គម្រោងវិនិយោគ សណ្ឋាគារផ្កាយ៥ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលមានទុនវិនិយោគ ៥២៧លានដុល្លារអាមេរិច ទទួលបានការគាំទ្រយ៉ាងកក់ក្តៅពីអាជ្ញាធរមូលដ្ឋាន

————————————
ព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំ កិច្ចប្រជុំពិភាក្សាពិគ្រោះយោបល់ និងប្រមូលធាតុចូល ស្តីពីការសិក្សាវាយតម្លៃហេតុប៉ះពាល់បរិស្ថានពេញ លេញ នៃគម្រោងសណ្ឋាគារផ្កាយ៥ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម របស់ក្រុមហ៊ុន ផឹនីនស្យូឡា បេ អ៊ីនវេសមិន ឯ.ក ដែលមានទុនវិនិយោគទំហំប្រមាណ ៥២៧លានដុល្លារអាមេរិច ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ការអនុវត្តគម្រោងនេះត្រូវបានរំពឹងថានឹងផ្ដល់ជាប្រយោជន៍សំខាន់ៗនៅដំណាក់កាលសាងសង់ដូចជា៖ ការបង្កើតការងារជូនប្រជាពលរដ្ឋ, ការពង្រឹងជំនាញបច្ចេកទេសរបស់បុគ្គលិក-កម្មករ, ការបង្កបរិយាកាសវិជ្ជមានសម្រាប់វិនិយោគិន, និងការជួយពង្រឹងដល់សេដ្ឋកិច្ចនៅក្នុងមូលដ្ឋានផងដែរ។

ជាមួយគ្នានេះ លោកអភិបាលរង បានសំណូមពរឱ្យម្ចាស់គម្រោងព្យាយាមគ្រប់គ្រង និងកាត់បន្ថយការប៉ះពាល់បរិស្ថាន និងសង្គមមកនៅត្រឹមកម្រិតអប្បបរមា និងប្រើប្រាស់ធនធានទាំងអស់ដែលមាននៅក្នុងខេត្ត ក៏ដូចជាយកអ្នកបច្ចេកទេស និងកម្លាំងពលកម្មក្នុងស្រុកមកប្រើប្រាស់ឱ្យអស់លទ្ធភាព។

ជាលទ្ធផល ស្របជាមួយនឹងការគាំទ្រយ៉ាងកក់ក្តៅចំពោះគម្រោងនេះ តំណាងមន្ទីរ-អង្គភាព និងស្ថាប័នទាំងអស់បានចូលរួមមតិយោបល់ និងវិធានការការ ពារទៅតាមជំនាញរៀងៗខ្លួន ធ្វើយ៉ាងណាឱ្យគម្រោងអាចដំណើរការទៅមុខ និងមានផលប៉ះពាល់តិចតួចបំផុត។
CMD