តើមានរឿងអ្វីទៅ? មហាសេដ្ឋី Elon Musk ប្រកាសចាកចេញពី តំណែងជាទីប្រឹក្សាជាន់ខ្ពស់របស់ប្រធានាធិបតីអាម៉េរិក Donald Trump

Elon Musk បានលាលែងពីតួនាទីក្នុងរដ្ឋាភិបាលរបស់ខ្លួនហើយ ពីក្នុងតំណែងជាទីប្រឹក្សាជាន់ខ្ពស់របស់ប្រធានាធិបតី Donald Trump និងបន្ទាប់ពីបានដឹកនាំកិច្ចខិតខំប្រឹងប្រែងក្នុងការកាត់បន្ថយ និងកែសម្រួលឡើងវិញនូវការិយាធិបតេយ្យសហព័ន្ធនៅអាម៉េរិក។ មហាសេដ្ឋីរូបនេះបានបង្ហោះអំពីការសម្រេចចិត្តរបស់លោកកាលពីថ្ងៃពុធ(ម៉ោងនៅអាម៉េរិក) តាមគេហទំព័រនៃបណ្តាញសង្គមផ្ទាល់ខ្លួន X របស់លោកថា៖ ពេលវេលារបស់ខ្ញុំក្នុងនាមជាបុគ្គលិករដ្ឋាភិបាលពិសេសបានដល់ទីបញ្ចប់ហើយ ខ្ញុំសូមថ្លែងអំណរគុណចំពោះប្រធានាធិបតី DonaldTrump ដែលបានផ្ដល់ឱកាសឲ្យខ្ញុំបានបញ្ជេញយោបល់ជាច្រើនដើម្បីកាត់បន្ថយការចំណាយដែលខ្ជះខ្ជាយកន្លងមកដែរ។ គួរបញ្ជាក់ថាការចាកចេញរបស់ Elon Musk ពីតំណែងជាទីប្រឹក្សាជាន់ខ្ពស់របស់ប្រធានាធិបតីអាម៉េរិកនេះបានឡើងមួយថ្ងៃបន្ទាប់ពីលោកបានរងនូវការរិះគន់ចំពោះគម្រោងច្បាប់មួយដែលជាចំណុចសំខាន់នៃគោលនយោបាយនៃរបៀបវារៈលើនីតិប្បញ្ញត្តិរបស់លោក Donald Trump និងបានបង្ហាញការខកចិត្តចំពោះគោលនយោបាយនោះផងដែរ៕
សម្រួលអត្ថបទ៖ ឡុង បញ្ញា