ចម្ការទុរេនចំនួន ១២២កន្លែង ត្រូវបានអនុញ្ញាតឱ្យនាំចេញផ្លែទុរេនស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិនជាផ្លូវការ

ភ្នំពេញ ៖ កម្ពុជា បានទទួលការអនុញ្ញាតជាផ្លូវការពីអគ្គរដ្ឋបាលគយចិន (GACC) ដើម្បីចាប់ផ្តើមធ្វើការនាំចេញផ្លែទុរេនស្រស់ ដោយផ្ទាល់ទៅកាន់ទីផ្សារប្រទេសចិន ស្របតាមពិធីសារដែលបានចុះហត្ថលេខាកាលពីខែមេសា។ សេចក្តីសម្រេចនេះធ្វើឡើងបន្ទាប់ពី GACC បានវាយតម្លៃ និងយល់ព្រមលើសំណើចុះបញ្ជីចម្ការទុរេន ចំនួន ១១២កន្លែង និងរោងចក្រវេចខ្ចប់ចំនួន ៣០កន្លែង ដែលបានបំពេញតាមគោលការណ៍កសិកម្មល្អ (GAP) លក្ខខណ្ឌភូតគាមអនាម័យ និងស្តង់ដាសុវត្ថិភាពចំណីអាហាររបស់ប្រទេសចិន។
ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងបន្ថែមថា ទីផ្សារចិន គឺជាទីផ្សារដ៏ធំសម្រាប់ការនាំចេញផលិតផលកសិកម្មពីកម្ពុជា ហើយអ្វីដែលយើងអាចទទួលបានរហូតមកដល់ពេលនេះ គឺការអនុញ្ញាតឱ្យមានការនាំចេញនូវផ្លែទុរេនស្រស់ជាផ្លូវការទៅកាន់ទីផ្សារប្រទេសចិនផ្ទាល់។ ការអនុញ្ញាតឱ្យនាំចេញទុរេនស្រស់នេះ ដោយសារតែដំណាំនេះគឺជា ដំណាំដែលមានតម្លៃបន្ថែមខ្ពស់ ហើយជាដំណាំដែលមានសក្ដានុពលខ្ពស់ផងដែរ។
លោកបានអះអាងថា កម្ពុជាក៏កំពុងរំពឹងទុកថា ទីផ្សារនេះនិងបានជួយពង្រីកនូវការធ្វើផលិតកម្មទុរេននៅកម្ពុជាបន្ថែមទៀត បន្ថែមពីនេះកម្ពុជាក៏មានការរំពឹងទុកខ្ពស់ពាក់ព័ន្ធនិងកសិផលដទៃទៀតដែលកំពុងរងចាំនូវការអនុញ្ញាតជាផ្លូវការពីសំណាកគយចិនផងដែរ។
អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា សមិទ្ធផលទាំងអស់នេះកើតចេញពីការខិតខំប្រឹងប្រែងរបស់ក្រសួងកសិកម្មក្នុងការចរចា រហូតដល់សម្រេចបាននូវការរៀបចំចុះពិធីសារពាក់ព័ន្ធនិងអនាម័យ និងភូតគាមអនាម័យដែលជាការបើកផ្លូវដ៏សំខាន់សម្រាប់ការនាំចេញកសិផលពីកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិនដោយផ្ទាល់ផងដែរ។
ជាមួយគ្នានេះ លោក ហេង ឆេងលី ប្រធានសហគមន៍ទុរេនបែកអន្លូង ប្រាប់ថា អគ្គនាយកដ្ឋាន កសិកម្មនៃក្រសួងកសិកម្មជ្រើសរើសយកចម្ការចំនួន ១០ ខណៈសហគមន៍របស់លោកបានស្នើចុះបញ្ជីសម្រាប់ការបញ្ជាក់វិញ្ញាបនបត្រការអនុវត្តកសិកម្មល្អ(Cam-GAP)។ ចម្ការសហគមន៍របស់លោកប្រមាណជាង ៦០ បន្ថែមទៀត គ្រោងនឹងរៀបចំចុះបញ្ជី ដើម្បីថ្នាក់ជាតិចុះពិនិត្យកែតម្រូវ មុនពេលចិនមកត្រួតពិនិត្យ។ បើតាមលោក ឆេងលី ប្រសិនបើទុរេនកម្ពុជាមានឱកាសនាំចេញទៅទីផ្សារចិន កាន់តែល្អសម្រាប់ទុរេនយើងសម្រាប់កសិករគាត់មានជម្រើសច្រើន។
សូមបញ្ជាក់ថា មកដល់បច្ចុប្បន្ននេះ ផ្លែទុរេនស្រស់គឺជាកសិផលទី៩ របស់កម្ពុជា ដែលត្រូវបានអនុញ្ញាតឱ្យនាំចេញដោយផ្ទាល់ទៅកាន់ប្រទេសចិន បន្ទាប់ពីអង្ករ និងកញ្ចុងអង្ករ ចំណិតដំឡូងមីក្រៀម គ្រាប់ពោត ផ្លែចេក ផ្លែស្វាយ ផ្លែមៀន ម្រេច និងផ្លែដូង៕