នាយកប្រតិបត្តិ WHO ស្នើឲ្យប្រទេសនានាជំរុញឱ្យ USA ពិចារណាឡើងវិញលើការដកខ្លួនចេញពីទីភ្នាក់ងារនេះ ខណៈអ្នកជំនាញនិយាយថាវាជាឱកាសដ៏ល្អមួយ សម្រាប់កំណែទម្រង់សុខភាពសាធារណៈជាសកល

នាយកប្រតិបត្តិ WHO ស្នើឲ្យប្រទេសនានាជំរុញឱ្យ USA ពិចារណាឡើងវិញលើការដកខ្លួនចេញពីទីភ្នាក់ងារនេះ  ខណៈអ្នកជំនាញនិយាយថាវាជាឱកាសដ៏ល្អមួយ សម្រាប់កំណែទម្រង់សុខភាពសាធារណៈជាសកល

—————

ប្រធានអង្គការសុខភាពពិភពលោក ហៅកាត់ថា WHO កំពុងស្នើឱ្យមន្ត្រីសុខាភិបាលពីបណ្តាប្រទេសនានាដែលពឹងផ្អែកលើទីក្រុងវ៉ាស៊ីនតោនរួមគ្នាបដិសេធចំពោះការសម្រេចចិត្តរបស់លោកប្រធានាធិបតី Donald Trump ដែលសម្រេចដកខ្លួនចេញពីទីភ្នាក់ងារសុខភាពរបស់អង្គការសហប្រជាជាតិនាពេលថ្មីៗនេះ។ នៅក្នុងកិច្ចប្រជុំចង្អៀតមួួជាមួយអ្នកការទូតនៅសប្តាហ៍នេះ មន្ត្រីអង្គការសុខភាពពិភពលោកបានទទូចថាសហរដ្ឋអាមេរិកនឹងរងនូវភាពឈឺចាប់ដោយសារតែការខ្វះលទ្ធភាពទទួលបានបានព័ត៌មានសំខាន់ៗអំពីការជំងឺផ្ទុះជាសកលកន្លងទៅនិងទៅអនាគត។ ប៉ុន្តែបណ្តាប្រទេសនានាក៏បានដាក់សម្ពាធលើ WHO នៅក្នុងកិច្ចប្រជុំថវិកាដ៏សំខាន់មួយកាលពីថ្ងៃពុធនេះដែរ អំពីរបៀបដែលខ្លួនអាចទប់ទល់នឹងការចាកចេញពីម្ចាស់ជំនួយដ៏ធំបំផុតរបស់ខ្លួន គឺអាម៉េរិកតែម្តង នេះបើយោងតាមឯកសារកិច្ចប្រជុំផ្ទៃក្នុងដែលទទួលបានដោយសារព័ត៌មានបរទេស AP។ សម្រាប់ឆ្នាំ ២០២៤- ២០២៥ សហរដ្ឋអាមេរិកគឺជាម្ចាស់ជំនួយដ៏ធំបំផុតរបស់ WHO រហូតមកដល់ពេលនេះ ដោយធ្លាប់បានដាក់ថវិកាក្នុងចំនួនប៉ាន់ស្មាន៩៨៨លានដុល្លារអាម៉េរិក ប្រហែលជា១៥% នៃគម្រោងថវិកាចំនួន៦.៩ប៊ីលានដុល្លាររបស់ WHO ដែរ។ ឯកសារថវិកាសម្ងាត់ដែលបង្ហាញក្នុងកិច្ចប្រជុំបានបញ្ជាក់ថាកម្មវិធីសង្គ្រោះបន្ទាន់ផ្នែកសុខភាពរបស់ WHO គឺ “ពឹងផ្អែកខ្លាំង” លើសាច់ប្រាក់សុទ្ធរបស់អាមេរិកតែម្តង។ “តួនាទីត្រៀមបម្រុង” ក្នុងការិយាល័យរបស់ WHO នៅអឺរ៉ុបគឺពឹងផ្អែកច្រើនជាង ៨០% លើទឹកប្រាក់ចំនួនរួមចំណែក១៥៤លានដុល្លារអាមេរិកឯណោះ។ ឯកសារនេះបាននិយាយទៀតថាការផ្តល់មូលនិធិរបស់សហរដ្ឋអាមេរិក “គឺជាផ្តល់នូវឆ្អឹងខ្នងនៃប្រតិបត្តិការសង្គ្រោះបន្ទាន់ទ្រង់ទ្រាយធំជាច្រើនរបស់ WHO” ដែលគ្របដណ្តប់រហូតដល់៤០% ។ ពួកគេបាននិយាយថា ការឆ្លើយតបនៅមជ្ឈិមបូព៌ា អ៊ុយក្រែន និងស៊ូដង់ នឹងមានហានិភ័យបន្ថែមលើការខាតបង់ប្រាក់រាប់រយលានដុល្លារ ដោយសារកម្មវិធីលុបបំបាត់ជំងឺស្វិតដៃជើង និងមេរោគអេដស៍ជាដើម។ សហរដ្ឋអាមេរិកក៏គ្របដណ្តប់ចំនួន៩៥% លើកិច្ចការពារជំងឺរបេងរបស់អង្គការសុខភាពពិភពលោកនៅអឺរ៉ុប និងជាង ៦០% នៅក្នុងទ្វីបអាហ្រ្វិក ប៉ាស៊ីហ្វិកខាងលិច និងនៅទីស្នាក់ការកណ្តាលរបស់ទីភ្នាក់ងារនៅទីក្រុងហ្សឺណែវដែរ។ នៅក្នុងកិច្ចប្រជុំឯកជនដាច់ដោយឡែកមួយស្តីពីផលប៉ះពាល់នៃការចាកចេញរបស់សហរដ្ឋអាមេរិកកាលពីថ្ងៃពុធ នាយកហិរញ្ញវត្ថុរបស់ WHO លោក George Kyriacou បាននិយាយថា ប្រសិនបើទីភ្នាក់ងារដៃគូចំណាយក្នុងអត្រាដូចបច្ចុប្បន្នរបស់ខ្លួននោះ WHO នឹងជួបបញ្ហាច្រើននៅក្នុងស្ថានភាពដ៏ពិបាកដែលវាមកដល់នាពេលឆាប់ៗចំពោះលំហូរសាច់ប្រាក់” នៅចុងត្រីមាសទីមួយ ឬទីពីរនៃឆ្នាំ ២០២៦ខាងមុខ។ លោកបានបន្ថែមថា អត្រានៃការចំណាយបច្ចុប្បន្នគឺជា “អ្វីមួយដែលយើងនឹងមិនអាចធ្វើវាបានទេ” ។ ចាប់តាំងពីពេលដែលបទបញ្ជាប្រតិបត្តិរបស់លោក Trump ចេញហើយនោះ អង្គការសុខភាពពិភពលោកបានព្យាយាមដកប្រាក់ពីសហរដ្ឋអាមេរិកសម្រាប់ការចំណាយកន្លងមក ប៉ុន្តែភាគច្រើនគឺ “មិនត្រូវបានទទួលយកដូចគ្នាទេ” ។ លោកបានបន្ថែមថា សហរដ្ឋអាមេរិកក៏មិនទាន់បានទូទាត់ ចំណែករួមដែលជំពាក់ WHO នៅឆ្នាំ២០២៤ នៅឡើយទេ ដែលនេះក៏ជាមូលហេតុជំរុញឱ្យទីភ្នាក់ងារនេះធ្លាក់ក្នុងឱនភាពផងដែរ ក្នុងចំណោមវិបត្តិសុខភាពផ្សេងទៀតរបស់ WHO ដែលបច្ចុប្បន្នកំពុងធ្វើការងារដម្រាប់បញ្ឈប់ករណីផ្ទុះឡើងនៃមេរោគ Marburg នៅក្នុងប្រទេសតង់ហ្សានី ជំងឺ Ebola នៅអ៊ូហ្គង់ដា និង Monkey pox នៅក្នុងប្រទេសកុងហ្គោ។ នៅចំពោះមុខនាយកប្រតិបត្ត WHO លោកTedros Adhanom Ghebreyesus បានច្រានចោលហេតុផលដែលបញ្ជាក់ ឡើងចំនួន៣របស់លោក Trump សម្រាប់ការចាកចេញពីទីភ្នាក់ងារនៅក្នុងបទបញ្ជា ប្រតិបត្តិដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២០ខែមករា ចាប់តាំងពីថ្ងៃដំបូងដែលលោក Trump ត្រឡប់ចូលកាន់តំណែងវិញ។ ដោយ ក្នុងនោះប្រធានាធិបតីបានចោទប្រកាន់ថា WHO បានធ្វើខុសចំពោះជំងឺរាតត្បាត COVID-19 ដែលបានចាប់ផ្តើមនៅក្នុងប្រទេសចិន ហើយមិនបានអនុម័តកំណែទម្រង់ដែលត្រូវការចាំបាច់ !

ហើយ លោក Tedros បាននិយាយថា WHO បានជូនដំណឹងដល់ពិភពលោកក្នុងខែមករាឆ្នាំ២០២០ អំពីគ្រោះថ្នាក់ដែលអាចកើតមានពីមេរោគនេះ ហើយ WHO ក៏បានធ្វើកំណែទម្រង់រាប់សិបដែរ ចាប់តាំងពីថ្ងៃដំបូងនិងរួបរួមគ្នា។ លោកបានប្រាប់អ្នកចូលរួមកិច្ចប្រជុំទៀតថាយើង ត្រូវតែរួមគ្នាប្រឹងប្រែងដើម្បីពង្រីកមូលដ្ឋានម្ចាស់ជំនួយរបស់ខ្លួន “ការនាំយកជំនួយសាច់ប្រាក់សហរដ្ឋអាមេរិកមកវិញ គឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់សុខភាពសកល” ។ ខ្ញុំគិតថាអ្នកទាំងអស់គ្នាអាចដើរតួនាទីទាំងនោះបាន ខណៈដែលមន្ត្រីមកពីប្រទេសនានា រួមទាំងបង់ក្លាដែស និងបារាំងដោយបានចោទសួរថាតើ ផែនការជាក់លាក់ណាមួយទៅដែល WHO ត្រូវដោះស្រាយជាមួយនឹងការបាត់បង់មូលនិធិរបស់សហរដ្ឋអាមេរិក ហើយពួកគេក៏បានឆ្ងល់ទៀតថាតើកម្មវិធីសុខភាពមួយណាទៅដែលនឹងត្រូវកាត់ចេញធ្វើឲ្យប៉ះពាល់ខ្លាំងនោះ។ មកដល់ពេលនេះ WHO បានបដិសេធមិនធ្វើអត្ថាធិប្បាយលើបញ្ហាដែលចោទថាតើលោក Tedros បានស្នើឱ្យប្រទេសឯកជនភាពណាមួយធ្វើការបញ្ចុះបញ្ចូលក្នុងនាមទីភ្នាក់ងារនេះឬអត់ទេ។ ប៉ុន្តែអ្នកជំនាញមួយចំនួនបាននិយាយថា ការចាកចេញរបស់សហរដ្ឋអាមេរិកគឺជាវិបត្តិដ៏ធំមួយមែន ប៉ុន្តែវាក៏អាចជាឱកាសល្អមួយដើម្បីកែទម្រង់សុខភាពសាធារណៈជាសកលឡើងវិញផងដែរ៕ 

 

សម្រួលអត្ថបទ៖ សុផារិន្ទ