ទីក្រុងបាងកករបស់ថៃកំពុងស្ថិតក្នុងស្ថានភាពអាកាសធាតុត្រជាក់ខ្លាំងខុសពីធម្មតានិងអូសបន្លាយរហូតដល់ពាក់កណ្តាលខែកុម្ភៈ 

ទីក្រុងបាងកកពេលនេះត្រូវគេសង្កេតឃើញថាមានអ្នកធ្វើដំណើរជាច្រើននាក់បានពាក់អាវរងារ ទាំងខ្លួនញ័រញាក់ជាមួយនឹងអាវរោមចៀម រុំក្រមា និងអាវក្រាស់ៗជាច្រើនកន្លែងដោយសារតែទីក្រុងដ៏ល្បីរបស់ថៃមួយនេះកំពុងឆ្លងកាត់នូវអាកាសធាតុត្រជាក់ខុសពីធម្មតា ខុសពីរាល់ឆ្នាំ ស្របពេលដែលអ្នកព្យាករណ៍អាកាសធាតុបាននិយាយថាវាអាចអូសបន្លាយរហូតដល់ពាក់កណ្តាលខែកុម្ភៈឯណោះ។ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ សីតុណ្ហភាពនៅបាងកកបានធ្លាក់ចុះទាបរហូតដល់១៥អង្សាសេ។ ចំណែកជនបរទេសចំណូលស្រុកវិញដែលមានឈ្មោះថា Thomas Singenberger បាននិយាយថា “វាពិតជាល្អណាស់សម្រាប់អាកាសធាតុត្រជាក់បែបនេះគឺវាល្អមែនទែន ដូច្នេះវាជារឿងល្អបំផុតអាចធ្វើឲ្យយើងងើបពីព្រលឹមហាត់ប្រាណ ដោយដើរ និងរត់បាន និងអាចឲ្យខ្លួនប្រាណយើងទទួលបានសីតុណ្ហភាពល្អចន្លោះពី១៩ទៅ២០អង្សាសេគឺជារឿងល្អណាស់” ។ ខ្ញុំមកនៅទីនេះយូរមកហើយខ្ញុំគិតថាវាសីតុណ្ហភាពពី១៥ ឬ ១៧ អង្សាសេប៉ុន្មានថ្ងៃនេះគឺខុសធម្មតាមែន ប៉ុន្តែវាពិតជាអស្ចារ្យណាស់សម្រាប់ការរស់នៅរបស់យើង។ ទន្ទឹមនឹងនេះដែរនាយកដ្ឋានឧតុនិយមថៃបាននិយាយថា ភាពត្រជាក់ទំនងជានឹងអូសបន្លាយរហូតដល់ពាក់កណ្តាលខែកុម្ភៈឆ្នាំ២០២៥ឯណោះ ជាពិសេសនៅភាគខាងជើង និងភាគឦសាននៃប្រទេសថៃ ហើយរដូវក្តៅឆ្នាំនេះនឹងមិនសូវក្តៅដូចឆ្នាំមុនៗឡើយ។ អ្នកលក់អាវរងារ អាវរោមសត្វ អាវចាក់ក្តីពិតជាសប្បាយចិត្តនិងលក់ដាច់ជាងរាល់ឆ្នាំ ដោយសារស្ថានភាពត្រជាក់យូរជាងមុន។ ចំណែកម្ចាស់អាហារដ្ឋានម្នាក់នៅទីក្រុងបាងកកដែលមានឈ្មោះថា Ekkarak Kamtan បាននិយាយថា គាត់មិនដែលខ្វល់ពីអាកាសធាតុនោះទេ ព្រោះគាត់មិនដែលស្គាល់ថាតើអ្វីទៅជាអាកាសធាតុត្រជាក់ពីមុនមក។ តែសម្រាប់គាត់អាកាសធាតុក្តៅគឺល្អជាង» ព្រោះគាត់ចាញ់ត្រជាក់។ ខែមករាគឺជាខែដ៏ត្រជាក់បំផុតមួយក្នុងប្រទេសថៃ ប៉ុន្តែពេលនេះវាត្រជាក់ខ្លាំងនិងមានរយៈពេលយូរជាងសព្វមួយដង។ អ្វីដែលនាំឲ្យសីតុណ្ហភាពបច្ចុប្បន្នធ្លាក់ចុះមកនៅក្រោមមធ្យមនិងត្រជាក់ខ្លាំងបែបនេះ គឺដោយសារតែទទួលរងឥទ្ធិពលត្រជាក់ពីប្រទេសចិន។ បាតុភូតអាកាសធាតុ La Nina ក៏កំពុងឆ្លងកាត់ប្រទេសនេះផងដែរ។ អាកាសធាតុឡើងចុះគឺមិនទៀងទាត់នោះទេ ប៉ុន្តែអាកាសធាតុត្រជាក់ខុសពីធម្មតាបានកើតឡើងរួចហើយនៅក្នុងផ្នែកដ៏សំខាន់ក្នុងតំបន់ប៉ាស៊ីហ្វិកកណ្តាលអេក្វាទ័រ ដែលបានផ្លាស់ប្តូរគំរូអាកាសធាតកាន់តែប្រែប្រួលនៅជុំវិញពិភពលោក៕ 

សម្រួលអត្ថបទ៖​ សុផារិន្ទ