ដើម្បីលើកទឹកចិត្តក្នុងឱកាសចូលឆ្នាំខ្មែរខាងមុខ លោកជំទាវបណ្ឌិត កុយ ពិសី បានចុះសួរសុខទុក្ខស្ត្រីនៅមណ្ឌលអប់រំកែប្រែទី២ (ម២)
នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៦ តាមការនិមន្តរបស់លោកជំទាវបណ្ឌិត កុយ ពិសី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មការសមភាពស្រ្តី និងកីឡា អមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា
សម្ដេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេងយៀត ព្រះអនុប្រធានលេខាធិការដ្ឋានគណៈសង្ឃ នាយក គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តឧណ្ណាលោម បាននិមន្តសម្តែងធម៌ទេសនាអប់រំផ្លូវចិត្ត ដាស់ស្មារតី និងជួយតម្រង់ទិស ដល់ស្ត្រីនៅមណ្ឌលអប់រំកែប្រែទី២ ក្នុងឳកាសអបអរសាទរចូលឆ្នាំថ្មីប្រពៃណីជាតិដែលនឹងចូលមកដល់នាពេលខាងមុខ។
លោកជំទាវបណ្ឌិត កុយ ពិសី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការសមភាពស្ត្រី និងកីឡា អមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានមានប្រសាន៍ថា លោកជំទាវមិនបានរើសអើង មិនបានស្អប់ខ្ពើម និងមិនប្រកាន់នូវកំហុសឆ្គងកន្លងមកដែលស្រ្តីជាប់ឃុំបានប្រព្រឹត្តនោះទេ ប៉ុន្តែទៅថ្ងៃមុខ លោកជំទាវបណ្ឌិតចង់ឃើញ មីងៗបងប្អូននិងក្មួយៗចេញពីមណ្ឌលកែប្រែនេះទៅ ចេះកែខ្លួន ក្លាយជាពលរដ្ឋល្អ និងបើអាចសូមជួយដល់សង្គមជាតិយើងផង។ ការជួយជាតិមិនចាំបាច់ទាល់តែយើងមានលុយនោះទេ យើងគ្រាន់តែកុំបំពានគេ កុំយករបស់គេ ចេះគោរពច្បាប់ គោរពគ្នាទៅវិញទៅមក បោសសំអាតផ្ទះដែលយើងរស់នៅឲ្យស្អាត ដាំដើមឈើ ដើមផ្កានៅមុខផ្ទះ កុំចោលសម្រាមផ្តេសផ្តាស់នោះ ក៏ចាត់ទុកថាបានជួយដល់ជាតិហើយ។
ជាមួយគ្នានោះ បងប្អូននិងក្មួយៗមួយចំនួននៅក្នុងមណ្ឌលអប់រំកែប្រែបានឡើងថ្លែងអំណរគុណដល់លោកជំទាវបណ្ឌិត និងក្រុមការងារ និងមណ្ឌលកែប្រែដែលបានដាស់តឿន មិនរើសអើង និងជួយពួកគាត់ឲ្យផ្លាស់ប្តូរពីក្មេងទំនើងមិនស្តាប់បង្គាប់ មកដឹងខុសត្រូវនៅក្នុងមណ្ឌលនេះ ហើយបានសន្យាថា នឹងធ្វើជាពលរដ្ឋល្អ មិនសាងកំហុសឆ្គងដូចមុនទៀតឡើយ។
មុននឹងបញ្ចប់លោកជំទាវបណ្ឌិត និងក្រុមការងារព្រមទាំងលោកជំទាវ ជាភ្ញៀវកិត្តិយស បានចែកជូននូវសម្ភារកីឡា ចំណីអាហារ ភេសជ្ជ: សម្លៀកបំពាក់និងប្រដាប់លេងសម្រាប់កុមារក្រោមអាយុ៣ឆ្នាំ មានសៀវភៅប៊ិចខ្មៅដៃ សម្ភារសម្រាប់ស្រ្តីមានផ្ទៃពោះ និងថវិកាមួយចំនួនដល់ពួកគាត់ និងមណ្ឌលអប់រំកែប្រែ ថវិកា ២ ០០០ ០០០រៀល ទឹកក្រូចវីកូឡា ៧០ កេះ និងទឹកសុទ្ឋ វី អាកធីវ ៧០ កេះផងដែរ។
ក្នុងកម្មវិធីនេះដែរ ក៍បាន
នាំលេងល្បែងកីឡាប្រជាប្រិយ ដណ្តើមស្លឹកឈើ ទាញព្រ័ត្រ និងរាំលេងកម្សាន្តជាលក្ខណៈគ្រួសារ ដោយគ្មានការរើសអើង ដែលបង្ហាញពីការយកចិត្តទុកដាក់ លើកទឹកចិត្តដល់ស្រ្តីជាប់ឃុំឱ្យមានកម្លាំងចិត្ត មិនអស់សង្ឃឹម ខិតខំហាត់ពត់លត់ដំខ្លួន លេងកីឡា ហាត់ប្រាណឲ្យបានជាប្រចាំ ដើម្បីមានកាយ
សម្បទារឹងមាំ មានសុខភាពល្អ និងកែប្រែនូវទង្វើខុសឆ្គងរបស់ខ្លួនកន្លងមក ខិតខំកសាងខ្លួនឱ្យទៅជាពលរដ្ឋល្អសម្រាប់ខ្លួនឯង គ្រួសារ និងសង្គមជាតិ។



