ចំនួនមនុស្សស្លាប់នៅ GAZA កើនលើស៥៤ពាន់នាក់! ខណៈប្រតិបត្តិការយោធាអ៊ីស្រាអែលបានធ្វើឲ្យមនុស្ស១៨ម៉ឺននាក់ ផ្លាស់ទីលំនៅត្រឹមរយៈពេល១០ថ្ងៃ

ក្រសួងសុខាភិបាលប្រចាំតំបន់ GAZA បានប្រកាសនៅថ្ងៃអង្គារនេះថា៖ ស្ថិតិមនុស្សស្លាប់ជាជនជាតិប៉ាឡេស្ទីននៅក្នុងតំបន់នេះបានកើនលើសពី ៥៤,០០០នាក់ហើយ បើគិតចាប់ពីហេតុការណ៍ផ្ទុះជម្លោះដាក់គ្នារវាងក្រុមហាម៉ាស់និងអ៊ីស្រាអែល។  ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ មានជនប៉ាឡេស្ទីនចំនួន៧៩នាក់ត្រូវបានសម្លាប់ និង១៦៣នាក់ផ្សេងទៀតរងរបួសក្នុងការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់នានាក្នុងទឹកដី GAZA។ ក្រសួងសុខាភិបាលបាននិយាយក្នុងសេចក្ដីថ្លែងការណ៍ថែមទៀតថា៖ ស្ថិតិទាំងនេះមិនរាប់បញ្ចូលចំនួនមនុស្សនៅតាមមន្ទីរពេទ្យនានាក្នុងខេត្តភាគខាងជើង GAZA នោះទេដោយសារតែមានការលំបាកដើម្បីចូលទៅកាន់ទីតាំងនោះ។ គួរបញ្ជាក់ថាចាប់តាំងពីអ៊ីស្រាអែលបានបន្តយុទ្ធនាការយោធារបស់ខ្លួនពីថ្ងៃទី ១៨ ខែមីនា មានជនប៉ាឡេស្ទីនចំនួន ៣,៩០១ នាក់ត្រូវបានសម្លាប់ និង ១១,០៨៨ នាក់ផ្សេងទៀតរងរបួស ហើយបើគិតចំនួនមនុស្សស្លាប់នៅក្នុង GAZA វិញចាប់តាំងពីការចាប់ផ្ដើមសង្គ្រាមក្នុងខែតុលា ឆ្នាំ ២០២៣ មកគឺសរុបប្រមាណជា ៥៤,០៥៦នាក់និងអ្នករងរបួសសរុប ១២៣,១២៩នាក់។ តំបន់ GAZA កំពុងរងនូវវិបត្តិយ៉ាងធ្ងន់ធ្ងរដោយស្ថានភាពសន្តិសុខចុះខ្សោយ ជំនួយមនុស្សធម៍ត្រូវបានរឹតបន្តឹងរួមជាមួយប្រតិបត្តិការយោធាជាបន្តបន្ទាប់ ដែលធ្វើឲ្យការជួយសង្គ្រោះជួយដល់ប្រជាជនដែលរងផលប៉ះពាល់កាន់តែពិបាកជាងមុន។ យោងតាមអង្គការទេសន្តរប្រវេសន៍អន្តរជាតិ(IOM)បានឲ្យដឹងថាការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ GAZA បានបណ្តាលឲ្យប្រជាជនប្រហែល១៨ម៉ឺននាក់ត្រូវបង្ខំចិត្តឲ្យផ្លាស់ទីលំនៅក្នុងរយៈពេលតែ១០ថ្ងៃប៉ុណ្ណោះ៕

សម្រួលអត្ថបទ៖ ឡុង បញ្ញា