គណៈប្រតិភូខេត្តព្រះសីហនុ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ស៊ឺ ឃុនលីន (XU KUNLIN) អភិបាលខេត្តជាំងស៊ូ នៃសាធារណរដ្ឋប្រជាមានិតចិន

នៅទីក្រុងណានជីង នារសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុបានដឹកនាំគណៈប្រតិភូខេត្តព្រះសីហនុចូលជួបសម្តែងការ គួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ស៊ឺ ឃុនលីន (XU KUNLIN) អភិបាលខេត្តជាំងស៊ូ នៃសាធារណរដ្ឋប្រជាមានិតចិន។
ឯកឧត្តម ស៊ឺ ឃុនលីន អភិបាលខេត្តជាំងស៊ូ បានសំដែងនូវការស្វាគមន៍ចំពោះវត្តមានរបស់គណៈប្រតិភូខេត្តព្រះសីហនុ ដែលដឹកនាំដោយ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាល
ខេត្តព្រះសីហនុ។ ក្នុងនោះឯកឧត្តម អភិបាលខេត្តជាំងស៊ូ ក៏បានលើកឡើងអំពីស្ថានភាពភូមិសាស្រ្ត ប្រជាសាស្ត្រ និងសក្តានុពលរបស់ខេត្តជាំងស៊ូ ដែលជាខេត្តមួយដែលមានការអភិវឌ្ឍខ្លាំង លើវិស័យឧស្សាហកម្ម ការផលិត និងបច្ចេកវិទ្យា។
ក្នុងកិច្ចជំនួបនេះ ភាគីទាំងពីរ ក៏ បានលើកឡើងអំពីទំនាក់ទំនងកម្ពុជា និងចិន បានបង្កើតជាផ្លូវការក្នុងឆ្នាំ១៩៥៨ គិតមកដល់ឆ្នាំនេះមាន រយៈពេល៦៧ឆ្នាំហើយ ប៉ុន្តែប្រជាជននៃប្រទេសទាំងពីរមានការប្រាស្រ័យទាក់ទងគ្នាយ៉ាងជិតស្និទ្ធរាប់រយឆ្នាំកន្លងមក។ ហើយទំនាក់ ទំនងនេះជាទំនាក់ទំនង (មិត្តដែក ថែប និងជាដៃគូយុទ្ធសាស្ត្រគ្រប់ ជ្រុងជ្រោយ) ដែលជាលទ្ធផលនៃភាពស៊ីសង្វាក់គ្នារវាង យុទ្ធសាស្ត្រចតុកោណ និងយុទ្ធសាស្រ្តបច្ចកោណ របស់រដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងគោល នយោបាយ «ខ្សែក្រវាត់ និងផ្លូវ» របស់ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង។
ចំពោះកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងមិត្តភាពជាមួយប្រទេសចិន ខេត្តព្រះសីហនុ បានបង្កើតសម្ព័ន្ធមេត្រីភាពខេត្ត-ក្រុងបងប្អូនជាមួយបណ្តាខេត្ត-ក្រុង នៃប្រទេសចិនចំនួន២០ក្នុងនោះរួមទាំងខេត្តជាំងស៊ូ និងក្រុងអ៊ូស៊ីផងដែរ។
ក្នុងឱកាសដ៏វិសេសវិសាលនេះ ឯកឧត្តម ម៉ាង ស៊ីណេត បានជម្រាបជូននូវការផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកប្រកប ដោយមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចំពោះឯកឧត្តម ស៊ឺ ឃុនលីន និងថ្នាក់ ដឹកនាំខេត្តជាំងស៊ូផងដែរ។
បន្ថែមលើនេះ ដើម្បីពង្រឹងពង្រីកនូវកិច្ចសហប្រតិបត្តិការខេត្តទាំង ពីរ ឯកឧត្តមអភិបាលខេត្តបានសំណូមពរដល់ឯកឧត្តមអភិបាលខេត្តជាំងស៊ូ ជួយ៖
១-ជំរុញអ្នកវិនិយោគនៅខេត្តជាំងស៊ូ ឱ្យសម្រេចចិត្តទៅបណ្តាក់ទុនវិនិយោគកាន់តែច្រើនថែមទៀតនៅខេត្តព្រះសីហនុ
២-បង្កើនចំនួនជើងហោះហើរត្រង់ពីខេត្តជាំងស៊ូ-ក្រុងវូស៊ីទៅកាន់ខេត្តព្រះសីហនុ ឬមកខេត្តជាំងស៊ូវិញ ដើម្បីផ្តល់ឱកាសដល់អ្នកវិនិយោគ និងភ្ញៀវទេសចរអាចធ្វើដំណើរកម្សាន្ត ឬទៅបំពេញធុរកិច្ចនៅខេត្តព្រះសីហនុកាន់តែច្រើនថែមទៀត
៣-ស្នើសុំជួយសាងសង់អគារ សិក្សាចំនួន ១ខ្នង ៣ជាន់ស្មើ ១៨បន្ទប់ នៅសាលាបឋមសិក្សា- អនុវិទ្យាល័យបិតត្រាំងមិត្តភាពព្រះសីហនុ-ជាំងស៊ូ ដើម្បីបំពេញតម្រូវការចាំបាច់ក្នុងការសិក្សារបស់កូនចៅប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន និងកូនចៅបងប្អូនកម្មករ នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ
៤-ស្នើសុំអាហារូបករណ៍ថ្នាក់ឧត្តមសិក្សាសម្រាប់និស្សិតនៅខេត្តព្រះសីហនុ បានមកបន្តការសិក្សា នៅខេត្តជាំងស៊ូ។
ជាការឆ្លើយតបឯកឧត្តម ស៊ឺ ឃុនលីន បានទទួលយកសំណើទាំង ០៤ ចំណុចរបស់ឯកឧត្តមអភិបាលខេត្តព្រះសីហនុ។ ឯកឧត្តម ស៊ឺ ឃុនលីន អភិបាលខេត្តជាំងស៊ូ ក៏បានបញ្ជាក់ថាឯកឧត្តមបានណែនាំដល់មន្ទីរពាណិជ្ជកម្មខេត្តជាំងស៊ូ ឱ្យដឹកនាំប្រតិភូអ្នកវិនិយោគចិនចំនួន ៥០ក្រុមហ៊ុន ទៅធ្វើទស្សនកិច្ចសិក្សាស្វែងយល់ពីឱកាសវិនិយោគនៅខេត្តព្រះសីហនុ នាពេលឆាប់ៗខាងមុខនេះផងដែរ។CMD