ឆ្នេរម៉ាហ្វីយ៉ារីស៊ត ទទួលបានជ័យលាភី ឡាប៊ែលឆ្នេរខ្សាច់កម្សាន្តស្អាតកម្រិត ល្អណាស់

កាលពីថ្ងៃពុធ ទី២២ ខែមករា ឆ្នាំ២០២៥ នៅក្នុងពិធីប្រកាសជ័យលាភីចំណាត់ថ្នាក់ដល់ «ឆ្នេរ និងព្រែកជ័យលាភីសម្រាប់ការប្រឡងប្រណាំងឆ្នេរខ្សាច់កម្សាន្តលើកទី៥ និងព្រែកកម្សាន្តលើកទី២ ឆ្នាំ២០២៤» ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ឆ្នេរម៉ាហ្វីយ៉ារីស៊ត (𝐌𝐚𝐟𝐢𝐲𝐚 𝐑𝐞𝐬𝐨𝐫 Beach) ទទួលបានជ័យលាភី «ឡាប៊ែលឆ្នេរខ្សាច់កម្សាន្តស្អាត» ចំណាត់ថ្នាក់កម្រិត «ល្អណាស់»។

រីហ្សត ម៉ាហ្វីយ៉ា ត្រូវបានគេស្គាល់ថាជារីហ្សតដ៏ប្រណិតមួយរបស់អ្នកឧកញ៉ា ទៀ វិចិត្រ ដែលស្ថិតនៅតាមបណ្តោយឆ្នេរឋានសួគ៌ដ៏ស្រស់ស្អាតក្នុងទឹកដីកោះរ៉ុងនៃខេត្តព្រះសីហនុ។ រីហ្សតនេះមានទាំងសេវាកម្មស្នាក់នៅ សេវាកម្មម្ហូបអាហារនិងភេសជ្ជៈ និងសេវាកម្មអូប័រល្បឿនលឿនទៅមកក្រុងព្រះសីហនុ។ ក្រៅពីឆ្នេរសមុទ្រដ៏ស្រស់ស្អាតដែលមានការថែទាំជាប្រចាំដោយក្រុមការងារសម្អាតឆ្នេររបស់រីហ្សត ភ្ញៀវទេសចរក៏អាចរីករាយនឹងសកម្មភាពទេសចរណ៍មួយចំនួន ដូចជា ការជិះកាយ៉ាកតាមដងព្រែក ការមុជទឹកមើលផ្កាថ្ម ការជិះទូកស្ទូចត្រី ការជិះកង់តាមមាត់ឆ្នេរ ហើយភ្ញៀវក៏អាចធ្វើដំណើរតាមផ្លូវគោកតភ្ជាប់ពីឆ្នេរម៉ាហ្វីយ៉ារីហ្សតទៅកាន់ឆ្នេរ និងភូមិផ្សេងៗទៀតនៅលើកោះរ៉ុងនេះផងដែរ។

បើតាមប្រសាសន៍របស់ អ្នកឧកញ៉ា ការទទួលបាននូវជ័យលាភី«ឡាប៊ែលឆ្នេរខ្សាច់កម្សាន្តស្អាត» ចំណាត់ថ្នាក់កម្រិត «ល្អណាស់»នេះ យើងនឹងអាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកបន្ថែមទៀត មិនថាដើម្បីមកកម្សាន្តនៅរីហ្សតម៉ាហ្វីយ៉ាតែប៉ុណ្ណោះទេ ប៉ុន្តែក៏ដើម្បីមកកម្សាន្តនៅកោះរ៉ុងទាំងមូលផងដែរ។

គួរបញ្ជាក់ផងដែរថា ការផ្តល់ជ័យលាភីចំណាត់ថ្នាក់ដល់ «ឆ្នេរ និងព្រែកកម្សាន្ត» គឺបានធ្វើឡើងដោយមានការឆ្លងកាត់នូវការប្រឡងប្រណាំងថ្នាក់ជាតិ និងឆ្លងកាត់ការដាក់ពិន្ទុទៅតាមលក្ខណៈវិនិច្ឆ័យរបស់គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ដោយមាន ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធាន៕