គម្រោងស្តារហេដ្ឋារចនាសម្ព័ន្ធខ្នាតធំរបស់រដ្ឋបាលរាជធានីភ្នំពេញ ដេីម្បីរំដោះការជន់លិចនៅតំបន់បឹងត្របែក រយៈពេល ៤ខែ សម្រេចបានលទ្ធផល ៦០%ហើយ

ភ្នំពេញ៖ គ្រឿងចក្រ កំពុងធ្វើជាសកម្មភាព ឈូសឆាយគឺជាការ អនុវត្ត គម្រោង ស្តារ ហេដ្ឋារចនាសម្ព័ន្ធ ខ្នាតធំ របស់ រដ្ឋបាល រាជធានីភ្នំពេញ ក្រោមការជួយឧបត្តម្ភ ពីរាជរដ្ឋាភិបាល ដេីម្បី រំដោះការជន់លិច នៅតំបន់បឹងត្របែក ពិសេស តាម ប្រឡាយ ១០៥ ចាប់ពី ក្រោយវិទ្យាល័យ យុគន្ធរ ដល់បឹង ត្របែក រយៈពេល ៤ខែ សម្រេច បានលទ្ធផល ៦០%ហើយ ។
នេះជាការបញ្ជាក់របស់លោកស្រី ដោ សម្ផស្ស នាយិការរងរដ្ឋបាលនិងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥។

លោកស្រី ដោ សម្ផស្ស បន្តថា៖ ប្រឡាយបឹងត្របែក បច្ចុប្បន្នមានទទឹងមធ្យម ៦ម៉ែត្រដែលមានសមត្ថភាពបង្ហូរទឹកត្រឹម ១២ម៉ែត្រគូបក្នុង១វិនាទីប៉ុណ្ណោះ បណ្តាលឱ្យក្នុងពេលទឹកភ្លៀងធ្លាក់ខ្លាំងលើសកំពស់ ៤០មមក្នុង១ម៉ោង ទឹកភ្លៀងបានលិចលង់រយៈពេលយូរនៅផ្នែកខ្លះនៃភូមិសាស្ត្រខណ្ឌបឹងកេងកង ចំការមន ៧មករា និងខណ្ឌដូនពេញ។
លោកស្រីអ្ននាំពាក្យបញ្ជាក់ទៀតថា៖ដើម្បីដោះស្រាយបញ្ហាទឹកលិចខាងលើ ផ្លូវលេខ ១០៥ ជាប់ប្រឡាយបឹងត្របែក ចាំបាច់ត្រូវពង្រីកពីទទឹង ៦ម៉ែត្រទៅទទឹង១២ម៉ែត្រដើម្បីអោយបង្កើនការបង្ហូរទឹកប្រឡាយនេះពី ១២ម៉ែត្រគូបក្នុង១វិនាទី កើនដល់ ២៤ម៉ែត្រគូបក្នុងវិនាទី ទើបបង្ហូរទឹកហូរទាន់ ក្នុងករណីនេះ ក្រោមផ្លូវលេខ ១០៥ជាប់ប្រឡាយនេះ ត្រូវដាក់លូប្រអប់ខ្នាតធំទទឹង ៦ម៉ែត្រជម្រៅ ៣ម៉ែត្រឯខាងលើត្រូវស្ថាបនាផ្លូវដដែល៕