ចំនួនមនុស្សស្លាប់កើនឡើងដល់២០០នាក់នៅប្រទេសនីហ្សេរីយ៉ាដោយសារទឹកជំនន់ធ្ងន់ធ្ងរ ខណៈកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះត្រូវបានបញ្ឈប់ដែរ

មន្ត្រីក្នុងតំបន់បាននិយាយថា ចំនួនមនុស្សស្លាប់ដោយសារទឹកជំនន់ដ៏បំផ្លិចបំផ្លាញនៅក្នុងទីប្រជុំជនផ្សារក្នុងរដ្ឋនីហ្សេរីយ៉ាភាគខាងជើងភាគកណ្តាលនៃប្រទេសនីហ្សេរីយ៉ាបានកើនឡើងដល់២០០នាក់កាលពីថ្ងៃអាទិត្យនេះ។ ភ្លៀងធ្លាក់ខ្លាំងនាព្រឹកព្រលឹមថ្ងៃព្រហស្បត្តិ៍សប្តាហ៍មុនបានបញ្ចេញនូវទឹកជំនន់ដ៏សាហាវនៅលើតំបន់ Mokwa ចំងាយជិត៣៨០គីឡូម៉ែត្រនាភាគខាងលិចនៃទីក្រុង Abuja និងជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងដឹកជញ្ជូនដ៏សំខាន់ដែលកសិករនីហ្សេរីយ៉ាភាគខាងជើងប្រកបរបរលក់សណ្តែក ខ្ទឹមបារាំង និងអាហារផ្សេងទៀតដើម្បីទ្រទ្រង់ដល់វិស័យពាណិជ្ជករមកពីភាគខាងត្បូង។ នាង Fatima Kontagora អាយុ២២ឆ្នាំជាម្តាយដែលមានកូន៦នាក់បានបាត់បង់កូនចំនួន៤នាក់និងសមាជិកគ្រួសារ១២នាក់បន្ថែមរបស់នាងដោយសារទឹកជំនន់ដ៏ខ្លាំង។ នាងបាននិយាយថា វាជាការឈឺចាប់មួយសម្រាប់ខ្ញុំ ខ្ញុំយំរហូតដល់ខ្សោះខ្លួនទៅហើយ វាពិតជារឿងគួររន្ធត់ណាស់សម្រាប់ខ្ញុំ។ កាលពីថ្ងៃសៅរ៍កន្លងទៅអ្នកនាំពាក្យនៃសេវាសង្គ្រោះបន្ទាន់របស់រដ្ឋនីហ្សេគឺ លោក Ibrahim Audu Husseini បាននិយាយថាមនុស្ស១១នាក់បន្ថែមទៀតបានរងរបួស ហើយមនុស្សជាង ៣.០០០ នាក់ត្រូវបានផ្លាស់ទីលំនៅ។ មនុស្ស៥០០គ្រួសារនៅទូទាំងសហគមន៍ចំនួន៣ត្រូវបានរងផលប៉ះពាល់ដោយសារទឹកជំនន់ភ្លាមៗ និងកម្លាំងខ្លាំងដែលបានជន់មកយ៉ាងរហ័សក្នុងរយៈពេលប្រហែល៥ម៉ោង ដែលសឹងតែមិនអាចមើលដំបូលផ្ទះទៅហើយ ហើយអ្នកស្រុកដែលនៅរស់រានមានជីវិត គឺត្រូវរស់នៅជាមួយនឹងទឹកជំនន់ត្រឹមចង្កេះ ដោយពួកគេព្យាយាមជួយសង្គ្រោះអ្វីដែលពួកគេអាចធ្វើបាន និងជួយសង្គ្រោះអ្នកដទៃ។ លោក Husseini បានបន្ថែមថាផ្លូវចំនួន២ត្រូវបានទឹកនាំទៅឆ្ងាយ ហើយស្ពានចំនួន២ក៏បានដួលរលំដែរ។ ទឹកជំនន់គឺជារឿងធម្មតាទៅហើយនៅដូវវស្សាក្នុងប្រទេសនីហ្សេរីយ៉ា។ សហគមន៍នៅភាគខាងជើងប្រទេសនីហ្សេរីយ៉ា បានជួបប្រទះនឹងគ្រោះរាំងស្ងួតយ៉ាងអូសបន្លាយកាន់តែអាក្រក់ទៅៗ ដោយសារការប្រែប្រួលអាកាសធាតុ និងភ្លៀងធ្លាក់ច្រើនហួសហេតុ ដែលនាំឱ្យមានទឹកជំនន់ធ្ងន់ធ្ងរក្នុងរដូវវស្សារយៈពេលខ្លី។ ប៉ុន្តែទឹកជំនន់នេះបានសម្លាប់មនុស្សជាពិសេសនៅតំបន់ Mokwa ដែលជាតំបន់កសិកម្មក្បែរច្រាំងទន្លេនីហ្សេ ។ កាលពីខែកញ្ញាឆ្នាំមុន ភ្លៀងធ្លាក់ខ្លាំង និងបាក់ទំនប់នៅភាគឦសាននៃទីក្រុង Maiduguri និងបានបង្កឲ្យមានទឹកជំនន់យ៉ាងធ្ងន់ធ្ងរ ដែលបានបណ្ដាលឱ្យមនុស្ស៣០នាក់ស្លាប់ និងរាប់លាននាក់ផ្លាស់ទីលំនៅ ដែលស្ថានភាពនេះវាកាន់តែអាក្រក់ទៅៗ បង្ករជាវិបត្តិមនុស្សធម៌ដែលបង្កឡើងដោយក្រុមឧទ្ទាម Boko Haram ផងដែរ៕
សម្រួលអត្ថបទ៖ សុផារិន្ទ