នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អំពាវនាវដល់កងកម្លាំងប្រដាប់អាវុធ និងប្រជាការពារគ្រប់រូប ត្រូវខិតខំបន្តពង្រឹងការពារ ថែរក្សាសន្តិភាព និងរក្សាការពារបាននូវសន្តិសុខសណ្តាប់ធ្នាប់សង្គមឱ្យបានល្អ

នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង បានអំពាវនាវដល់កងកម្លាំងប្រដាប់អាវុធ និងប្រជាការពារគ្រប់រូប ត្រូវខិតខំបន្តពង្រឹងការពារ ថែរក្សាសន្តិភាព និងរក្សាការពារបាននូវសន្តិសុខសណ្តាប់ធ្នាប់សង្គមឱ្យបានល្អពិសេសទប់ស្កាត់ បង្រ្កាបបទល្មើសគ្រឿងញៀន និងអំពើហិង្សា នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់ខាងមុខនេះ បង្កភាពសប្បាយរីករាយជូនប្រជាពលរដ្ឋ ដែលមានការរៀបចំសង្ក្រាន្តនៅគ្រប់ខេត្ត ក្រុង ស្រុក និងរាជធានី ទូទាំងប្រទេស។
នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកកណ្តាលស្ទឹង បានថ្លែង ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកងកម្លាំងប្រដាប់អាវុធទាំងបី និងប្រជាការពារ ទូទាំងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ប្រមាណជាង ២ពាក់នាក់ នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ ។
បន្ទាប់ពីរបាយការណ៍ស្វាគមន៍របស់លោកអភិបាលស្រុក ជុំវិញការងារធានាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ការបង្កបង្កើនផលស្រូវ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នៅក្នុងស្រុកកណ្តាលស្ទឹង រួចមក,
ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង បានពាំនាំនូវពរសាធុការ និងការនឹករលឹកពីសម្តេចតេជោ ហ៊ុនសែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ជូនដល់កងកម្លាំងប្រដាប់អាវុធ និងប្រជាការពារ ស្រុកកណ្តាលស្ទឹង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ។
ឆ្លៀតក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ បានពន្យល់ដល់ប្រជាការពារ និងកងកម្លាំងប្រដាប់អាវុធ ទាំងអស់ ត្រូវខិតខំធ្វើអំពើល្អជាមួយប្រជាពលរដ្ឋ និងត្រូវចេះពិចារណាបែងចែកឱ្យបានច្បាស់លាស់ នូវព័ត៌មានបំផ្លើសការពិត ព័ត៌មានដែលមានលក្ខណៈញុះញង់ ហើយត្រូវមានការប្រុងប្រយ័ត្នខ្ពស់កុំចាញ់ល្បិចកលក្រុមជ្រុលនិយមមួយក្តាប់តូចដែលមានបំណងតែម៉្យាងគឺចង់ផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់តែប៉ុណ្ណោះ ។
នាយឧត្តមសេនីយ៍ បានមានប្រសាសន៍ថា ក្រោមការដឹកនាំដ៏វាងវៃរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលទី៧ថ្មីនេះ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ រាជរដ្ឋាភិបាលបាននិងកំពុងការសម្រេចជោគជ័យសមិទ្ធផលជាតិធំៗជាបន្តបន្ទាប់ ស្របតាមយុទ្ធសាស្ត្របច្ចកោណដំណាក់កាលទី១ ដែលបានដាក់ចេញជាពិសេសការកែទម្រង់រាជរដ្ឋាភិបាល ឱ្យក្លាយទៅជារាជរដ្ឋាភិបាលឌីជីថល សំដៅឈានទៅសម្រេចបានផែនការចក្ខុវិស័យទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ សម្តេចបវរធិបតី ហ៊ុន ម៉ា ណែត បាននិងកំពុងបន្តសកម្មភាពក្នុងការកសាងបណ្តុះគំនិត ស្មារតីស្រឡាញ់សន្តិភាព ដែលជាបំណងប្រាថ្នារបស់ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស។
ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង បានគូសបញ្ជាក់ថា សន្តិភាពមានតម្លៃធំធេងមិនអាចកាត់ថ្លៃបាន ជាមរតកដ៏មហាសាលរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានដាក់ចេញនយោបាយឈ្នះ ឈ្នះ។ ដោយសារនយោបាយនេះហើយ ដែលធ្វើឲ្យកម្ពុជាក្លាយពីប្រទេសមួយដែលមានតំបន់ត្រួតត្រាច្រើន ទៅជាប្រទេសដែលមានតំបន់ត្រួតត្រាមួយ រដ្ឋធម្មនុញ្ញតែមួយ ព្រះមហាក្សត្រតែមួយ រាជរដ្ឋាភិបាលតែមួយ និងកងកម្លាំងប្រដាប់អាវុធតែមួយ។
ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចធិបតី និងលោកជំទាវបណ្ឌិត ឧបត្ថម្ភដល់នគរបាលស្រុក ថវិកា ២លានរៀល និងស្រាបៀរ ១០០កេស, កងរាជអាវុធហត្ថស្រុក ថវិកា ២លានរៀល និងស្រាបៀរ ១២កេស ,ផ្នែកសឹករងស្រុក ថវិកា ១លានរៀល និងស្រាបៀរ ចំនួន ១០កេស និងបានឧបត្ថម្ភ ប្រជាការពារ នៅទូទាំងស្រុកកណ្តាលស្ទឹង ថវិកា ៥លានរៀល និងស្រាបៀរ ២០០កេស ផងដែរ ៕