ក្រុមបាល់ទាត់ អាណាចក្របៃតង និង ក្រុមសុភីណា អេហ្វស៊ី ក្លាយជាម្ចាស់ជើងឯក ពានរង្វាន់ Soccer League លើកទី៨ ឆ្នាំ២០២៥

ក្រុមអាណាចក្របៃតង និងក្រុមនារី សុភីណា អេហ្វស៊ីព្រឹត្តិការណ៍ បានក្លាយជាម្ចាស់ជើងឯកពានរង្វាន់ Soccer League លើកទី៨ ឆ្នាំ ២០២៥ ក្រោយពីប្រកួតយ៉ាងស្វិតស្វាញ នៅលើកទីលាន ពហុកីឡដ្ឋានជាតិអូឡាំពិក កាលពីថ្ងៃទី១២ កក្កដា ២០២៥ ។
ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់ពានរង្វាន់ Soccer League លើកទី៨ ឆ្នាំ ២០២៥ មានការអញ្ជើញជា អធិបតីពី ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា និងមានការចូលរួមពី សំណាក់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុករៀបចំ ការប្រកួតបាល់ទាត់ពានរង្វាន់ Soccer League លើកទី៨ ឆ្នាំ ២០២៥ និង ឯកឧត្តម ខៀវ ភារិទ្ធ សមាជិកគណៈអចិន្ត្រៃយ៍ សហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានគណៈកម្មកាប្រតិបត្តិរៀបចំការប្រកួតបាល់ទាត់ពានរង្វាន់ Soccer League លើកទី៨ ឆ្នាំ ២០២៥ និងឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួង ស្ថាប័ន ម្ចាស់ឧបត្ថម្ភកម្មវិធី និងដៃគូសហការជាច្រើនរូបទៀត។
ថ្លៃងក្នុងពិធីបិទ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុប្រធាន ស.ស.យ.ក. ទទួលបន្ទុកគ្រប់គ្រង និងរៀបចំពានរង្វាន់ Soccer League លើកទី៨ ឆ្នាំ២០២៥ បានមានប្រសាសន៍ថា៖ ពានរង្វាន់ Soccer League គឺជាវេទិការដែលបានផ្ដល់ឱកាសដល់យុវជន គ្រប់ទិសទី ទាំងស្ថាបនរដ្ឋ ឯកជន ជុំវិញរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ បានមានឱកាសបញ្ចេញសមត្ថភាព ដោយស្មើភាពគ្នានៅលើទីលាន ប្រកបដោយតម្លាភាព លើសពីនេះការប្រកួតពានរង្វាន់ Soccer League គឺជាកត្តាលីករ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ សកម្មភាពជាមួយរាជរដ្ឋភិបាល ក៏ដូចជាក្រសួងអបរំ ក្នុងបំផុសចលនាសាមគ្គី រវាងយុវជន និងយុវជន ជាពិសេសបង្កើនធនធានមនុស្សក្នុងវិស័យកីឡាបាល់ទាត់កម្ពុជា ឱ្យរីកចម្រើនស្មើមុខ ស្មើមាត់ទាំងលើឆាកជាតិ និងអន្តរជាតិ។
ឯកឧត្តម អភិសន្តិបណ្ឌិត បានធ្វើរបាយការណ៍សង្ខេបស្ដីពីការប្រកួតពានរង្វាន់ Soccer League លើកទី៨ ឆ្នាំ២០២៥ ដោយបានទទួលពាក្យចូលរួមការប្រកួតមានចំនួន ៦៣ ក្រុម ក្នុងនោះដែលក្រុមបុរសមានចំនួន ៥៦ ក្រុម និងក្រុមនារីមានចំនួន ៧ក្រុម។ ទន្ទឹមនឹងនេះ ឯកឧត្តមបានបន្តទៀត គណៈកម្មាការរៀបចំការប្រកួតពានរង្វាន់ Soccer League បានកោតសរសើរចំពោះក្រុមកីឡាករនីមួយៗ ដោយបានគោរពគោលការ បទបញ្ជា កតិកាប្រកួតប្រកបដោយការទទួលខុសត្រូវខ្ពស់។ ជាមួយគ្នានេះឯកឧត្តមក៏បានគូសបញ្ជាក់ផងដែរថា ការប្រកួតពានរង្វាន់ Soccer League ក៏បានផ្សារភ្ជាប់ការប្រកួតបាល់ទាត់មិត្តភាពសប្បុរសធម៌ រវាង UYFC All Stars និងផ្ការីកគ្រប់រដូវ ក្រោមមូលបទ «ស្មារតីដើម្បីយុវជនសង្គមយើងសម្រាប់កុមារ» ផងដែរ។
ឯកឧត្តម ហ៊ុន ម៉ានី មានប្រសាស៍ថា តាងនាមប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ពិជាមានអារម្មណ៍រីករាយដែលបានចូលរួមក្នុងពិធីបិទការប្រកួតបាល់ទាត់ពានរង្វាន់ Soccer League ទី៨ ឆ្នាំ ២០២៥។ ឯកឧត្តម បានកោតសសើ និងវាយតម្លៃខ្ពស់ចំពោះឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានគណកម្មាការរៀបចំការប្រកួតបាល់ទាត់ពានរង្វាន់ Soccer League លើកទី៨ ឆ្នាំ ២០២៥ និងឯកឧត្តម ខៀវ ភារិទ្ធ ប្រធានគណៈកម្មកាប្រតិបត្តិ ដែលបានខិតខំប្រឹងប្រែង ក្នុងការបំពេញភារកិច្ចប្រកបដោយទំនួលខុសត្រូវខ្ពស់ សម្របសម្រួលរាល់ដំណើរការនៃការប្រកួត ទទួលបានជោគជ័យមកដល់វគ្គផ្ដាច់ព្រ័ត្រ។
ឯកឧត្តម ហ៊ុន ម៉ានី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មការរៀបចំការប្រកួត លោកគ្រូ អ្នកគ្រូបង្វិក ជាពិសេសកីឡាករ កីឡាការិនី ដែលបានខិតខំប្រឹងប្រែង ហ្វិកហាត់សមត្ថភាពដើម្បីទទួលបានជ័យជំនះក្នុងការប្រកួតនីមួយៗ។ ឯកឧត្តមបានបន្តថា ការប្រកួតពានរង្វាន់ Soccer League បានចាប់ផ្តើមឡើងតាំងពីឆ្នាំ២០១៣ រហូតមកដល់ពេលបច្ចុប្បន្ននេះ មានការរីកលូតលាស់ ពីមួយឆ្នាំទៅមួយឆ្នាំ ដោយមានក្រុមកីឡាករ និងកីឡាការិនីកើនឡើនជាបន្តបន្ទាប់។
ជាមួយគ្នានេះ ឯកឧត្តម ក៏បានបន្តទៀតថា គោលបំណងនៃការរៀបចំការប្រកួតនេះ គឺនាំមកនូវការជួបជុំគ្នាក្នុងស្មារតីតែមួយ ក្នុងនាមជាមហាគ្រួសារខ្មែរ។ ជាមួយគ្នានេះ ឯកឧត្តមក៏បាន ថ្លែងអំណរយ៉ាងជ្រាលជ្រៅ ចំពោះគណៈកម្មការរៀបចំ មន្រ្តីបច្ចេកទេស អាជ្ញាកណ្តាល អាជ្ញាធរមានសមត្ថកិច្ច កងកម្លាំងរក្សាសណ្តាប់ធ្នាប់ ក្រុមការងារ យុវជនស្ម័គ្រចិត្ត សិល្បៈករ សល្បៈការិនី ក៏ដូចជាដៃគូសហការ ឧបត្ថម្ភទាំងអស់ដែលបានចូលរួមចំណែក ទាំងកម្លាំងកាយ ចិត្ត និងសម្ភារៈក្នុងការរៀបចំការប្រកួតនាពេលនេះ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតពានរង្វាន់ Soccer League មានក្រុមចូលរួមប្រកួតសរុបចំនួន ៦៣ក្រុម ក្នុងនោះ ក្រុមបុរសមានចំនួន ៥៦ក្រុម បែងចែកជា១៦ពូល ដោយ ពូល A ដល់ពូល H មានចំនួន ៤ក្រុម ខណៈពូល I ដល់ពូល P មានចំនួន ៣ក្រុម ។ និងក្រុមនារីមានចំនួន ៧ក្រុម ចែកចេញជា ២ពូល ក្នុងនោះមាន A មាន ៤ក្រុម និងពូល B មាន ៣ក្រុម។