គណៈប្រតិភូសភាសហរដ្ឋអាម៉េរិក បង្ហាញនូវការកោតសរសើរខ្ពស់ចំពោះការតាំងចិត្តយ៉ាងមុតស្រួចរបស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ក្នុងការពួតដៃរួបរួមគ្នាសំដៅសម្រេចឱ្យបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០

គណៈប្រតិភូសភាសហរដ្ឋអាម៉េរិក បង្ហាញនូវការកោតសរសើរខ្ពស់ចំពោះការតាំងចិត្តយ៉ាងមុតស្រួចរបស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ក្នុងការពួតដៃរួបរួមគ្នាសំដៅសម្រេចឱ្យបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ 

 

នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាព្រឹកថ្ងៃអង្គារ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញទទួលជួបសម្តែងការគួរសមជាផ្លូវការ និងពិភាក្សាការងារជាមួយ គណៈប្រតិភូសភាសហរដ្ឋអាម៉េរិក ដែលរួមមាន ឯកឧត្តម Jimmy Panetta សមាជិកសភាប្រចាំរដ្ឋកាលីហ្វ័រញ៉ា មកពីគណបក្សប្រជាធិបតេយ្យ, ឯកឧត្តម Darin Lahood សមាជិកសភាប្រចាំរដ្ឋអ៉ីលីណយ មកពីគណបក្សសាធារណរដ្ឋ, ឯកឧត្តម Salud Carbajal សមាជិកសភាប្រចាំរដ្ឋកាលីហ្វ័រញ៉ា មកពីគណបក្សប្រជាធិបតេយ្យ ព្រមទាំងសហការីអមដំណើរ ក្នុងឱកាសដែលគណៈប្រតិភូកំពុងបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។

ជាកិច្ចចាប់ផ្ដើមក្នុងជំនួបនាព្រឹកនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបទៅកាន់គណៈប្រតិភូសភាសហរដ្ឋអាម៉េរិក អំពីដំណើរអភិវឌ្ឍន៍របស់ព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីទទួលបានជ័យជម្នះលើរបបប្រល័យពូជសាសន៍ប៉ុលពត និងទទួលបាននូវសុខសន្តិភាពពេញលេញ តាមរយៈការអនុវត្តដោយជោគជ័យនៃនយោបាយឈ្នះឈ្នះ របស់ប្រមុខរាជរដ្ឋាភិបាលរហូតមកទល់បច្ចុប្បន្ន។ ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីសាវតានៃការបង្កើត ក.អ.ក. ក៏ដូចជាបេសកកម្ម និងចក្ខុវិស័យ ក្នុងនាមជាសេនាធិការ និងជាច្រកចេញចូលតែមួយរបស់រាជរដ្ឋាភិបាល លើការងារគ្រប់គ្រងការវិនិយោគឯកជន និងតំបន់សេដ្ឋកិច្ចពិសេស ដែលបាននិងកំពុងបន្តខិតខំជំរុញការកែលម្អ ធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងការវិនិយោគ។

បន្ថែមពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរំលេចអំពីសក្តានុពលវិជ្ជមាននានា របស់ព្រះរាជាណាចក្រកម្ពុជា មានជាអាទិ៍៖ ទីតាំងភូមិសាស្រ្តដែលមានអំណោយផលខ្ពស់, សុខសន្តិភាព និងស្ថិរភាពនយោបាយ, លំនឹងម៉ាក្រូសេដ្ឋកិច្ច, កម្លាំងពលកម្មវ័យក្មេងដែលមានលក្ខណៈរួចរាល់សម្រាប់បរិវត្តកម្មឌីជីថល, ការគាំទ្រពីសំណាក់រាជរដ្ឋាភិបាលដល់ការរីកលូតលាស់នៃវិស័យធុរកិច្ចឯកជន, បែបបទនៃការវិនិយោគដែលមានភាពបត់បែន និងអនុគ្រោះ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធអន្តរមធ្យោបាយដែលបាន និងកំពុងអភិវឌ្ឍឱ្យកាន់តែមានភាពសម្បូរបែប និងប្រទាក់ក្រឡា ទាំងផ្លូវគោក ផ្លូវទឹក ផ្លូវដែក និងផ្លូវអាកាស ជំរុញឱ្យសមាហរណកម្មនៅទូទាំងប្រទេស និងទៅកាន់តំបន់កាន់តែប្រសើរឡើង។

បន្ទាប់ពីបានស្តាប់ប្រសាសន៍លើកឡើងរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី គណៈប្រតិភូសភាសហរដ្ឋអាមេរិកបានគោរពជូននូវការកោតសរសើរជាពាក្យពេចន៍ភាសាអង់គ្លេសថា៖ The 3Is Presentation: Insightful, Impressive and Illuminated (បរិបូរណ៍ដោយព័ត៌មានពិតប្រាកដ, ពោរពេញដោយថាមពលជំរុញឱ្យមានការចាប់អារម្មណ៍ខ្ពស់ និងស្រាយបំភ្លឺនូវរាល់ចម្ងល់ផ្សេងៗដែលធ្លាប់មាន)។ គណៈប្រតិភូ បានគូសបញ្ជាក់ថាការរីកចម្រើនគួរឱ្យកត់សម្គាល់របស់កម្ពុជា បង្ហាញឱ្យឃើញពីការតាំងចិត្តយ៉ាងមុតស្រួចរបស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ក្នុងការពួតដៃរួបរួមគ្នាលើកស្ទួយប្រទេសជាតិ ដើម្បីសម្រេចឱ្យបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ដែលបានកំណត់។ ទន្ទឹមនឹងនេះ គណៈប្រតិភូសភាសហរដ្ឋអាមេរិក បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងសហរដ្ឋអាម៉េរិក និងកម្ពុជា ស្របពេលដែលឆ្នាំនេះក៏ជាខួបទី៧៥ឆ្នាំ នៃទំនាក់ទំនងការទូត កម្ពុជា-សហរដ្ឋអាម៉េរិក ព្រមទាំងបានបង្ហាញនូវសុឆន្ទៈក្នុងការជំរុញការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូ កម្ពុជា-សហរដ្ឋអាម៉េរិក ឱ្យឈានដល់កម្រិតខ្ពស់ និងកាន់តែរឹងមាំបន្ថែមទៀត៕