តើស្ត្រីទី១របស់បារាំងពិតជាបានទះកំផ្លៀងលោកប្រធានាធិបតីពិតមែនទេ? ដោយលោក Macron បញ្ជាក់ថាសូមប្រុងប្រយ័ត្ន ព័ត៌មានមិនពិតក្នុងយុគសម័យប្រព័ន្ធផ្សព្វផ្សាយសង្គម

ពួកយើងគ្រាន់តែប្រលែងគ្នាលេង ដែលពាក្យនេះគឺជាការពន្យល់របស់ប្រធានាធិបតីបារាំងលោក Emmanuel Macron កាលពីល្ងាចថ្ងៃច័ន្ទនេះសម្រាប់រូបភាពវីដេអូមួយដែលបែកធ្លាយសកម្មភាពភរិយារបស់លោកគឺលោកស្រី Brigitte Macron ដោយបានរុញស្វាមីចេញដោយគ្រវាសដៃទាំងពីរនៅលើមុខរបស់លោកមុនពេលពួកគេចុះពីលើយន្តហោះដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចនៅអាស៊ីអាគ្នេយ៍ចុងសប្តាហ៍នេះ។ ពេលនោះវាបានក្លាយជារូបភាពទាក់ទាញចំណាប់អារម្មណ៍យ៉ាងឆាប់រហ័សពីអ្នកលេងបណ្តាញសង្គមនៅប្រទេសបារាំង និង ពិភពលោក ដោយប្រព័ន្ធផ្សព្វផ្សាយជាច្រើនបានព្យាយាមបកស្រាយសកម្មភាពអន្តរកម្មដែលកាមេរ៉ាចាប់បានតាមទ្វារយន្តហោះដែលទើបតែបើកភ្លាមៗ។ ចំណងជើងនៃរឿងមួយនេះបានស្ថិតនៅគម្របមុខគេហទំព័ររបស់កាសែត Le Parisien ប្រចាំថ្ងៃដោយដាក់ជាសំណួរថា “តើភរិយាលោកប្រធានាធិបតីទះកំផ្លៀងលោកពិតមែន ឬ ក៏យ៉ាងណា?។ រូបភាពរបស់លោក Emmanuel និងស្ត្រីទី១បារាំង Brigitte Macron ដែលចុះចេញពីយន្តហោះនៅវៀតណាមបាន បង្កឱ្យមានមតិរិះគន់និងវែកញែកជាច្រើនរាប់មិនអស់។ ក្រោយមក លោក Macron បានប្រាប់អ្នកសារព័ត៌មានថាគូស្នេហ៍មួយគូនេះ របស់លោកបានរៀបការតាំងពីឆ្នាំ២០០៧ មកបន្ទាប់ពីយើងជួបគ្នានៅវិទ្យាល័យ ដែលលោកគឺជាសិស្ស ហើយប្រពន្ធលោកគឺជាគ្រូបង្រៀនលោក -ដូច្នេះគ្រាន់តែនិយាយគ្នាបែបលេងសើចប៉ុណ្ណោះគ្មានការទះកំផ្លៀងលើរូបលោកនោះទេ។ លោកបាននិយាយទៀតថា “យើងបានប្រកែកគ្នាលេង ហើយខ្ញុំក៏ញ៉ោះប្រពន្ធខ្ញុំលេងទៅ” ប៉ុន្តែរឿងអចេតនានេះវាបានផ្ទុះការវែកញែកគ្នាទៅវិញ។ បច្ចុប្បន្នលោក Macron មានអាយុ៤៧ឆ្នាំ ចំណែកលោកស្រី Brigitte មានអាយុ៧២ឆ្នាំ បើយើងមើលពីក្នុងវីដេអូដែលថតដោយសារព័ត៌មាន AP គឺនៅពេលដែល លោក Macrons មកដល់ទីក្រុងហាណូយ ប្រទេសវៀតណាមកាលពីថ្ងៃអាទិត្យ គេឃើញបុរសស្លៀកពាក់ឯកសណ្ឋានខ្មៅម្នាក់បានបើកទ្វារយន្តហោះ ហើយគេឃើញលោកប្រធានាធិបតីឈរនៅខាងក្នុងស្លៀកពាក់ឈុតធំ និងនិយាយទៅកាន់នរណាម្នាក់ដែលមើលមិនឃើញពេញនោះទេ ប៉ុន្តែដៃនោះគឺជាដៃអាវពណ៌ក្រហមរបស់លោកស្រី Brigitte Macron រុញទៅលើមុខលោក Macron ចេញត្រង់ថ្គាមរបស់លោកតែម្តង។ បន្ទាប់មកមេដឹកនាំបារាំងរូបនេះបានងាកមុខចេញមកវិញ ដោយលោកដឹងច្បាស់ថាលោកកំពុងស្ថិតក្នុងកញ្ចក់កាមេរ៉ា បន្តមកលោកបានបញ្ចេញស្នាមញញឹមតិចៗឡើងមកដែរ។ នៅក្នុងរូបភាពបន្ទាប់លោក Macron និងប្រពន្ធរបស់លោកដែលពាក់អាវពណ៌ក្រហមបានបង្ហាញខ្លួនចុះមកជណ្តើរ ដោយគេសង្កេតឃើញលោកបានព្យាយាមផ្តល់ដៃឲ្យប្រពន្ធលោកតោងចុះ ប៉ុន្តែមើលទៅលោកស្រីគឺមិនខ្វល់និងកាន់ដៃលោកទេ។ ពួកគេដើរចុះតាមជណ្ដើរកំរាលព្រំក្បែរគ្នា។ មកដល់ពេលនេះមេដឹកនាំបារាំងនៅតែប្រកែកថា រូបភាពនិងប្រតិកម្មចំពោះពួកគេផ្តល់នូវរឿងដ៏គួរប្រុងប្រយ័ត្នអំពីព័ត៌មានមិនពិតនៅក្នុងយុគសម័យប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយលោកកត់សម្គាល់ថាក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ វីដេអូផ្សេងទៀតក៏ត្រូវបានគេប្រើប្រាស់ដើម្បីផ្សព្វផ្សាយរឿងរ៉ាវដែលបង្កើតឡើងលើរូបលោកដែរ៕

 

សម្រួលអត្ថបទ៖ សុផារិន្ទ