គ្រោះថ្នាក់ក្រឡាប់រថយន្តក្រុងដឹកអ្នកដំណើរធ្លាក់ចូលជ្រលងជ្រោះនៅប្រទេសស្រីលង្កា សម្លាប់មនុស្ស២១នាក់ និងរបួស៣៥នាក់

អ្នកនាំពាក្យប៉ូលិសបាននិយាយថា រថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿងបានរអិលធ្លាក់ពីលើច្រាំងថ្មភ្នំនៅក្នុងប្រទេសស្រីលង្កាកាលពីថ្ងៃអាទិត្យនេះ បានសម្លាប់មនុស្ស២១នាក់ និង៣៥នាក់ផ្សេងទៀតរងរបួស។ ប៉ូលិសបាននិយាយថាឧបទ្ទវហេតុនេះបានកើតឡើងនៅព្រឹកព្រលឹមថ្ងៃអាទិត្យម្សិលមិញនៅជិតទីប្រជុំជន Kotmale ចម្ងាយប្រហែល១៤០គីឡូម៉ែត្រ ភាគខាងកើតនៃទីក្រុង Colombo និងជាតំបន់ភ្នំមួយនៅកណ្តាលប្រទេសស្រីលង្កាដែរ។ លោក Prasanna Gunasena អនុរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនស្រីលង្កាបាននិយាយថាមនុស្ស ២១នាក់បានស្លាប់ និង៣៥នាក់ផ្សេងទៀតបានរបួសនឹងបានកំពុងព្យាបាលនៅក្នុងមន្ទីរពេទ្យ។ ទូរទស្សន៍ក្នុងស្រុកបានបង្ហាញថារថយន្តក្រុងបានក្រឡាប់ចុះទៅផ្នែកខាងក្រោមជ្រោះ ខណៈពេលដែលក្រុមជួយសង្រ្គោះ និងមនុស្សផ្សេងទៀតបានជួយយកអ្នករបួសចេញពីគំនរបាក់បែកដែរ។ អ្នកបើកបរបានរងរបួស ហើយក្នុងចំណោមមនុស្សទាំងនោះត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាល។ នៅពេលកើតហេតុមានមនុស្សជិត៥០នាក់បានធ្វើដំណើរតាមរថយន្តក្រុងមួយនេះ។ លោក Manathunga បាននិយាយថា ប៉ូលីសបានបើកការស៊ើបអង្កេតដើម្បីបញ្ជាក់ថាតើករណីនេះដោយសារអ្នកបើកបរមិនប្រុងប្រយ័ត្នខ្លួនឯង ឬជាកំហុសបច្ចេកទេសរបស់រថយន្តក្រុងដែលបណ្តាលឱ្យមានគ្រោះថ្នាក់ដ៏អាក្រក់សម្លាប់ពលរដ្ឋស្លូតត្រង់ភ្លាមៗបែបនេះ។ ប៉ូលិសបាននិយាយថា រថយន្តក្រុងជាកម្មសិទ្ធិរបស់ក្រុមហ៊ុនរថយន្តដែលគ្រប់គ្រងដោយរដ្ឋាភិបាលផ្ទាល់។ គ្រោះថ្នាក់រថយន្តក្រុងភាគច្រើនបណ្តាលឲ្យមានមនុស្សស្លាប់តែងតែកើតមានជាញឹកញាប់ក្នុងប្រទេសស្រីលង្កា ជាពិសេសនៅតាមតំបន់ភ្នំ ដែលជារឿយៗគឺដោយសារការបើកបរមិនប្រុងប្រយ័ត្នរបស់អ្នកបើកបរ និងតំហែរទាំរថយន្តមិនបានល្អតាមស្តង់ដា និងស្ថានភាពផ្លូវបើកបរតូចចង្អៀតពេកថែមទៀតផង៕

 

សម្រួលអត្ថបទ៖ សុផារិន្ទ