ទណ្ឌិតប៉ាគីស្ថានជាង១០០នាក់រត់គេចខ្លួនអំឡុងពេលគ្រោះរញ្ជួយដីកម្រិតស្រាល! ពេលនេះប្រធានពន្ធនាគារអំពាវនាវឲ្យត្រឡប់មកវិញ ដោយស្មគ្រ័ចិត្តនោះពួកគេនឹងត្រូវកាត់បន្ថយពេលវេលាជាប់ឃុំ

ក្រុមមន្ត្រីបាននិយាយថាទណ្ឌិតជាង១០០នាក់បានរត់គេចខ្លួនពីពន្ធនាគារ ហើយយ៉ាងហោចណាស់ម្នាក់បានស្លាប់នៅក្នុងហេតុការណ៍ បាញ់ប្រហារគ្នាមួយនៅក្នុងទីក្រុង Karachi ភាគខាងត្បូងប្រទេសប៉ាគីស្ថានពេញមួយយប់ បន្ទាប់ពីពួកគេត្រូវបានផ្លាស់ប្តូរចេញពីបន្ទប់ជាបណ្តោះអាសន្ន ដោយសារមានគ្រោះរញ្ជួយដីកម្រិតស្រាល។
លោក Kashif Abbasi ជាមន្ត្រីប៉ូលិសជាន់ខ្ពស់បាននិយាយថាទណ្ឌិតចំនួន២១៦នាក់បានព្យាយាមរត់គេចខ្លួនចេញពីពន្ធនាគារនៅក្នុងរដ្ឋធានីនៃខេត្ត Sindh មុនពេលថ្ងៃរះ។ ក្នុងនោះ៧៨នាក់ត្រូវគេចាប់យកមកវិញ ដោយលោកបាននិយាយថា គ្មាននរណាម្នាក់ដែលត្រូវបានគេបន្ថែមទោស ឬប្រឈមនឹងការកាត់ទោសអ្វីឡើយ ខណៈដែលសកម្មជនម្នាក់ស្ថិតក្នុងចំណោមអ្នកដែលរត់គេចខ្លួនទាំងនោះដែរ។ លោក Abbasi បាននិយាយថា អ្នកទោសម្នាក់ស្លាប់ដោយសារតែភាពចលាចលប្រយុទ្ធគ្នាជាមួយមន្រ្តីឆ្មាំពន្ធនាគារ និងមន្ត្រីសន្តិសុខ៣នាក់បានរងរបួសនៅក្នុងហេតុការណ៍បាញ់ប្រហារគ្នាជាបន្តបន្ទាប់ ប៉ុន្តែស្ថានការណ៍នោះត្រូវបានគ្រប់គ្រងមកវិញ ដោយលោក Abbasi បាននិយាយថាប៉ូលីសកំពុងធ្វើការវាយឆ្មក់ដើម្បីចាប់ខ្លួនអ្នករត់គេចខ្លួនដែលនៅសេសសល់ដែរ។ លោក Ziaul Hassan មន្ត្រីក្រសួងមហាផ្ទៃក្នុងខេត្ត Sindh បាននិយាយថាពួកគេបានជាប់ឃុំនិងបានផ្លាស់ប្តូរចេញបន្ទប់របស់ពួកគេបន្ទាប់ពីទណ្ឌិតខ្លះត្រូវគេជម្លៀសចេញពីគ្រោះរញ្ជួយដីកម្រិតស្រាលភ្លាមដើម្បីការពារសុវត្ថិភាពរបស់ពួកគេ។ ចំណែកទណ្ឌិតដែលនៅខាងក្រៅបន្ទប់វីញ បានធ្វើសកម្មភាពចាប់យកអាវុធពីឆ្មាំពន្ធនាគារ និងវាយប្រហារលើពួកគេ ដោយបើកការបាញ់ប្រហារហើយរត់គេចខ្លួនបាត់តែម្តង។ ប្រធានពន្ធនាគារ Malir លោក Arshad Shah បាននិយាយថាទណ្ឌិតខ្លះបានភៀសខ្លួនទៅកាន់តំបន់លំនៅដ្ឋានក្បែរខាងនោះ។ បើតាមអ្នកស្រុកបានឲ្យដឹងថាក្រោយពីប៉ូលិសបានប្រើប្រាស់ឧបករណ៍បំពងសំឡេងរបស់វិហារឥស្លាមដ៏ពេញនិយមដើម្បីជូនដំណឹងដល់ពួកគេដែលបានហែកពន្ធនាគាររត់ចេញ និងស្វែងរកជំនួយចាប់ខ្លួនពួកគេត្រលប់មកវិញដែរ។ អភិបាលរដ្ឋ Sindh លោក Murad Ali Shah បានស្នើឱ្យប្រធានពន្ធនាគារអំពាវនាវឲ្យពួកគេត្រឡប់មកវិញដោយសន្តិវិធី ដោយដោះដូរជាមួយនឹងពេលវេលាកាត់បន្ថយទោសដែលពួកគេមានឲ្យមកនៅខ្លីបំផុត ប្រសិនបើពួកគេស្ម័គ្រចិត្តត្រឡប់មកវិញប៉ុន្តែបើពួកគេមិនព្រមត្រឡប់មកវិញទេនោះ ពួកគេអាចប្រឈមនឹងការចោទប្រកាន់ស្តីពីអំពើភេរវកម្ម ឬ បទចោទប្រកាន់ Jailbreak។ ទោះបីជាមានអ្នកទោសខ្លះបានរត់គេចខ្លួនពេលកំពុងត្រូវបានបញ្ជូនទៅកាន់តុលាការសម្រាប់កាត់ទោសក៏ដោយ ប៉ុន្តែការបំបែក ឬ ហែកពន្ធនាគារមិនមែនជារឿងធម្មតាទេនៅក្នុងប្រទេសប៉ាគីស្ថាន ដែលអាជ្ញាធរបានពង្រឹងសន្តិសុខចាប់តាំងពីឆ្នាំ២០១៣មក នៅពេលដែលពួកតាលីបង់ប៉ាគីស្ថានបានដោះលែងទណ្ឌិតជាង២០០នាក់ កាលពីអំឡុងស្ថានភាពវាយប្រហារនៅភាគពាយ័ព្យក្នុងស្រុក Dera Ismail Khan ។ ម្សិលមិញនេះទីក្រុងការ៉ាជីរបស់ប៉ាគីស្ថានបានជួបប្រទះគ្រោះរញ្ជួយដីកម្រិតស្រាលគឺចាប់ពី២.៦ ដល់ ៣.៤ ក្នុងរ៉ិចទ័រនេះបើយោងតាមមជ្ឈមណ្ឌលតាមដានគ្រោះរញ្ជួយដីថ្នាក់ជាតិ ដែលជាហេតុធ្វើឲ្យអាជ្ញាធរគិតគូរផ្លាស់ប្តូរទណ្ឌិត៕
សម្រួលអត្ថបទ៖ សុផារិន្ទ