តំណាងកុងស៊ុលនៃប្រទេសស៊ីប នាំយកថវិកា និងសំភារៈសិក្សាមួយចំនួន ផ្តល់ជូនសាលាដូងភ្នំគិរីរម្យ

តំណាងកុងស៊ុលនៃប្រទេសស៊ីប នាំយកថវិកា និងសំភារៈសិក្សាមួយចំនួន ផ្តល់ជូនសាលាដូងភ្នំគិរីរម្យ

អគ្គកុងស៊ុលកិត្តិយសនៃប្រទេសស៊ីប ដឹកនាំគណៈប្រតិភូ រួមមាន ប្រទេសស៊ុយអែត និងប្រទេសមិចស៊ីកូ នាំយកនូវថវិកា និងសំភារៈសិក្សាមួយចំនួន ផ្តល់ជូនគណៈគ្រប់គ្រងសាលាដូង ស្ថិតនៅឧទ្យានជាតិភ្នំគិរីរម្យ ក្នុងគោលដៅរួមគ្នាសម្រាប់ការអប់រំ រួមចំណែកចម្រុះជាំតិសាសន៍ កាលពីចុងសប្តាហ៍កន្លងទៅ។

លោក អ៊ុក ឧត្តម អ្នកគ្រប់គ្រងសាលាដូង មានប្រសាសន៍ថា សាលាដូង មានទស្សនៈវិស័យអប់រំបណ្តុះបណ្តាលធនមនុស្សដល់កុមារ ដែលមកពីគ្រួសារមានភាពខ្វះខាត ក្នុងមូលដ្ឋាននេះ និងចូលរួមចំណែក ក្នុងការថែរក្សាបរិស្ថាន ដែលជាសម្បត្តិរួមដ៏មានតំលៃ សម្រាប់មនុស្សជាតិ នាពេលនេះ និងទៅអនាគត។ បច្ចុប្បន្ននេះ សាលាដូង មានសិស្សានុសិស្សជាង ១៥០នាក់ បាននិងកំពុង ទទួលបានការបណ្តុះបណ្តាល ថ្នាក់បឋមសិក្សាពីថ្នាក់ទី១ ដល់ទី៦ ហើយលើសពីនេះ ក៏មានបន្ថែមនូវការសិក្សាថ្នាក់កុំព្យូទ័រ និងភាសាអង់គ្លេសផងដែរ។

ឯកឧត្តម សាឡា អេសា អគ្គកុងស៊ុលកិត្តិយស នៃប្រទេសហ្សាយប្រឺស មានប្រសាសន៍សម្តែងនូវការកោតសរសើរចំពោះ ចក្ខុវិស័យប្រកបដោយភាពច្នៃប្រឌិត របស់សាលា និងការយកចិត្តទុកដាក់ក្នុងការជំរុញចិត្តយុវជន តាមរយៈនិរន្តរភាពមួយនេះ និងមូលដ្ឋានគ្រឹះ សម្រាប់វិធីសាស្រ្តដ៏ពិសេស របស់ខ្លួនក្នុងការប្រែក្លាយកាកសំណល់ ទៅជាឱកាសអប់រំ បានបំផុសគំនិតមនុស្សជំនាន់ក្រោយ ឱ្យគិតទៅមុខប្រកបដោយភាពច្នៃប្រឌិត និងការអភិរក្សបរិស្ថាន និងការរៀនសូត្រ។ លើសពីនេះទៅទៀត ឥទ្ធិពលវិជ្ជមាន នៃកិច្ចខិតខំប្រឹងប្រែងរួមជាមួយគ្នា រវាងបេសកកម្មការទូត និងសាលាដូង បានបង្ហាញពីរបៀបកិច្ចសហប្រតិបត្តិការអន្តរជាតិ ដែលអាចលើកស្ទួយសហគមន៍ក្នុងស្រុក និងរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រកបដោយចីរភាព។

ឯកឧត្តម បន្តថា មូលនិធិសាលាដូងគឺជាសញ្ញា នៃក្តីសង្ឃឹម នឹងជាគំរូដ៏ល្អឥតខ្ចោះ ហើយនេះគឺជាគំរូនឹងឧទាហរណ៌យ៉ាងល្អ ក្នុងការលើកស្ទួយសហគមន៍ក្នុងស្រុក ដែលកាន់តែបង្ហាញពីថាមពល នៃការសហការគ្នាពីប្រជាជន ទៅប្រជាជន ដើម្បីបង្កើតអនាគតដ៏ភ្លឺស្វាង។ ចំពោះសំភារះសិក្សា អង្ករ និងថវិកា ៣លានរៀលនេះ គឺបានមកពីការចូលរួម របស់សប្បបុរសជននៅប្រទេសអូទ្រីស, ស៊ីប, ហ្វាំងឡង់, អ៊ីតាលី, ម៉ិចស៊ីកូ, ន័រវែស, ប៉ូឡូញ និងស៊ុយអែដែត ក្នងការចូលរួមចំណែកជូន នៅមូលនិធិសម្រាប់សាលាដូង (Coconut School Foundation) ហើយនេះជាកាចូលរួមច្រើនជាតិសាសន៍ រួមគ្នា បង្ហាញពីការប្តេជ្ញាចិត្ត ក្នុងការចែករំលែកនៅការអប់រំ ក្នុងសុខសន្តិភាព និងការអភិវឌ្ឍតាមសហគមន៍។