គ្រោះថ្នាក់ក្រឡាប់រថយន្តក្រុងនៅលើដងផ្លូវតាមចង្កេះភ្នំប្រទេសម៉ិកស៊ិក បណ្តាលឱ្យមនុស្សស្លាប់១៨នាក់ស្លាប់ និងជាង២០នាក់រងរបួស

រដ្ឋបាលនៃរដ្ឋ Oaxaca បានរាយការណ៍ថា មនុស្សចំនួន១៨នាក់បានស្លាប់ និង២៤នាក់ទៀតបានរងរបួសដោយសារករណីរថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿងបានក្រឡាប់នៅដងលើផ្លូវភ្នំមួយកន្លែងនាភាគខាងត្បូងប្រទេសម៉ិកស៊ិក។ អាជ្ញាធរធ្លាប់បានរាយការណ៍ម្តងហើយថាករណីនេះគឺមានមនុស្សស្លាប់ត្រឹមតែ១១នាក់ និងរបួស១២នាក់ប៉ុណ្ណោះ ដោយក្នុងនោះ២នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ប៉ុន្តែនៅក្នុងរបាយការណ៍ដែលបានចេញផ្សាយ ក្រោយពេលផ្ទៀងផ្ទាត់តួរលេខជាក់ស្តែង គឺមានច្រើនជាង តួលេខនៃប្រភពទាំងពីរដែលលើកឡើង។ យោងតាមរដ្ឋបាលនៃរដ្ឋ Oaxaca បានឲ្យដឹងថាអ្នករបួស១៩នាក់ក្នុងចំណោមអ្នករបួស២៤នាក់គឺត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យផ្សេងៗគ្នានៅក្នុងតំបន់។ ចំណែកសមត្ថកិច្ចបានឲ្យដឹងទៀតថា មូលហេតុនៃគ្រោះថ្នាក់នេះ កំពុងស្ថិតក្រោមការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់បំផុត។ សម្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកវិញបានរាយការណ៍ថាជនរងគ្រោះភាគច្រើនបានត្រលប់មកពីការចូលរួមក្នុងព្រឹត្តិការណ៍ដ៏ធំមួយដែលបានធ្វើឡើងកាលពីថ្ងៃអាទិត្យកន្លងទៅដោយប្រធានាធិបតី Claudia Sheinbaum នៅទីក្រុងម៉ិកស៊ិកូដើម្បីអបអរសាទរការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកក្នុងការពន្យារពេលយកពន្ធលើទំនិញជាច្រើនរបស់ប្រទេសនេះដែរ៕

សម្រួលអត្ថបទ៖ សុផារិន្ទ