គណៈប្រតិភូធុរជនមកពីរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាម៉េរិកវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល  ក៏ដូចជាក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បង្ហាញនូវឆន្ទៈក្នុងការ ពិនិត្យលទ្ធភាពដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងរដ្ឋកាលីហ្វ័រញ៉ា និងកម្ពុជា

គណៈប្រតិភូធុរជនមកពីរដ្ឋកាលីហ្វ័រញ៉ា នៃសហរដ្ឋអាម៉េរិកបានធ្វើការវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក៏ដូចជាក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាផ្ទាល់ ក្នុងការសម្របសម្រួល និងថែទាំគាំទ្រដល់វិស័យឯកជន ព្រមទាំងបានបង្ហាញនូវឆន្ទៈក្នុងការពិនិត្យលទ្ធភាពដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងរដ្ឋកាលីហ្វ័រញ៉ា និងកម្ពុជា ជាពិសេសលើទំនាក់ទំនងសេដ្ឋកិច្ច និងការវិនិយោគរវាងតំបន់ទាំងពីរ។

ការលើកឡើងបែបនេះ ក្នុងឱកាសនៃជំនួបពិភាក្សាការងារ និងការផ្គូផ្គងធុរកិច្ច ជាមួយគណៈប្រតិភូធុរជនអញ្ជើញមកពីរដ្ឋកាលីហ្វ័រញ៉ា នៃសហរដ្ឋអាម៉េរិក ដឹកនាំដោយ លោក គីម ឆាហួត អគ្គកុងស៊ុលកិត្តិយសកម្ពុជាប្រចាំនៅរដ្ឋកាលីហ្វ័រញ៉ា និងជាប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ក្នុងរដ្ឋកាលីហ្វ័រញ៉ា ជាមួយឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ នាក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា ដឹកនាំដោយ អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការ និងសមាសសភាពធុរជន ជាតំណាងធុរកិច្ចពីសហរដ្ឋអាម៉េរិកប្រមាណ ២០ក្រុមហ៊ុនផងដែរ។

នៅក្នុងឱកាសនេះ គណៈប្រតិភូធុរជនបានគោរពជូននូវការកោតសរសើរ និងសម្តែងនូវចំណាប់អារម្មណ៍ខ្ពស់លើការរីកចម្រើនគួរឱ្យកត់ សម្គាល់របស់កម្ពុជា។ ទន្ទឹមនឹងនេះ គណៈប្រតិភូធុរជនក៏បានធ្វើការវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក៏ដូចជាក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាផ្ទាល់ ក្នុងការសម្របសម្រួល និងថែទាំគាំទ្រដល់វិស័យឯកជន ព្រមទាំងបានបង្ហាញនូវឆន្ទៈក្នុងការពិនិត្យលទ្ធភាពដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងរដ្ឋកាលីហ្វ័រញ៉ា និងកម្ពុជា ជាពិសេសលើទំនាក់ទំនងសេដ្ឋកិច្ច និងការវិនិយោគរវាងតំបន់ទាំងពីរ។

នៅក្នុងជំនួបនេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជម្រាបទៅកាន់គណៈប្រតិភូធុរជន អំពីដំណើរអភិវឌ្ឍន៍របស់ព្រះរាជាណាចក្រកម្ពុជា ជាបន្តបន្ទាប់ឥតឈប់ឈរ ក្រោមកិច្ចដឹកនាំប្រកបដោយគតិបណ្ឌិតខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល តាំងពីដើមរហូតមកទល់បច្ចុប្បន្ន ពិសេស ជាមួយនឹងគោលនយោបាយក្នុងការបង្កើនពិពិធកម្មសេដ្ឋកិច្ច សំដៅសម្រេចឱ្យបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ជាប្រទេសដែលមានចំណូលខ្ពស់។ ទន្ទឹមនឹងនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីសាវតានៃការបង្កើត ក.អ.ក. ក៏ដូចជាបេសកកម្ម និងចក្ខុវិស័យ ក្នុងនាមជាសេនាធិការ និងជាច្រកចេញចូលតែមួយរបស់រាជរដ្ឋាភិបាល លើការងារគ្រប់គ្រងការវិនិយោគឯកជន និងតំបន់សេដ្ឋកិច្ចពិសេស ដែលបាននិងកំពុងបន្តខិតខំជំរុញការកែលម្អ ធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងការវិនិយោគ ពិសេសការធ្វើឌីជីថលូបនីយកម្ម ក្នុងការផ្តល់សេវាសាធារណៈ ជាក់ស្តែងគឺការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (ប្រព័ន្ធ cdcIPM) ដែលសម្រួលដល់វិនិយោគិនក្នុងការដាក់ពាក្យស្នើសុំវិនិយោគបានពីគ្រប់ទីកន្លែង និងគ្រប់ពេលវេលា តាមរយៈប្រព័ន្ធអ៊ីនធឺណេត។

បន្ថែមពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរំលេចអំពីសក្តានុពលវិជ្ជមាននានារបស់កម្ពុជា ដែលជាបច្ច័យសម្រាប់ពិចារណាក្នុងការមកដាក់ទុនវិនិយោគ រួមមាន៖ ទីតាំងភូមិសាស្រ្តដែលមានអំណោយផលខ្ពស់ និងជាប្រភពនៃថាមពលកកើតឡើងវិញ, សុខសន្តិភាព និងស្ថិរភាពនយោបាយ, លំនឹងម៉ាក្រូសេដ្ឋកិច្ច, កម្លាំងពលកម្មវ័យក្មេងដែលមានលក្ខណៈរួចរាល់សម្រាប់បរិវត្តកម្មឌីជីថល និងបើកទូលាយក្នុងការទទួលយកការបណ្តុះបណ្តាលថ្មីៗ, ការគាំទ្រពីសំណាក់រាជរដ្ឋាភិបាលដល់ការរីកលូតលាស់នៃវិស័យធុរកិច្ចឯកជន តាមរយៈវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន, ច្បាប់ស្តីពីវិនិយោគដែលមានភាពបត់បែន និងអនុគ្រោះខ្ពស់, ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងវិស័យភស្តុភារកម្ម ដែលបាននិងកំពុងអភិវឌ្ឍឱ្យកាន់តែមានភាពសម្បូរបែប និងប្រទាក់ក្រឡា ទាំងផ្លូវគោក ផ្លូវទឹក ផ្លូវដែក និងផ្លូវអាកាស សំដៅជំរុញឱ្យ សមាហរណកម្មនៅទូទាំងប្រទេស និងទៅកាន់តំបន់មានភាពប្រសើរឡើង៕