ក្រុមកីឡាករ កីឡាការិនី ទោចក្រយាន កើនសមត្ថភាព គួរឲ្យកត់សម្គាល់ បន្ទាប់ពីបញ្ចប់ការ ប្រកួតជើងឯកថ្នាក់ជាតិ

ការប្រកួតជ្រើសរើស ជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៤ ដោយជោគជ័យ ក្រោយដំណើរការប្រកួតរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៤-២៦ ខែមករា ឆ្នាំ២០២៥ នៅខេត្តកំពត ខណៈមន្ដ្រីជំនាញ បានវាយតម្លៃខ្ពស់ ចំពោះកំណើន សមត្ថភាពអត្តពលិក ចូលរួម ពិសេសបេក្ខភាព ក្រុមជម្រើសជាតិ ដែលបានប្រមូល ផ្ដុំហ្វឹកហាត់ កាលពីឆ្នាំមុន ។

លោក នូ ចំរើន អគ្គលេខាធិការ សហព័ន្ធកីឡាទោចក្រយានកម្ពុជា បានឲ្យដឹងថា ការប្រកួតជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំខាងលើ មានសមាគម/ក្លិបចូលរួមជាង ២០ បើធៀបឆ្នាំមុន មានការថយចុះ ១០ក្លិប ដោយសារឆ្នាំនេះ សហព័ន្ធបានរៀបចំ លើផ្លូវ ដែលមានស្ថានភាពលំបាក និងជាការប្រកួតជ្រើសរើសកីឡាករប្រមូលផ្ដុំហ្វឹកហាត់ត្រៀមការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ នាចុងឆ្នាំ២០២៥ ខាងមុខ ។

ចំពោះគោលដៅសំខាន់ នៃការប្រកួតជើងឯកថ្នាក់ជាតិ ឆ្នាំនេះដែរ គឺជាការធ្វើ តេស្ដសមត្ថភាពក្រុមជម្រើសជាតិ បន្ទាប់ពីពួកគេបានប្រមូលផ្ដុំហ្វឹកហាត់ កាលពីឆ្នាំ២០២៤ កន្លងមក ដើម្បីវាយតម្លៃសមត្ថភាពពួកគេ ។ ជាលទ្ធផលសហព័ន្ធបានមើលឃើញពីការខិតខំរបស់កីឡាករ-កីឡាការិនីទាំងអស់ ពិសេសការជិះឡើងភ្នំ ដែលជាការឆ្លើយតបទៅនឹងការត្រៀមប្រកួតលើស្ថានភាពផ្លូវលំបាកដូចគ្នា ក្នុងស៊ីហ្គេមចុងឆ្នាំនេះ ។

លោក អគ្គលេខាធិការ សហព័ន្ធ បានបន្ដទៀតថា «តាមរយៈការប្រកួត ឆ្នាំនេះ យើងឃើញថា កម្រិតសមត្ថភាព និងបច្ចេកទេសរបស់ កីឡាករ-កីឡាការិនី មានការរីកចម្រើន ពិសេសកីឡាករជម្រើសជាតិ ដែលបានប្រមូលផ្ដុំហ្វឹកហាត់ កាលពីឆ្នាំ២០២៤ ។ ហើយការប្រកួតជើងឯកថ្នាក់ជាតិ នាដើមឆ្នាំនេះ គឺមានកម្រិតបច្ចេកទេសកើនឡើងគួរឲ្យកត់ សម្គាល់ ពិសេសការជិះឡើងភ្នំបូកគោ គឺពួកគាត់ធ្វើបានល្អជាងឆ្នាំមុន» ។

គួរដឹងដែរថា ក្រោយឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញលើ ៨ វិញ្ញាសា គឺ ក្លិបក្រសួងមហាផ្ទៃ ដណ្ដើមបានមេដាយច្រើនជាងគេសរុប ៦គ្រឿង (មាស ៣ ប្រាក់ ១ និងសំរឹទ្ធ ២) ។ ក្លិបកង់គិរីរម្យ ឈ្នះមេដាយមាស ២ និងប្រាក់ ១ ឈរលេខ២ ។ ក្លិប Electro Racing ឈ្នះមេដាយមាស ១ ប្រាក់ ១ និងសំរឹទ្ធ ២ ឈរលេខ៣ ។ ក្លិបកង់កំពត ឈ្នះមេដាយមាស ១ និងសំរឹទ្ធ ១ ឈរលេខ៤ និងក្លិប Cambodia Biking ឈរលេខ៥ ឈ្នះមេដាយមាស ១គ្រឿង ។ ក្នុងនាមសហព័ន្ធ លោក នូ ចំរើន បានអរគុណដល់ ក្រសួងអប់រំ រដ្ឋបាលខេត្តកំពត និងដៃគូឧបត្ថម្ភ ដែលបានឧបត្ថម្ភគាំទ្រ និងជំរុញឲ្យព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ បញ្ចប់ដោយជោគជ័យ ៕