ក្រុមហ៊ុន Q.Q.MANAGEMENT សម្ភោធជាផ្លូវការនូវស្នាក់ការថ្មីរបស់ខ្លួន និងប្រកាសបើកជាផ្លូវការគម្រោងផែនការសកម្មភាពកិច្ចសហប្រតិបត្តិការ វប្បធម៌ និងទេសចរណ៍ កម្ពុជា-ចិន

ក្រុមហ៊ុន Q.Q.MANAGEMENT សម្ភោធជាផ្លូវការនូវស្នាក់ការថ្មីរបស់ខ្លួន និងប្រកាសបើកជាផ្លូវការគម្រោងផែនការសកម្មភាពកិច្ចសហប្រតិបត្តិការ វប្បធម៌ និងទេសចរណ៍ កម្ពុជា-ចិន ។
ឯកឧត្តម ជា សែ រដ្ឋលេខាធិការក្រសួងទេសចរណ៍ ថ្លែងថា សមាហរណកម្មស៊ីជម្រៅតាមរយៈវិស័យទេសចរណ៍ វិស័យកសិកម្ម ការអប់រំ និងវប្បធម៌ បង្កើតនូវការទទួលយកបទពិសោធន៍ទេសចរណ៍ តាមលក្ខណៈចម្រុះ និងទទួលបានគុណភាពខ្ពស់ ដើម្បីជំរុញសេដ្ឋកិច្ចទេសចរណ៍របស់កម្ពុជា ឲ្យឈានទៅដល់កម្រិតខ្ពស់។ ការបើកជាផ្លូវការ គម្រោងផែនការ សកម្មភាពកិច្ចសហប្រតិបត្តិការ វប្បធម៌ និងទេសចរណ៍ កម្ពុជា-ចិន ដើម្បីជំរុញការទាក់ទាញទីផ្សារទេសចរណ៍ចិន និងការទាក់ទាញធនធានវិនិយោគិនចិននាពេលនេះ ពិតជាមានសារៈសំខាន់ណាស់ដែលឆ្លុះបញ្ចាំងឱ្យឃើញនូវការ យកចិត្តទុកដាក់ខ្ពស់របស់ប្រមុខរដ្ឋាភិបាល នៃប្រទេសទាំងពីរ ពិសេសកិច្ចសហការដ៏ល្អរវាងក្រសួងទេសចរណ៍កម្ពុជា និងស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា ក្នុងការពង្រឹង និងពង្រីកចំណងមិត្តភាពកម្ពុជា-ចិន ស្របតាមស្មារតី មិត្តដែកថែប និងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន និងកិច្ចសហប្រតិបត្តិការត្បូងពេជ្ររវាងកម្ពុជា និងចិន ឱ្យកាន់តែរឹងមាំ និងខ្លាំងក្លាថែមទៀត។គម្រោងនេះនឹងជួយគាំទ្រដល់យុទ្ធនាការ ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិន ២០២៤ និងចូលរួមចំណែកយ៉ាងសកម្ម ដល់យុទ្ធសាស្ត្រ ខ្សែក្រវាត់ និងផ្លូវ របស់ប្រទេសចិន។
ឯកឧត្តម បញ្ជាក់ដែរថា រាជរដ្ឋាភិបាលអាណត្តិទី៧ បានបន្តថែរក្សាយ៉ាងខ្ជាប់ខ្ជួននូវសុខសន្តិភាព និងស្ថិរភាពនយោបាយ ដែលបានមកដោយលំបាក ព្រមទាំងបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ជាពិសេស រាជរដ្ឋាភិបាលនៅតែផ្តោតជាសំខាន់ លើវិស័យទេសចរណ៍ បន្តលើកកម្ពស់វិស័យទេសចរណ៍ តាមរយៈការអភិវឌ្ឍទេសចរណ៍ វប្បធម៌ និងធម្មជាតិ ប្រវត្តិសាស្ត្រ ដោយបន្ថែមទេសចរណ៍បៃតង ស្អាត និងវៃឆ្លាត ការបង្កើតផលិតផលទេសចរណ៍ថ្មីៗ ដែលមានតម្លៃបន្ថែមខ្ពស់ និងទេសចរណ៍ធុរកិច្ច តាមរយៈការលើកកម្ពស់ការអនុវត្តគោលនយោបាយ និងផែនការមេសម្រាប់អភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា។
លោកស្រី សុខ ម៉ីវួន ប្រធានក្រុមហ៊ុនទេសចរណ៍ Q.Q. MANAGEMENT ឲ្យដឹងថា គម្រោងផែនការកិច្ចសហប្រតិបត្តិការនេះ មានគោលបំណងជំរុញវិស័យទេសចរណ៍ ដើម្បីធ្វើឱ្យមានវេទិកាទេសចរណ៍ ដែលអាចបម្រើដល់វិស័យទេសចរណ៍ទាក់ទាញភ្ញៀវមកកម្ពុជា។ គម្រោងនេះ ពិតជាមានសារៈសំខាន់ ក្នុងការធ្វើឱ្យប្រសើរឡើងនូវ យុទ្ធសាស្រ្តរបស់ក្រុមហ៊ុន Q.Q. MANAGEMENT ហើយជាការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ក្រុមហ៊ុន ចំពោះការអភិវឌ្ឍន៍ឧស្សាហកម្មទេសចរណ៍របស់ប្រទេសកម្ពុជា នាពេលអនាគតផងដែរ។ ដោយឡែកពាក់ព័ន្ធនឹងការផ្លាស់ប្តូរវប្បធម៌ តាមរយៈកិច្ចសហប្រតិបត្តិការ ក្នុងវិស័យច្នៃប្រឌិតវប្បធម៌ រៀបចំមហោស្រពវប្បធម៌ និងសិល្បៈទីក្រុងចិន-កម្ពុជា ដោយផ្តោតលើបេតិកភណ្ឌវប្បធម៌ក្នុងស្រុក បង្កើតវេទិកាផ្លាស់ប្តូរវប្បធម៌ តាមអនឡាញនៅតាមទីក្រុង និងសកម្មភាពផ្សេងទៀត និងពង្រឹងអត្តសញ្ញាណវប្បធម៌ រវាងប្រជាជនទាំងពីរ។
លោកស្រី បន្តទៀតថា កម្ពុជា ជាប្រទេសមានទេសភាពធម្មជាតិសំបូរបែប បេតិកភណ្ឌវប្បធម៌ ដែលអាចទាក់ទាញភ្ញៀវទេសចរអន្តរជាតិ កាន់តែច្រើនឡើង។ ឧស្សាហកម្មទេសចរណ៍បច្ចុប្បន្ន នៅតែប្រឈមមុខនឹងបញ្ហាជាច្រើន ដូចជា ផលិតផលមានភាពដូចគ្នា ការផ្សព្វផ្សាយទីផ្សារនៅមានកម្រិត និងវិធីសាស្ត្រផ្សព្វផ្សាយដូចគ្នាតែមួយ។ ចាប់តាំងពីឆ្នាំ2019មក ក្រុមហ៊ុនបានចាប់ផ្តើមធ្វើការស្រាវជ្រាវស៊ីជម្រៅ និងរៀបចំផែនការយ៉ាងយកចិត្តទុកដាក់ ហើយពេលថ្មីៗនេះ ថ្នាក់ដឹកនាំចិន-កម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ថា នឹងធ្វើការរៀនសូត្រគ្នាទៅវិញទៅមក និងផ្លាស់ប្តូរស៊ីជម្រៅ ហើយស្វែងរកគោលគំនិតសំខាន់ នៃការអភិវឌ្ឍន៍រួមគ្នា ដែលធ្វើឱ្យមានទំនុកចិត្តគ្រប់គ្រាន់ ដើម្បីអនុវត្តប្រកបដោយជោគជ័យ។