេល ៤ ថ្ងៃទទួលបានជោគជ័យ នឹងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងកងទ័ពប្រទេសទាំងពីរដើម្បីពង្រឹងទំនាក់ទំនងរក្សាសន្តិសុខលើផ្ទៃសមុទ្រទទួលបានលទ្ធផលផ្លូវផ្កា។
លោក Adriano Lozer ជាមេបញ្ជាការនាវា HMCS OTTAWA បានមានប្រសាសន៍ថា៖ ក្នុងនាមជាសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) កម្ពុជាដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាស្ថិរភាពក្នុងតំបន់។ ដំណើរទស្សនកិច្ចរបស់ HMCS_Ottawa នឹងជួយពង្រឹងទំនាក់ទំនងកម្ពុជា-កាណាដា ព្រមទាំងពង្រឹងការប្ដេជ្ញាចិត្តរួមគ្នាក្នុងការគោរពច្បាប់អន្តរជាតិ។ ក្នុងនាមជាប្រជា
ជាតិនៃតំបន់ប៉ាស៊ីហ្វិក ការពង្រឹងទំនាក់ទំនងដ៏រឹងមាំជាមួយដៃគូក្នុងតំបន់ គឺជាអាទិភាពមួយ ហើយកាណាដាមានបំណងជាចម្បង ក្នុងការសហការជាមួយប្រទេសកម្ពុជានាពេលអនាគត។
ប្រទេសកាណាដា មានប្រវត្តិយ៉ាងសំខាន់ក្នុងការគាំទ្រកិច្ចខិតខំប្រឹងប្រែងអន្តរជាតិ ដើម្បីនាំមកនូវសន្តិភាព និងស្ថិរភាពដល់កម្ពុជា។ ទាហានកាណាដា ចំនួនជាង ១.០០០នាក់ ធ្លាប់បានមកបំពេញបេសកកម្មនៅប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ១៩៥៤មក។ ទំនាក់ទំនងទ្វេភាគីកម្ពុជា-កាណាដាបានកើនឡើងគួរអោយកត់សម្គាល់នាប៉ុន្មានឆ្នាំចុងក្រោយនេះ។ ប្រទេសកាណាដាគឺជាម្ចាស់ជំនួយធំជាងគេទី១០ របស់កម្ពុជាសម្រាប់ជំនួយអភិវឌ្ឍន៍ ដែលមានទឹកប្រាក់ ២៣,១ លានដុល្លារ កាណាដា
ក្នុងឆ្នាំ ២០២២-២០២៣។ ប្រទេសកាណាដា បានផ្ដល់ជំនួយហិរញ្ញវត្ថុ សម្រាប់រៀបចំសន្និបាតស្តីពី
ការហាមប្រាមមីនប្រឆាំងមនុស្ស (ហៅម្យ៉ាងទៀតថា អនុសញ្ញាអូតាវ៉ា) នៅខេត្តសៀមរាប នាខែវិច្ឆិកា
ឆ្នាំ ២០២៤ ដែលកាណាដាបានប្រកាសផ្តល់ជំនួយបន្ថែមចំនួន ២.១ លានដុល្លាទៀត បន្ថែមពីលើ
ថវិកាជំនួយជាង៥០លានដុល្លា ដែលមានស្រាប់របស់កាណាដា សម្រាប់កម្ពុជាក្នុងការបោសសម្អាត
មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ។
ឯកអគ្គរាជទូតកាណាដាប្រចាំព្រះរាជាណាចក្រកម្ពុជា លោកជំទាវ Ping Kitnikone នឹងអញ្ជើញជាធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចនៅលើនាវានៅថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលដំណើរទស្សនៈកិច្ចនេះ គឺជាការបង្ហាញអំពីសារៈសំខាន់នៃទំនាក់ទំនងកម្ពុជា-កាណាដា និងគូសបញ្ជាក់នូវការចូលរួមកាន់តែស៊ីជម្រៅនៅក្នុងតំបន់អាស៊ាន និងឥណ្ឌូប៉ាស៊ីហ្វិករបស់ប្រទេសកាណាដា។ ដំណើរទស្សនកិច្ចតាមនាវា នេះគឺជាឱកាសមួយដ៏មានមានតម្លៃដើម្បីបង្ហាញពីភាពជាដៃគូដ៏សំខាន់ ដែលកាណាដាកំពុងបន្តក្នុងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើគ្រប់វិស័យ៕
ដោយ៖ ប៉ៃ សុឃីម