គ្រោះថ្នាក់ធ្លាក់និងផ្ទុះឆេះយន្តហោះម៉ាស៊ីនតែមួយ ផ្ទុកមនុស្ស៥នាក់នៅក្បែរអាកាសយានដ្ឋាន Pennsylvania ប៉ុន្តែសំណាងល្អគឺមិនបណ្តាលឲ្យមនុស្សណាម្នាក់ស្លាប់នោះទេ!

មន្ត្រី និងសាក្សីជាច្រើនបាននិយាយថា យន្តហោះបំពាក់ម៉ាស៊ីនតែមួយ ចំនួនមួយគ្រឿងដែលផ្ទុកមនុស្ស៥នាក់ បានធ្លាក់ចុះ និងផ្ទុះឆាបឆេះនៅឯកន្លែងចតរថយន្តរបស់សហគមន៍មន្រ្តីចូលនិវត្តន៍ ក្បែរអាកាសយានដ្ឋានតូចមួយ នាជាយក្រុង Pennsylvania ប៉ុន្តែជាសំណាងល្អអ្នកដំណើរនៅលើយន្តហោះទាំង៥បានរួចរស់ជីវិតពីគ្រោះដ៏អាក្រក់នេះ មិនគួរឲ្យជឿ។ ប្រធានប៉ូលីស Duane Fisher បានប្រាប់អ្នកយកព័ត៌មាននៅក្នុងសន្និសីទកាសែតបន្ទាប់ពីហេតុការណ៍នោះថា ឧប្បត្តិហេតុធ្លាក់ចុះនិងផ្ទុះឆាបឆេះដ៏សាហាវនេះបានកើតឡើងនៅវេលាម៉ោងប្រហែលជា៣រសៀល(ម៉ោងនៅសហរដ្ឋអាមេរិក) នាភាគខាងត្បូងនៃអាកាសយានដ្ឋាន Lancaster ក្នុងសង្កាត់ Manheim ។ ជនរងគ្រោះទាំង៥នាក់ត្រូវបានគេបញ្ជូនទៅសង្គ្រោះភ្លាមៗនៅមន្ទីរពេទ្យក្បែរនោះ ប៉ុន្តែប៉ុលីសមិនទាន់អាចបង្ហាញអត្តសញ្ញាណនៅឡើយទេ ។ ប្រធានប៉ូលីសបាននិយាយទៀតថា គ្រោះថ្នាក់នេះមិនបណ្តាលឲ្យមនុស្សណាម្នាក់នៅលើដីត្រូវរងរបួសនោះទេ។ ចំណែកលោក Brian Pipkin បានប្រាប់ពីហេតុការណ៍នោះថា មុនពេលវាមានបញ្ហា យន្តហោះនោះបានហោះឡើងហើយ ហើយវាស្រាប់តែងាកបត់ឆ្វេងភ្លាមៗដោយមិនបានបញ្ជាទុក បន្ទាប់មកវាក៏បានធ្លាក់ដាំក្បាលចុះមកខាងក្រោមតែម្តង។ ភ្លាមៗក៏មានបែកជាដុំភ្លើងដែរ ប៉ុន្តែលោក Pipkin បានទូរស័ព្ទទៅកាន់លេខ ៩១១! មួយរំពេចស្រាប់តែមានរថយន្តសង្រ្គោះមកដល់កន្លែងកើតហេតុ ដែលមានផ្សែងខ្មៅហុយចេញពីបំណែកយន្តហោះ និងខ្ទាតត្រូវរថយន្តជាច្រើនគ្រឿងទៀតឆាបឆេះតិចតួចដែរ។ លោកបាននិយាយថា បើយន្តហោះនេះមិនធ្លាក់ចុះនៅនេះទេ ច្បាស់ណាស់វាអាចជ្រុលទៅបុកអគារបីជាន់មួយកន្លែងទៀតនៅក្នុងសហគមន៍មន្រ្តីចូលនិវត្តន៍ចំងាយប្រហែលជា១២០គីឡូម៉ែត្រ ភាគខាងលិចទីក្រុង Philadelphia ថែមទៀតផង៕

សម្រួលអត្ថបទ៖ សុផារិន្ទ