គ្រោះថ្នាក់បុកគ្នាលើអាកាសធ្លាក់ចូលទឹកទន្លេរវាងយន្តហោះដឹកអ្នកដំណើរ និង ឧទ្ធម្ភាគចក្រយោធាអាម៉េរិក នៅ Washington មិនទាន់ដឹងច្បាស់អំពីចំនួនមនុស្សស្លាប់និងរបួសនៅឡើយទេ!

 

មានករណីគ្រោះថ្នាក់បុកគ្នាលើអាកាសដោយសារយន្តហោះដឹកអ្នកដំណើរមួយគ្រឿងប្រភេទ American Airlines លេខ 5342 បានបុកគ្នាជាមួយនឹងឧទ្ធម្ភាគចក្រយោធាអាម៉េរិកមួយគ្រឿងមានមនុស្ស៣នាក់ ខណៈដែលយន្តហោះដឹកអ្នកដំណើរនោះកំពុងចុះចតនៅអាកាសយានដ្ឋានជាតិ Ronald Reagan ស្ថិតនៅក្បែរទីក្រុងវ៉ាស៊ីនតោន ជាហេតុជម្រុញឲ្យមានប្រតិបត្តិការឆ្លើយតបភ្លាមៗដើម្បីស្វែងរក និងជួយសង្គ្រោះទ្រង់ទ្រាយធំនៅក្នុងទឹកទន្លេ Potomac ដែលនៅក្បែរអាកាសយានដ្ឋាននោះ។ មកដល់ពេលនេះបេកកម្មជួយសង្រ្គោះនៅមិនទាន់បញ្ចប់នៅឡើយទេ ហើយចំនួនមនុស្សស្លាប់ និងរបួសក៏មិនទាន់បញ្ជាក់ជាផ្លូវការអ្វីដែរ ប៉ុន្តែជើងហោះហើរ និងជើងត្រូវចុះចតទាំងអស់នៅអាកាសយានដ្ឋាននេះត្រូវគេប្រកាសបញ្ឈប់ និង ផ្អាកជាបន្ទាន់ ខណៈដែលឧទ្ធម្ភាគចក្រយោធាមកពីភ្នាក់ងារនានាទូទាំងតំបន់ក៏បានហោះឆ្វែលពីលើទីតាំងកើតហេតុ ដើម្បីស្វែងរកមនុស្សដែលនៅរស់រានមានជីវិត។ មិនតែប៉ុណ្ណោះក៏មានទូក-កាណូត ជួយសង្គ្រោះជាច្រើនត្រូវគេដាក់ពង្រាយពាសពេញផ្ទៃទន្លេ Potomac ដែរនៅក្នុងចំណុចក្បែរខាងអាកាសយានដ្ឋាន និងពង្រាយកម្លាំងសង្រ្គោះលើគោកតាមបណ្តោយផ្លូវ George Washington Parkway នាភាគខាងជើងអាកាសយានដ្ឋាន។ រដ្ឋបាលអាកាសចរណ៍សហព័ន្ធអាម៉េរិកបាននិយាយថា ហេតុការណ៍បុកគ្នានៅកណ្តាលអាកាសនេះបានកើតឡើងនៅម៉ោងប្រហែលជាម៉ោង៩យប់ (ម៉ោងនៅអាម៉េរិក) គឺនៅពេលដែលយន្តហោះដឹកអ្នកដំណើរក្នុងស្រុកនោះបានចាកចេញពីក្រុង Wichita រដ្ឋ Kansas ផ្ទុកមនុស្ស៦៤នាក់ ទាំងអ្នកបើកបរ បានបុកជាមួយនឹងឧទ្ធម្ភាគចក្រយោធា Black hawk នៅពេលពួកគេកំពុងហោះជិតដល់ផ្លូវរត់ក្នុងអាកាសយានដ្ឋានចុះចតដូចគ្នា នេះបើយោងតាមរូបភាពពីបណ្តាញផ្សព្វផ្សាយសង្គមក្រោយជួបគ្រោះថ្នាក់។ ក្រោយហេតុការណ៍កើតឡើងស្រាប់តែក្រុមហ៊ុនអាកាសចរណ៍ដឹកជញ្ជូនអ្នកដំណើរ American Airlines បាននិយាយថាខ្លួនបានដឹងអំពីរបាយការណ៍ពាក់ព័ន្ធនឹងឧបទ្ទវហេតុនេះ ហើយពួកគេអះអាងថានឹងផ្តល់ព័ត៌មានបន្ថែមនៅពេលដែលបេសកកម្មសង្រ្គោះរួចរាល់។ បើយើងតាមរូបភាពវីដេអូពីកាមេរ៉ាសង្កេតនៅមជ្ឈមណ្ឌល Kennedy Center ក្បែរខាងនោះវិញ បានបង្ហាញថាវាមានពន្លឺចំនួន២បានហោះជួបគ្នា រួចក៏ផ្ទុះចេញបែកជាដុំភ្លើងនិងធ្លាក់ចូលទឹកទន្លេតែម្តង។ ចំណែកក្រុមការងារអាកាសយានដ្ឋានវិញបាននិយាយថាបុគ្គលិកសង្គ្រោះបន្ទាន់របស់ពួកគេកំពុងឆ្លើយតបទៅនឹង “ឧប្បត្តិហេតុយន្តហោះនៅលើអាកាសយានដ្ឋាននេះយ៉ាងសស្រាក់សស្រាំដូចគ្នា” ។ ហើយឧបទ្ទវហេតុនេះក៏បានរំលឹកឡើងវិញនូវហេតុការណ៍ធ្លាក់យន្តហោះ Air Florida ចូលទៅក្នុងទន្លេ Potomac នេះដូចគ្នាកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ ១៩៨២ដែរ ដោយពេលមនុស្សវាបានសម្លាប់មនុស្សចំនួន៧៨នាក់ ប៉ុន្តែហេតុការណ៍ធ្លាក់កាលពីពេលនោះគឺបណ្តាលមកពីបញ្ហាអាកាសធាតុអាក្រក់៕

សម្រួលអត្ថបទ៖ សុផារិន្ទ