ថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងព័ត៌មាន ប្រារព្ធពិធីអបអរសាទរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ “សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រីនិងក្មេងស្រីគ្រប់រូប”

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្ត្រា ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងព័ត៌មាន រួមជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ ទីប្រឹក្សាប្រមាណជិត ៦០០រូប បានប្រារព្ធរៀបចំពិធីអបអរសាទរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ “សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រីនិងក្មេងស្រីគ្រប់រូប” នៅរសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៥ នាទីស្តីការក្រសួងព័ត៌មាន។
ទិវាអន្តរជាតិនារី៨មីនា ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដើម្បីអបអរសាទរ និងរម្លឹកពីវីរភាពនៃការតស៊ូរបស់នារីទូទាំងសកលលោក ក្នុងការទាមទារឱ្យមានការលើកកម្ពស់សិទ្ធិសេរីភាព ប្រជាធិបតេយ្យ និងការអនុវត្តសិទ្ធិ ស្មើភាពរវាងបុរស និងស្ត្រី នៅក្នុងសង្គម។ ប្រធានបទសកលស្តីពី «សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រីនិងក្មេងស្រីគ្រប់រូប» សម្រាប់ជាប្រធានបទក្នុងយុទ្ធនាការអបអរសាទរ ទិវាអន្តរជាតិនារី៨មីនា ខួបទី១១៤ ដែលប្រធានបទនេះ ពិតជាមានសារៈសំខាន់ និងស្របតាមស្ថានភាពវិវត្តន៍របស់ពិភពលោក និងព្រះរាជាណាចក្រកម្ពុជា។
ប្រធានបទនេះ ក៏មានគោលបំណងគូសបញ្ជាក់អំពីសារៈសំខាន់នៃការទទួលបាននិងអនុវត្តសិទ្ធិការលើក កម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្ត្រីនិងក្មេងស្រីគ្រប់រូបនៅកម្ពុជា និងបានផ្តោតសំខាន់ក្នុងការ ធ្វើការរួមគ្នា ប្រកបដោយសហថាមពលទាញយកអត្ថប្រយោជន៍ពីភាគលាភយេនឌ័រ តាមរយៈអភិក្រមជវភាពនៃ ប្រព័ន្ធតួអង្គតែមួយ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចនិងលើកកម្ពស់សុខុមាលភាពសង្គម ព្រមទាំងចូលរួមអបអរសាទរ ខួប៣០ឆ្នាំ នៃសេចក្តីថ្លែងការណ៍ទីក្រុងប៉េកាំង និងយុទ្ធនាការនានារបស់អង្គការសហប្រជាជាតិដែលពាក់ព័ន្ធទៅនឹង ការលើកកម្ពស់ភាពយេនឌ័រ និងការបង្កើនភាពអង់អាច ចំពោះស្ត្រីនិងក្មេងស្រី ៕