គ្រូបង្វឹកកីឡាយុទ្ធគុនចម្រុះ ៧០នាក់ ទទួលការបណ្តុះបណ្តាល ពង្រឹងបច្ចេកទេស ដើម្បីត្រៀម ការប្រកួត យុទ្ធគុនចម្រុះខ្មែរ បុរាណពានរង្វាន់ សម្តេចមហាបវរធិបតី លើកទី២

គ្រូបង្វឹកកីឡាយុទ្ធគុនចម្រុះ ប្រមាណ៧០នាក់ មកពីទូទាំងប្រទេស ទទួលបានការបណ្តុះបណ្តាបច្ចេក តាមរយៈសិក្ខាសាលា បច្ចេកទេស គ្រូបង្វឹកកីឡា យុទ្ធគុនចម្រុះ ដើម្បីត្រៀម ចូលរួម ក្នុងព្រឹត្តិការណ៍ ប្រកួតកីឡា យុទ្ធគុនចម្រុះ ខ្មែរបុរាណពានរង្វាន់ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត លើកទី២ ប្រចាំឆ្នាំ២០២៥ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៦ដល់ថ្ងៃទី១៩ ខែ តុលា ឆ្នាំ២០២៥ខាងមុខនេះ។

ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងបញ្ជាក់ថា សិក្ខាសាលានេះ ទទួលបានការអនុញ្ញាតិឱ្យ រៀបចំ ពីសម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាជាណាចក្រកម្ពុជា តាមរយៈកម្មាការចំពោះកិច្ច ដឹកនាំ ដោយ ឯកឧត្តម ថោង ខុន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា ក្នុងគោលបំណង បំប៉នបច្ចេកទេស ក្រមសិលធម៌ ដល់គ្រូបង្វឹកកីឡាយុទ្ធគុនចម្រុះ ដើម្បីពង្រឹងសមត្ថភាព និងគុណភាពរបស់យុទ្ធគុនខ្មែរ ដែលជាព្រលឹងជាតិរបស់ខ្មែរយើង។

ឯកឧត្តម វ៉ាត់ ចំរើន បានសង្កាត់ធ្ងន់ថា ចំពោះការយកចិត្តទុកដាក់ លើអនុសាសន៍ ដែលផ្តល់ជូនដោយសម្តេច មហាបវរធិបតីនេះ ក្រុមជំនាញកីឡា យុទ្ធគុនចម្រុះ ក្នុងសហព័ន្ធកីឡាគុនចម្រុះកម្ពុជា ទាំងអស់ និងខិតខំប្រឹងប្រែង ក្នុងការធ្វើការងារដោយការ ទទួលខុសត្រូវខ្ពស់ឱ្យចេញជាលទ្ធផល ជាក់ស្តែង។ ចឹងសិក្ខាសាលា នាពេលនេះ គឺជាអ្វីដែលពួកយើង បានផ្តោតលើការយកចិត្តទុកដាក់ឱ្យគ្រូបង្វឹកទាំងអស់ចេះទ្រឹះស្តីកីឡា ចេះរៀបចំផែនការហ្វឹកហាត់ឱ្យបានត្រឹមត្រូវ ជាពិសេស ផែនការហ្វឹកហាត់បច្ចេកទេស និងចេះពីរបៀបហ្វឹកហាត់កម្លាំងកាយរបស់កីឡាករកីឡាការិនីឱ្យមានភាពធន់រឹងមាំ ដើម្បីទទួលបានគុណភាពច្បាស់លាស់ក្នុងការប្រកួត ហើយ ត្រូវចេះបច្ចេកទេសពិសេស ដែលជាមូលដ្ឋានយុទ្ធគុនបានច្បាស់លាស់ ចេញពីគ្រូជំនាញរបស់សហព័ន្ធដូចជា លោក បណ្ឌិត សេង ប៊ុនសុងជាដើម។

ឯកឧត្តម រដ្ឋលេខាធិការ អះអាងថា បន្ទាប់ពីបញ្ចប់សិក្ខាសាលានេះ ទៅគ្រូបង្វឹកកីឡាយុទ្ធគុនចម្រុះរបស់យើងនិងទទួលបានចំណេះដឹងបានកាន់តែច្បាស់និងគុណភាពក្នុងការបង្ហាត់យុទ្ធគុនចម្រុះខ្មែរបុរាណ ព្រោះតាមរយៈសិក្ខាសាលានេះសិក្ខាកាមដែលជាគ្រូបង្វឹកបានហ្វឹកហាត់សិក្សាទាំងទ្រឹះស្តីនិងការអនវត្តផ្ទាល់ ដែលជាយុទ្ធគុនចម្រុះ បូករួមនិងក្បាច់បោកកាច់ក្លេផងដែរ។

នេះជាសិក្ខាសាលា បច្ចេកទេសនៃក្បាច់គុន ចម្រុះខ្មែរបុរាណ លើកទី១ ហើយវាក៏ជាគំរូ មួយក្រោមការយកចិត្តទុកដាក់ដឹកនាំនិងការចង្អុលបង្ហាញជាអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការអភិវឌ្ឍន៍ធនធានមនុស្សផ្នែកយុទ្ធគុនចម្រុះខ្មែរបុរាណនេះឱ្យមានចីរភាព និងស្ថេរភាពនាពេលអនាគតបានយូអង្វែង។

សូមបញ្ជាក់ថា សិក្ខាសាលា បច្ចេកទេស នៃក្បាច់គុនចម្រុះខ្មែរ បុរាណលើកទី១នេះ មានគ្រូ មកពីបណ្តាខេត្តឆ្ងាយៗ ចំនួន៣០នាក់ និងនៅរាជធានីភ្នំពេញ និងខេត្តកណ្តាល ចំនួន៤០នាក់៕