ខេត្តកំពង់ចាមមានភ័ព្វវាសនាក្រៃលែង ដែលទទួលបានគម្រោងថ្មីមួយបន្ថែមទៀត របស់រាជរដ្ឋាភិបាល គឺកំពង់ផែទេសចរណ៍កំពង់ចាម

នាព្រឹកថ្ងៃសុក្រ ទី៣ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និង ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់កំពង់ផែទេសចរណ៍កំពង់ចាម ដោយមានការចូលរួមពី ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ប៉ែន កុសល អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង ព្រមទាំងមន្រ្តីរាជការជាច្រើនរូបទៀត។
គម្រោងកំពង់ផែទេសចរណ៍នេះ នឹងដើរតួនាទីសម្រាប់តភ្ជាប់ការដឹកជញ្ជូនភ្ញៀវទេសចរនៅក្នុងស្រុក តាមតំបន់ទន្លេមេគង្គលើ រហូតទៅខេត្តក្រចេះជាដើម និងការដឹកជញ្ជូនភ្ញៀវទេសចរអន្តរជាតិ ដែលធ្វើដំណើរតាមទន្លេមេគង្គពីប្រទេសវៀតណាមទៅ-មក រាជធានីភ្នំពេញ និងបន្តមកលេងកម្សាន្តនៅខេត្តកំពង់ចាម និងខេត្តក្រចេះ ក៏ដូចជាតំបន់ជុំវិញដែលមានសក្តានុពល និងតភ្ជាប់ការដឹកជញ្ជូនតាមព្រែកជីកហ្វូណនតេជោ។ គម្រោងកំពង់ផែទេសចរណ៍នេះ គឺជាគម្រោងមួយមានសក្តានុពលដែលនឹងចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា ព្រមទាំងលើកកម្ពស់សោភ័ណ្ឌភាព គុណភាពនៃការរស់នៅបែបស៊ីវិល័យរបស់ប្រជាពលរដ្ឋក្នុងក្រុងកំពង់ចាមផងដែរ។
ថ្លែងក្នុងអង្គពិធី ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍ថា ពិធីបើកការដ្ឋានសាងសង់កំពង់ផែទេសចរណ៍កំពង់ចាម ដែលកំពុងប្រព្រឹត្តទៅនាពេលនេះ គឺជាការបង្ហាញឱ្យឃើញអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការជំរុញរៀបចំឱ្យមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តសំខាន់ៗ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធគាំទ្រដល់ការដឹកជញ្ជូនតាមផ្លូវទឹក ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិបន្ថែមទៀត ស្របតាមបរិបទ ការរីកចម្រើនរបស់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ន និងជីវភាពរុងរឿងរបស់ប្រជាជន រួមជាមួយនឹងកំណើននៃសក្តានុពលទេសចរណ៍នៅក្នុងខេត្តកំពង់ចាមផងដែរ ដែលទាំងនេះ គឺជាកត្តាជំរុញឱ្យរាជរដ្ឋាភិបាល តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តកំពង់ចាម ធ្វើការសិក្សារៀបចំការអភិវឌ្ឍគម្រោងហេដ្ឋារចនាសម្ព័ន្ធកំពង់ផែទេសចរណ៍នៅក្នុងខេត្តនេះ។
គួរបញ្ជាក់ផងដែរថា កំពង់ផែទេសចរណ៍កំពង់ចាម មានទីតាំងស្ថិតនៅភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ស្ថិតនៅទីតាំងទីលានចំណតកំពង់ចម្លងចាស់ ដែលគ្រោងសាងសង់ឡើងនៅលើច្រាំងទន្លេ ដែលជាដីកម្មសិទ្ធិរបស់រដ្ឋ ផ្អែកតាមផែនការនៃការអនុវត្តគម្រោង ការសាងសង់សំណង់កំពង់ផែសម្រាប់ដំណាក់កាលទី១នេះ នឹងប្រើប្រាស់រយៈពេល ២៤ខែ ជាមួយគ្នានេះផងដែរ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធដំណាក់កាលទី២ ដែលរួមមានអគាររដ្ឋបាល និងកន្លែងរង់ចាំសម្រាប់ភ្ញៀវទេសចរ នឹងចាប់ផ្តើមនៅឆ្នាំ២០២៦៕