ទីបញ្ជាការកណ្តាលស៊ីម៉ាក់ភ្នំពេញ ប្រារព្ឋពិធីខួបអនុស្សាវរីយ៍លើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥

ឯកឧត្តម ហេង រតនា ប្រតិភូ រាជរដ្ឋាភិបាល ទទួល បន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាបានថ្លែងថានេះគឺជាព្រឹត្តការណ៍សាកលដើម្បីរំលឹកពីការតស៊ូទាមទារសិទ្ធិ សេរីភាព និងឆ្លុះបញ្ចាំងអំពីវឌ្ឍនភាព សមិទ្ធផល បញ្ហាប្រឈម កាលានុវត្តភាពនានា និងបង្ហាញពីការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់សមភាពយេនឌ័រនិងបង្កើនភាពអង់អាចដល់ស្រ្តីនិងក្មេងស្រីគ្រប់រូប។

ឯកឧត្តម ហេង រតនា មានប្រសាសន៍ថា អង្គភាពស៊ីម៉ាក់ ពិតជាមានមោទនភាពចំពោះបងប្អូនមន្រ្តីបុគ្គលិកជាស្រ្តី ជា ពិសេសអ្នកជំនាញផ្នែកប្រតិបត្តិការបោសសម្អាតមីននៅតាមទីវាលដែលមានសេចកី្តអង់អាចក្លាហាននិងមានស្មារតីគោរពស្រឡាញ់ការងារ មានវិន័យខ្ពស់ដែលធ្វើឱយកិច្ចប្រតិបតិ្តការទទួលបានជោគជ័យ។ និងបានរួម ចំណែកយ៉ាងសកម្មក្នុងបុព្វហេតុបោសសម្អាតគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដើម្បីផ្តល់នូវសេចកី្តសុខសុវតិ្ថភាពជូនជាតិ និងប្រជាជនយើង ព្រមទាំងចូលរួមចំណែកគាំទ្រដល់ការអភិវឌ្ឍមាតុភូមិកម្ពុជាឡើងវិញ។

ក្នុងឱកាសនោះដែរលោកជំទាវ ហេង សោភ័ណ អនុប្រធានក្រុមការងារយេនឌ័រស៊ីម៉ាក់ក្រៅពីបានថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំមជ្ឈមណ្ឌលសកម្ម ភាពកំចាត់មីនកម្ពុជា ដែលតែងតែបានយកចិត្តទុកដាក់លើកកំពស់សមភាពយេនឌ័រ ក៏ដូចជាបានបង្កើតនិងបង្កើនឲ្យមានឱកាសនិងការចូលរួមរបស់បុគ្គលិកស្រ្តីជារៀងរាល់ឆ្នាំ នោះលោកជំទាវបានសំណូមពរ ដល់បងប្អូនស្រ្តី ៖

ទី១ សូមឲ្យមានការជឿជាក់លើខ្លួនឯងក្នុងការចូលរួមក្នុងសកម្មភាពអភិវឌ្ឍន៏សង្គមដើម្បីលើកកំពស់សមភាពក្នុងសង្គម ។
ទី២ ស្រ្តីខ្លួនឯង ត្រូវខិតខំបង្កើនសមត្ថភាព កំរិតយល់ដឹង ដើម្បីគោរពអនុវត្តនូវគោលការនីតិរដ្ឋនិង ច្បាប់ផ្សេងៗ ចូលរួមទប់ស្កាត់កាត់បន្ថយនូវគ្រោះ ថ្នាក់ អំពើហឹង្សាមាក់ងាយក្នុងគ្រួសារ,ក្រុមការងារ ភាពក្រីក្រ ,បង្កើនចំណូលសេដ្ឋកិច្ច គ្រួសារ … ជាពិសេសដោយសារមីននិងយុទ្ធភណ្ឌ័មិនទាន់ផ្ទុះ។
ទី៣ ចូលរួមបង្កើនការហ្វឹកហ្វឺនបន្ថែមលើចំណេះដឹងទូទៅ ទាំងភាសានិងជំនាញបច្ចេកទេសផ្សេងៗ ដើម្បីពង្រឹងសមត្ថភាពឲ្យស្របទៅតាមតំរូវការនៃតួនាទីនិងមុខងាររបស់ស៊ីម៉ាក់ ក៏ ដូចជាសង្គមបច្ចុប្បន្ន ដែលអាចនាំឲ្យបាននូវការកើនឡើងនូវប្រាក់ ចំណូលប្រាក់បៀវត្សផងដែរ ។
និងទី៤ត្រូវប្រកាន់យកនូវលក្ខណ:សម្បត្តិថ្លៃថ្នូរ ឲ្យសមជាស្រ្តីដែលមានឥទ្ធិពលល្អ របស់ស្រ្តីនៅក្នុងសង្គមខ្មែរនិងគ្រួសារ ជាអ្នកនាំសារដ៏មានប្រសិទ្ធិភាពនៅក្នុងសហគមន៍ឲ្យជៀសផុតពីគ្រឿងញៀន ជម្ងឺអេដស៍ ជាអ្នកណែនាំ ពិភាក្សាផ្តល់យោបល់ ដើម្បីឲ្យមានការផ្លាស់ប្តូរឥរិយាបទ ដ៏គ្រោះថ្នាក់ទាំងឡាយ .។ ហើយត្រូវធ្វើជាបងស្រីជាម្តាយ ប្រកបដោយក្តីមេត្តាករុណា ទទួល ខុសត្រូវណែនាំ ផ្គត់ផ្គង់ និងបញ្ជូនប្អូននុងកូនស្រីៗ ឲ្បបានរៀនសូត្រដល់កំរិតសិក្សាខ្ពស់ដូចប្អូននិងកូនប្រុសៗដែរ ។ជាដៃគូ ដ៏សកម្មនិងទន់ភ្លន់ ក្នុងការដឹកនាំណែនាំអប់រំ ពិភាក្សាផ្តល់យោបល់ឲ្យមានការផ្លាស់ប្តូរឥរិយាបទ ចូលរួមក្នុងការសំរេចចិត្ត ដែលមិនអាចអត់បាននៅក្នុងសង្គម គ្រួសារនិមួយៗ ដូចជាការរៀបចំផែនការអនាគតគ្រួសារនិងកូនចៅ ការប្រកបមុខរបររកប្រាក់ចំណូល ។ល។
លោកជំទាវក៏បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំស៊ីម៉ាក់ ដែលតែងតែបានខិតខំប្រឹងប្រែងស្វះស្វែងគិតគូរ រិះរក មិនខ្លាចហត់នឿយ ពុះពារគ្រប់បញ្ហាលំបាកៗជាច្រើនដែលមិនត្រឹមតែក្នុងកិច្ចការប្រតិបត្តិការ បោសសម្អាតមីន/យុទ្ធភ័ណ្ឌ មិនទាន់ផ្ទុះ ដោយបញ្ចូលសមាសភាពនារីទៅក្នុងគម្រោងនានា ពោលគឺថែមទាំងបាននិងកំពុងគិតគូ ដល់កិច្ចការសេវាសុខមាលភាព ព្រមទាំងការបង្កើនជំនាញបច្ចេកទេស និងចំណូលសេដ្ឋកិច្ចដល់គ្រួសាររបស់បុគ្គលិកទៀតផង។

សូមជម្រាបថា បើតាមរបាយការណ៍ស្ថិតិសម្រាប់ឆ្នាំ២០២៥នេះក្នុងចំណោមមន្រ្តីបុគ្គលិកស៊ីម៉ាក់ទាំងអស់ មានបុគ្គលិកជាស្រ្តីចំនួន២០ភាគរយ ហើយក្នុងនោះបុគ្គលិកជាស្រ្តីមានចំនួនប្រហែល៧០ភាគរយ ជាបុគ្គលិកបម្រើការនៅទីវាល។