ក្រុមហ៊ុន MANALTA INVESTMENT (CAMBODIA) ប្រទេសកាណាដា អនុវត្តលើវិស័យព័ត៌មានវិទ្យា បានបង្ហាញពីគោលបំណងធ្វើកិច្ចសហការជាមួយក្រសួងព័ត៌មាន ដើម្បីសិក្សាស្វែងយល់ឱកាសវិនិយោគ 5G នៅកម្ពុជា

នៅក្នុងឱកាសអញ្ជើញចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ នាទីស្តីការក្រសួង លោក CRAIG THMAS BOYD នាយកប្រតិបត្តិក្រុមហ៊ុន ម៉ាណាល់ភា អិនវេសម៉ិន (ខេមបូឌា) ឯ.ក នៃប្រទេសកាណាដា បានបញ្ជាក់ជូនពីគោលបំណងចង់ស្នើសុំការគាំទ្រ និងផ្តល់កិច្ចសហការពីក្រសួងព័ត៌មាន ដើម្បីសិក្សាស្វែងយល់ឱកាសសម្រាប់ធ្វើការវិនិយោគ 5G នៅកម្ពុជា ដោយការប្រើប្រាស់ហ្រ្វេកង់របស់ក្រុមហ៊ុន MANALTA INVESTMENT ដែលទើបទទួលបានអាជ្ញាបណ្ណនៅក្នុងប្រទេសកម្ពុជានាពេលថ្មីៗកន្លងមកនេះ។

ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបញ្ជាក់ជូនពីការស្វាគមន៍របស់ប្រទេសកម្ពុជា ចំពោះការចង់មកវិនិយោគទុន និងធ្វើការអាជីវកម្មនានា ហើយចំពោះគម្រោងរបស់ ក្រុមហ៊ុន ម៉ាណាល់តា អ៊ិនវេសម៉ិន (ខេមបូឌា) លើការវិនិយោគ5G ក្រសួងត្រូវការពេលវេលាពិភាក្សាជាមួយថ្នាក់ដឹកនាំ និងក្រុមការងារបច្ចេកទេសជំនាញ សម្រាប់កិច្ចការងារនេះ៕