ក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ ក្រសួង-ស្ថាប័ន ដែលជាសមាជិកគណៈកម្មាធិការជាតិ ជុំវិញចលនាភូមិមួយផលិតផលមួយ សហការរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ផែនការយុទ្ធសាស្ត្រជាតិ ស្តីពី ការជំរុញចលនាភូមិមួយផលិតផលមួយ ៥ឆ្នាំ លើកទី២ ឆ្នាំ២០២៤-២០២៨

ក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ ក្រសួង-ស្ថាប័ន ដែលជាសមាជិកគណៈកម្មាធិការជាតិ ជុំវិញចលនាភូមិមួយផលិតផលមួយ សហការរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ផែនការយុទ្ធសាស្ត្រជាតិ ស្តីពី ការជំរុញចលនាភូមិមួយផលិតផលមួយ ៥ឆ្នាំ លើកទី២ ឆ្នាំ២០២៤-២០២៨ ។
សិក្ខាសាលានេះ ត្រូវបានរៀបចំធ្វើនៅទីស្តីការគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការជាតិ ជំរុញចលនាភូមិមួយផលិតផលមួយ នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ គណៈកម្មាធិការជាតិ ជំរុញចលនាភូមិមួយផលិតផលមួយ ថ្នាក់ដឹកនាំក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ តំណាងក្រសួង-ស្ថាប័ន ដែលជាសមាជិកគណៈកម្មាធិការជាតិ ជុំវិញចលនាភូមិមួយផលិតផលមួយ លោក លោកស្រីអភិបាលរងនៃគណៈអភិបាលរាជធានី-ខេត្តទាំង២៥ និងតំណាងលេខាធិការដ្ឋាន គណៈកម្មាធិការជំរុញចលនាភូមិមួយផលិតផលមួយ ព្រមទាំងនិស្សិតជាច្រើនរូបទៀត។
ឯកឧត្តម ផល សុជាតិ អគ្គលេខាធិការគណៈកម្មាធិការជាតិ ជំរុញចលនាភូមិ១ផលិតផល១ បានធ្វើបទបង្ហាញ ស្តីពី យុទ្ទសាស្រ្តជាតិជំរុញចលនាភូមិមួយផលិតផលមួយ ៥ឆ្នាំ លើកទី២ ឆ្នាំ២០២៤-២០២៨ ដោយរំលេចនូវយុទ្ធសាស្ត្រអាទិភាពចំនួន៥ ដែលគ្របដណ្តប់លើសកម្មភាពចំនួន៥៣ និងមានការកំណត់ច្បាស់នូវសូចនាករត្រូវសម្រេចបានតាមការគ្រោងទុកដែលនឹងត្រូវទទួលខុសត្រូវអនុវត្តដោយក្រសួងស្ថាប័នពាក់ព័ន្ធ។
ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន មានប្រសាសន៍ថា កម្ពុជា ជាប្រទេសមួយមានសក្តានុពលដែលផ្តល់ជាមូលដ្ឋានគ្រឹះដ៏រឹងមាំ ក្នុងការទ្រទ្រង់ការអភិវឌ្ឍគ្រប់វិស័យ ទាំងវិស័យសេដ្ឋកិច្ច និងសង្គមកិច្ច។ ប៉ុន្តែអស់រយៈពេលដ៏យូរមកហើយ មិនដែលមានឱកាសប្រែក្លាយធនធានសក្តានុពលទាំងនេះ ឲ្យទៅជាប្រយោជន៍សម្រាប់ជាតិបានអស់លទ្ធភាពនៅឡើយទេ ទើបតែជាងម្ភៃឆ្នាំចុងក្រោយនេះ មាន ឱកាសបានស្គាល់សន្តិភាពពេញលេញ និងបានរួមគ្នាអភិវឌ្ឍប្រទេសក្រោមមតរកដែលមានតម្លៃមិនអាចកាត់ថ្លៃបាន គឺ នយោបាយឈ្នះ-ឈ្នះ ស្ថាបនាដោយអគ្គមគ្គុទេសឯក សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ។ ឈរលើមូលដ្ឋានសន្តិភាពនេះ រាជរដ្ឋាភិបាលបានដាក់ចេញ នូវគោលនយោបាយជាតិ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍តាមវិស័យជាបន្តបន្ទាប់ដែលមានលក្ខណៈប្រទាក់ក្រឡាគ្នា និងដាក់ចេញនូវអាទិភាពសំខាន់ៗ ដើម្បីជំរុញការអភិវឌ្ឍលើគ្រប់វិស័យ សំដៅសម្រេចចក្ខុវិស័យ ប្រែក្លាយកម្ពុជា ជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ប្រកបដោយភាពជំនាញនិយម និងប្រាកដប្រជា។ ជាមួយគ្នានេះ គោលនយោបាយជាតិស្តីពី ការជំរុញចលនាភូមិមួយផលិតផលមួយ ឆ្នាំ២០១៦-២០២៦ ត្រូវបានរាជរដ្ឋាភិបាលដាក់ចេញឲ្យអអនុវត្ត អមដោយផែនការយុទ្ធសាស្ត្រ ៥ឆ្នាំ លើកទី១ សំដៅដោះស្រាយគោលដៅទាំង៦ ដែលបានដាក់ចេញក្នុងគោលនយោបាយជាតិនោះ។ ឯកឧត្តមបណ្ឌិតសភាចារ្យ បញ្ជាក់ថា ចលនាភូមិ១ផលិតផល១ ត្រូវបានគេទទួលស្គាល់ថា ជាប្រព័ន្ធដំណោះស្រាយការអភិវឌ្ឍបែបចម្រុះមួយ។ គោលបំណងសំខាន់របស់ចលនានេះ គឺសំដៅកែលម្អជីវភាពរស់នៅរបស់ប្រជាជន ទាំងផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ច តាមរយៈការជួយលើកកម្ពស់សមត្ថភាពប្រជាជន ឲ្យចេះកៀរគរកែច្នៃឲ្យអស់លទ្ធភាព នូវធនធានសក្តានុពលទាំងឡាយ ដែលមានតាមភូមិឋាន ឲ្យក្លាយជាផលិតផល ជាទំនិញ ឬសេវា មានគុណភាព អាចលក់លើទីផ្សារក្នុង និងក្រៅប្រទេសបាន។ ចលនានេះ ត្រូវបានអនុវត្តដោយឈរលើគោលការណ៍គ្រឹះសំខាន់៣គឺ ១, គិតជាសាកល ប៉ុន្តែធ្វើនៅមូលដ្ឋាន ២, មានស្មារតីខ្លួនទីពឹងខ្លួន និងមានគំនិតច្នៃប្រឌិត និងទី៣, មានស្មារតី អភិវឌ្ឍន៍ធនធានមនុស្ស។ ចលនាភូមិ១ផលិតផល១ មិនមែនផ្តល់តម្លៃតែលើផ្នែកសេដ្ឋកិច្ចមួយមុខនោះទេ ប៉ុន្តែទស្សនទាននេះបានផ្តល់នូវគុណតម្លៃសំខាន់ជាច្រើនទៀត ដូចជាការ លើកកម្ពស់នូវភាពប៉ិនប្រសព្វរបស់ប្រជាពលរដ្ឋតាមមូលដ្ឋាន ការថែរក្សានូវសកម្មភាពជាទំនៀមទម្លាប់ប្រពៃណីរបស់ប្រជាជន និងជាពិសេស គឺការលើកមុខមាត់ប្រទេស លើឆាកអន្តរជាតិ តាមរយៈការបង្ហាញវត្តមានផលិតផលមានគុណភាព ដែលត្រូវបានផលិតដោយប្រជាជន តាមមូលដ្ឋានសម្រាប់ទីផ្សារទាំងក្នុង និងក្រៅប្រទេស។
ផែនការយុទ្ធសាស្ត្រជាតិ ជំរុញចលនាភូមិ១ផលិតផល១ លើកទី២នេះ ត្រូវបានប្រមុខរាជរដ្ឋាភិបាល ផ្តល់ការគាំទ្រយ៉ាងពេញទំហឹង។ សៀវភៅផែនការយុទ្ធសាស្ត្រជាតិ ជំរុញចលនាភូមិមួយផលិតផលមួយ ៥ឆ្នាំ លើកទី២ ឆ្នាំ២០២៤-២០២៨ មានយុទ្ធសាស្ត្រអាទិភាពចំនួន៥ គ្របដណ្តប់លើសកម្មភាពគន្លឹះចំនួន ៥៣ គឺជាសមិទ្ធផល ដែលបានកើតចេញពីការឯកភាពគ្នារវាងក្រសួង-ស្ថាប័ន ជាសមាជិកគណៈកម្មាធិការជាតិ ជំរុញចលនាភូមិមួយផលិតផលមួយ។
ក្នុងន័យនេះ ឯកឧត្តម ស្នើតំណាងក្រសួង-ស្ថាប័ន ជាសមាជិកកំពុងចូលរួមក្នុងសិក្ខាសាលានេះ ពិនិត្យមើលនូវសកម្មភាពគន្លឹះទាំងឡាយណាដែលមានចរិតពាក់ព័ន្ធ នឹងសមត្ថកិច្ចទទួលខុសត្រូវនៃក្រសួង-ស្ថាប័ន របស់ខ្លួនទាញយកទៅកសាងលម្អិត ក្នុងផែនការយុទ្ធសាស្ត្ររបស់ក្រសួងស្ថាប័នខ្លួន ដើម្បីអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់ និងស្របទៅតាមស្មារតីគណនេយ្យភាពសមិទ្ធកម្ម។ ទន្ទឹមនេះ ក៏សូមឱ្យមានការចូលរួមគាំទ្រ ពីបណ្តាដៃគូអភិវឌ្ឍ សង្គមស៊ីវិល វិស័យឯកជន គ្រឹះស្ថានបណ្តុះបណ្តាល ស្ថាប័នមីក្រូហិរញ្ញវត្ថុ ចូលរួមអនុវត្តសកម្មភាពទាំងឡាយ ក្នុងផែនការយុទ្ធសាស្ត្រ ដើម្បីឲ្យយើងអាចសម្រេចបាន នូវចក្ខុវិស័យរបស់គោលនយោបាយជាតិ ជំរុញចលនាភូមិមួយផលិតផលមួយ ដែលជាផលប្រយោជន៍រួម សម្រាប់ប្រជាជន។
ឯកឧត្តមបណ្ឌិតសភាចារ្យ បញ្ជាក់ថា រហូតមកដល់ពេលនេះ មានផលិតផលចំនួន ៩៦៦មុខ មកពី៦៤២ភូមិ ត្រូវបាបានទទួលស្គាល់ជាផលិតផលភូមិ១ផលិតផល១។
ឯកឧត្តមបណ្ឌិតសភាចារ្យទេសរដ្ឋមន្ត្រី ក៏បានអញ្ជើញប្រគល់វិញ្ញាបនបត្រទទួលស្គាល់ផលិតផលភូមិ១ផលិតផល១ ឆ្នាំ២០២៤ ជូនផលិតករភូមិ១ផលិតផល១ ផងដែរ។