គណៈកម្មការទី៩ព្រឹទ្ធសភា ទទួលសវនាការស្តីពីសមិទ្ធផល និងទិសដៅការងាររបស់ក្រសួងឧស្សាហកម្ម

គណៈកម្មាធិការទី៩ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយឯកឧត្តម អ៊ុំ សារឹទ្ធ បានទទួលសវនាការស្តីពីសមិទ្ធផលការងារឆ្នាំ២០២៤ បញ្ហាប្រឈម និងទិសដៅអនាគតរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

នៅក្នុងជំនួបសវនាការនេះ ឯកឧត្តម ហែម វណ្ណឌី បានជម្រាបជូនពីវឌ្ឍនភាពនៃអាណត្តិកិច្ចដ៏ទូលំទូលាយរបស់ក្រសួង រួមទាំងការអភិវឌ្ឍឧស្សាហកម្ម, ការគាំទ្រសហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម, ការពង្រីកសេវាទឹកស្អាត, ការវិវត្តផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, និងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិរបស់កម្ពុជា។ ឯកឧត្តមក៏បានរំលេចពីកិច្ចខិតខំប្រឹងប្រែង ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យស្របតាមគោលដៅសង្គម-សេដ្ឋកិច្ច និងចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ផងដែរ។

ឯកឧត្តម អ៊ុំ សារិទ្ធ បានកោតសរសើរចំពោះសមិទ្ធផលការងាររបស់ក្រសួង ដោយលើកឡើងថា គណៈកម្មាធិការទី៩ព្រឹទ្ធសភា តែងចុះប្រមូលព័ត៌មាននិងតាមដានវឌ្ឍនភាពនៅតាមមូលដ្ឋានឧស្សាហកម្មនានានៅក្នុងប្រទេស។ ឯកឧត្តមបាន ថ្លែង អំណរគុណ ចំពោះក្រសួង ដែលបានរៀបចំសវនាការនេះ ព្រមទាំងផ្តល់ព័ត៌មាន និងបច្ចុប្បន្នភាព ដោយផ្ទាល់ ដល់គណៈកម្មាធិការទី៩។

គណៈប្រតិភូបានបង្ហាញចំណាប់អារម្មណ៍ពិសេសលើការងារស្តង់ដារនីយកម្ម ដើម្បីជំរុញឧស្សាហកម្មក្នុងស្រុក និងលើកកម្ពស់សុវត្ថិភាពរបស់អ្នកប្រើប្រាស់។ គណៈប្រតិភូក៏បានលើកសំណួរមួយចំនួនទាក់ទងនឹងការផ្គត់ផ្គង់ទឹកស្អាត ជាពិសេសនិរន្តរភាពនៃការប្រើប្រាស់ប្រភពទឹកក្រោមដី វិធានការក្នុងការសន្សំសំចៃទឹក និងកង្វល់ចំពោះសុខភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។

គណៈប្រតិភូបានទទួលស្គាល់អាណត្តិកិច្ចដ៏ទូលំទូលាយរបស់ក្រសួង និងលើកឡើងថាទំនួលខុសត្រូវទាំងនេះទាមទារឱ្យក្រសួងមានមន្ត្រីរាជការដែលជាអ្នកវិទ្យាសាស្ត្រ និងអ្នកជំនាញបច្ចេកទេសឱ្យបានច្រើន។

ជំនួបសវនាការនេះបង្ហាញពីតួនាទីត្រួតពិនិត្យដ៏សំខាន់នៃអង្គនីតិបញ្ញត្តិ ក្នុងការធានាថា ក្រសួង-ស្ថាប័នអនុវត្តច្បាប់ បទប្បញ្ញត្តិ និងគោលនយោបាយជាតិប្រកបដោយប្រសិទ្ធភាព ទន្ទឹមនឹងនោះលើកកម្ពស់គណនេយ្យភាពរដ្ឋាភិបាល និងគាំទ្រដំណើរការតាមបែបប្រជាធិបតេយ្យដែលមានតុល្យភាពមួយនៅកម្ពុជា ៕