ក្រុមអ្នកស៊ើបអង្កេតកូរ៉េខាងត្បូងព្យាយាមភ្ជាប់ដីការឃុំខ្លួនលោកប្រធានាធិបតី Yoon ស្របពេលដែលអ្នកគាំទ្រលោកសម្រុករារាំងនៅខាងមុខគេហដ្ឋានប្រធានាធិបតី 

អ្នកគាំទ្ររបស់លោក Yoon Suk Yeol ដែលជាអតីតប្រធានាធិបតីកូរ៉េខាងត្បូង ក្រោយពេលព្យួរតំណែងដោយបានប្រើប្រាស់ច្បាប់អាជ្ញាសឹក និង កំពុងរងនូវបទចោទប្រកាន់ជាច្រើនបានមកប្រមូលផ្តុំគ្នានៅខាងក្រៅវិមានប្រធានាធិបតីក្នុងទីក្រុងសេអ៊ូលនៅព្រឹកថ្ងៃសុក្រនេះ ខណៈដែលក្រុមអ្នកស៊ើបអង្កេតព្យាយាមចេញចាប់ឃុំខ្លួនរូបលោកដែរ។ ហ្វូងមនុស្សជាអ្នកគាំទ្រទាំងនោះត្រូវបានប៉ូលិសឡោមព័ទ្ធ ខណៈពួកគេបានស្រែកពាក្យថាគាំទ្រលោក ‘Yoon Suk Yeol’ ដដែលៗ។ វាបានកើតឡើងនៅពេលដែលអ្នកស៊ើបអង្កេតប្រហែលជា២០នាក់មកពីការិយាល័យស៊ើបអង្កេតអំពើពុករលួយសម្រាប់មន្ត្រីជាន់ខ្ពស់ និងមន្រ្តីប៉ូលីសត្រូវបានគេឃើញចូលទៅក្នុងច្រកទ្វារនៃលំនៅដ្ឋានរបស់លោក Yoon ក្នុងទីក្រុងសេអ៊ូល ដើម្បីអនុវត្តដីកាសម្រាប់ឃុំខ្លួនរូបលោកពីបទចោទប្រកាន់ជាច្រើន។ ប៉ុន្តែវាមិនទាន់ច្បាស់ទេថាតើប្រធានាធិបតីរូបនេះនឹងសហការជាមួយអាជ្ញាធរដែលព្យាយាមឃុំខ្លួនលោកឬយ៉ាងណានោះទេ។ ប៉ុន្តែកាលពីថ្ងៃឆ្លងឆ្នាំសកល លោក Yoon បានផ្ញើសារចូលឆ្នាំថ្មីក្នុងចេតនាដាស់ស្មារតីទៅកាន់ក្រុមអ្នកគាំទ្រអភិរក្សនិយមរសប់លោកដែលប្រមូលផ្តុំគ្នានៅខាងក្រៅគេហដ្ឋានរបស់លោកដែរ ដោយលោកបាននិយាយថាលោកនឹង “តស៊ូដល់ទីបញ្ចប់” ប្រឆាំងនឹង “កងកម្លាំងប្រឆាំងរដ្ឋ”។ ចំណែកមេធាវីរបស់លោកបានពិពណ៌នាដីកាឃុំខ្លួនលោក Yoon ថា “មិនមានត្រឹមត្រូវនោះទេ” និង “ជាទង្វើខុសច្បាប់” ទៅវិញ៕ 

សម្រួលអត្ថបទ៖ សុផារិន្ទ