ថវិកាប្រមាណជាង២០លានរៀល ប្រមូលបានពីការប្រកួតកីឡាវាយសី សប្បុរសធម៌ ដើម្បីក្តីស្រម៉ៃ និងក្តីសង្ឃឹមរបស់កុមារកម្ពុជា

ការប្រកូតកីឡាវាយសីសប្បុរសធម៌ ដើម្បីក្តីស្រម៉ៃ និងក្តីសង្ឃឹមរបស់កុមារកម្ពុជា គឺបានចូលរួមក្នុងការលើកម្ពស់សុខភាព ពង្រឹងមិត្តភាព សាមគ្គីភាពក្នុងវិស័យកីឡា និងជាពិសេសរួមគ្នាគាំទ្រ ដល់សង្គមតាមរយៈមូលនិធិសប្បុរសធម៌ ដើម្បីជួយដល់កុមារដែលមានតម្រូវការពិសេស (អូទីស្សឹម) នៅសាលារៀនទន្សាយ និងជួយទៅកាន់មន្ទីរពទ្យគន្ធបុប្ផា ក្រោមការគាំទ្រដោយក្រុមហ៊ុន មេនូឡាយហ្វ៍ (Manulife) ក្នុងគោលបំណងជួយគាំទ្រដល់ក្ដីស្រមៃ និងក្ដីសង្ឃឹមរបស់កុមារកម្ពុជា។
គួរជម្រាបថា ដើម្បីអាចចុះឈ្មោះ ចូលរួមធ្វើការប្រកួតកីឡាវាយសីនេះ ដោយក្នុងមួយក្រុមមាន សមាជិក ២រូប ត្រូវចំណាយថវិកា ៣០ដុល្លារ ហើយថវិកាទាំងនោះ នឹងធ្វើការបរិច្ចាគទៅកាន់មូលនិធិសប្បុរសធម៌ដើម្បីជួយដល់សាលារៀនទន្សាយ និងមន្ទីរពទ្យគន្ធបុប្ផា។
ការប្រកួតកីឡាវាយសី សប្បុរសធម៌ ដើម្បីក្តីស្រម៉ៃ និងក្តីសង្ឃឹមរបស់កុមារកម្ពុជា ធ្វើឡើងកាលពីថ្ងៃទី ១៥មិថុនា ២០២៥ នៅតារាងវាយសី Chroy Changvar ក្នុងនោះ ក្លឹបវាយសីរបស់ដឹហ្លាស់ ចំនូន២គូរ ទទួលបានពានរង្វាន់លេខ១ និងលេខ៣ ចំណោមការចម្រុះកីឡាករចំនួន ៧៨គូរ និងចំនួន ៧ជុំ ក្នុងការប្រកួតកីឡាវាយសី សប្បុរសធម៌ ដើម្បីក្តីស្រម៉ៃ និង ក្តីសង្ឃឹមរបស់កុមារកម្ពុជា។
គួរបញ្ជាក់ថា ការប្រកួតកីឡាវាយសីសប្បុរសធម៌នេះត្រូវបានរៀបចំឡើង ដោយហាងលក់សម្ភារៈកីឡាវាយសី PLAY Badminton ក្រោមការឧបត្ថម្ភគាំទ្រពី ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត មេនូឡាយហ្វ៍ ខេមបូឌា និងការ ចូលរួមសហការពី តារាងវាយសី Chroy Changvar ក្រុមហ៊ុន Victor Daizu ខេមបូឌា សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ AUPP និងប្រព័ន្ធផ្សព្វផ្សាយ Brand Bodia ដើម្បីរួមគ្នាគាំទ្រដល់ក្ដីស្រមៃ និងក្ដីសង្ឃឹមរបស់កុមារកម្ពុជា៕