ក្រោយទទួលបានពាក្យលាលែងរបស់ លោក សំ សេដ្ឋា អតីតប្រធានការិយាល័យប្រជាពលរដ្ឋ រាជធានីភ្នំពេញ ក្រុមប្រឹក្សារាជធានីភ្នំពេញ បេីកកិច្ចប្រជុំ ដើម្បីត្រៀមរៀបចំធ្វើការជ្រើសរើសបេក្ខភាពថ្មី

ក្រុមប្រឹក្សារាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥នេះ បានរៀបចំកិច្ចប្រជុំគណៈកម្មាធិកាបោះឆ្នោតជ្រើសរើសប្រធាន -អនុប្រធានការិយាល័យប្រជាពលរដ្ឋរាជធានីភ្នំពេញ បន្ទាប់ពី ក្រុមប្រឹក្សារាជធានីភ្នំពេញបានទទួលពាក្យលាលែងរបស់ លោក សំ សេដ្ឋា អតីតប្រធានការិយាល័យប្រជាពលរដ្ឋ។ កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើង ក្រោមអធិបតីភាពរបស់ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិកាបោះឆ្នោត និងមានវត្តមានចូលរួមជាកិត្តិយសពីសំណាក់ឯកឧត្តម កើត ឆែ អភិបាលរងរាជធានីនិងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ នៅអគាររដ្ឋបាលរាជធានីភ្នំពេញ។

កិច្ចប្រជុំថ្ងៃនេះ គឺដើម្បីត្រៀមរៀបចំធ្វើការជ្រើសរើសបេក្ខភាពប្រធានការិយាល័យប្រជាពលរដ្ឋរាជធានីភ្នំពេញ ក្រោយពេលប្រធានការិយាល័យចាស់ បានដាក់ពាក្យលាលែងពីមុខដំណែងកន្លងមក។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ម៉ប់ សារិន បានជម្រាបជូនអង្គប្រជុំជ្រាបថា បន្ទាប់ពី ក្រុមប្រឹក្សារាជធានីភ្នំពេញបានទទួលពាក្យលាលែងរបស់ លោក សំ សេដ្ឋា អតីតប្រធានការិយាល័យប្រជាពលរដ្ឋ ក្រុមប្រឹក្សារាជធានីភ្នំពេញបានរៀបចំនីតិវិធី និងបំពេញបែបបទផ្សេងៗឡើងវិញ ដើម្បីត្រៀមធ្វើការជ្រើសរើសបេក្ខភាពឈរឈ្មោះស្របតាមនីតិវិធី និងច្បាប់ជាធរមាន។ ជាក់ស្តែងថ្ងៃនេះ កិច្ចប្រជុំរបស់គណៈកម្មាធិការបោះឆ្នោតត្រូវបានរៀបចំក្នុងគោលបំណង ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីកែសម្រួលសមាសភាពគណៈកម្មាធិការបោះឆ្នោតជ្រើសរើសប្រធាន-អនុប្រធាន ការិយាល័យប្រជាពលរដ្ឋ រាជធានីភ្នំពេញ (បន្ទាប់ពីមានការផ្លាស់ប្តូរសមាសភាពចាស់មួយចំនួន) និងបញ្ជាក់អំពីតួនាទី ភារកិច្ច និងរៀបចំរបបធ្វើការងាររបស់គណៈកម្មាធិការបោះឆ្នោតជ្រើសរើសប្រធាន -អនុប្រធានការិយាល័យប្រជាពលរដ្ឋរាជធានីភ្នំពេញ។ ផ្សព្វផ្សាយអំពីនីតិវិធីនៃការបោះឆ្នោត និងអំពីរចនាសម្ព័ន្ធ តួនាទី ភារិកិច្ចរបស់ការិយាល័យប្រជាពលរដ្ឋរាជធានីភ្នំពេញ។ រៀបចំផែនការផ្សព្វផ្សាយ និងកំណត់កាលបរិច្ឆេទនៃការដាក់ពាក្យស្នើសុំឈរឈ្មោះជាបេក្ខជន ការសម្រាំងជ្រើសរើសបេក្ខជន និងការកំណត់កាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសរើសប្រធានការិយាល័យប្រជាពលរដ្ឋ។

បន្ទាប់ពីបញ្ចប់កិច្ចប្រជុំនេះ គណៈកម្មាធិការបោះឆ្នោតនឹងចេញសេចក្តីជូនដំណឹងស្តីពីការជ្រើសរើសប្រធានការិយាល័យប្រជាពលរដ្ឋរាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ ខាងមុខ៕