ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ផ្តល់គោលការណ៍ លើកទឹកចិត្តពិសេស ដល់គម្រោងវិនិយោគ និង ធុរកិច្ច ចំនួន ៣៥ គម្រោង បន្ថែមទៀត ក្រោមទុនវិនិយោគ ៣២៧ លានដុល្លាររអាមេរិក

នាព្រឹកថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ ២០២៥ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានប្រជុំពិភាក្សាលើគម្រោងវិនិយោគ និង ធុរកិច្ច ដែលស្នើការលើកទឹកចិត្តពិសេស ដោយបានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្ត ការអនុគ្រោះ និង ការសម្រួលនីតិវិធី ចំនួន ៣៥ គម្រោង រួមមាន គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំង ចំនួន ២២, គម្រោងថ្មី ចំនួន ១២, និង គម្រោងមានស្រាប់ ចំនួន ១ ដែលមានទុនវិនិយោគប្រមាណ ៣២៧ លានដុល្លារអាមេរិក និង ប៉ាន់ស្មានអាចបង្កើតការងារប្រមាណ ៣ ៣៦៣ កន្លែង ។ គម្រោងទាំង ៣៥ នោះ មានជាអាទិ៍ គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស, គម្រោងបង្កើតសួនឧស្សាហកម្ម, រោងចក្រកែច្នៃចំណីសត្វ, រោងចក្រផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះ, គម្រោងសណ្ឋាគារ, គម្រោងផ្ទះលំហែ និង អគារពាណិជ្ជកម្ម ។ ផ្អែកតាមតួលេខនេះ, ក្រុមការងារបានផ្តល់ការលើកទឹកចិត្តជូនគម្រោងចំនួន ១១៨ គម្រោង សម្រាប់ឆមាសទី ១ ឆ្នាំ ២០២៥ ក្នុងនោះ អគារជាប់គាំង ចំនួន ៥១ គម្រោង, គម្រោងវិនិយោគថ្មី ចំនួន ៥៤ គម្រោង, គម្រោងពង្រីក ចំនួន ៨ គម្រោង និង គម្រោងមានស្រាប់ ចំនួន ៥ គម្រោង ។
កិច្ចប្រជុំនេះ ជាកិច្ចប្រជុំលើកទី ១៧ ដឹកនាំដោយ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដោយមានការចូលរួមពី ថ្នាក់ដឹកនាំ និង មន្ត្រីជំនាញរបស់ក្រសួងស្ថាប័ន ។ ក្នុងកិច្ចប្រជុំនេះ, ឯកឧត្តមបណ្ឌិតសភាចារ្យ ប្រធានក្រុមការងារ បានគូសរំលេចថា តាមរយៈយន្តការ “ថែរក្សាអ្នកចាស់ និង ស្វែងរកអ្នកថ្មី” និង ការដោះស្រាយបញ្ហាជាកញ្ចប់, ក្រុមការងារ និង រដ្ឋបាលខេត្ត បានរៀបចំវេទិការវាងរដ្ឋ និង វិស័យឯកជន នៅខេត្តព្រះសីហនុ ដើម្បីស្តាប់សំណូម-ពរ និង ដោះស្រាយការលំបាក រួមទាំងការជំរុញ និង ការសម្រួលនានា ដើម្បីផ្តល់អាជ្ញាបណ្ណ លិខិតអនុញ្ញាត និង វិញ្ញាបនបត្រ ។
ទន្ទឹមនេះ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប មានប្រសាសន៍ថា កិច្ចការដែលក្រុមការងារកំពុងអនុវត្តនាពេលបច្ចុប្បន្ន គឺជាការចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ ជាមួយរាជរដ្ឋាភិបាល ក្នុងអភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ” ដែលមានសហថាមពលព្រមគ្នា និង មានសង្គតិភាពជាមួយគ្នា ។ ឯកឧត្តមបណ្ឌិតសភាចារ្យ មានប្រសាសន៍បន្ថែមថា ស្របពេលដែលប្រទេសកំពុងជួបប្រទះបញ្ហាប្រឈមខាងក្រៅ ក្រុមការងារត្រូវបន្តកិច្ចខិតខំប្រឹងប្រែងទ្វេដង និង រួមគ្នាជាធ្លុងមួយ ក្នុងការបំពេញការងារតាមកាតព្វកិច្ចរៀងៗខ្លួន ក្នុងស្មារតីឧត្តមប្រយោជន៍ជាតិ ដើម្បីប្រែក្លាយ “បញ្ហាប្រឈម” ទៅជា “កាលានុវត្តភាព” តាមរយៈការផ្តល់កិច្ចសហការខ្ពស់ និង សម្របសម្រួលផ្តល់សេវាដល់ម្ចាស់គម្រោង ដោយរលូន និង រហ័ស ដូចជា ការផ្តល់លិខិត អនុញ្ញាត អាជ្ញាបណ្ណ និង វិញ្ញាបនបត្រ ជាដើម ដើម្បីឱ្យម្ចាស់គម្រោងអាចដំណើរការគម្រោងបាន និង ចូលរួមបង្កើតការងារជូនប្រជាពលរដ្ឋ ។
សូមជម្រាបជូនថា រាជរដ្ឋាភិបាលបានដាក់ចេញ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤” ដែលបន្តអនុវត្តរហូតដល់ដំណាច់ឆ្នាំ ២០២៥ ក្នុងគោលបំណងជំរុញសម្ទុះសេដ្ឋកិច្ច និង បង្កើតការងារជូនប្រជាពលរដ្ឋ ព្រមទាំងកែប្រែមុខមាត់ខេត្តព្រះសីហនុ ។ បច្ចុប្បន្ន, ខេត្តព្រះសីហនុ មានសន្តិសុខ សណ្តាប់ធ្នាប់ និង បរិយកាសវិនិយោគល្អប្រសើរ ដែលបានទាក់ទាញការវិនិយោគ និង ភ្ញៀវទេសចរ ក្នុងចំនួនច្រើន និង ច្រើនជាតិសាសន៍ សមស្របជាមជ្ឈមណ្ឌលនៃការអភិវឌ្ឍពហុបំណង និង ជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់របស់កម្ពុជា ។
ជាមួយនេះ, ក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុ បន្តលើកទឹកចិត្តឱ្យធុរជន និង វិនិយោគិន រួសរាន់អញ្ជើញដាក់ពាក្យ ឬ ស្នើមកក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដើម្បីទទួលបាន «អត្ថប្រយោជន៍ពិសេស» ទាំងការលើកទឹកចិត្តផ្នែកពន្ធ ការសម្របសម្រួលផ្នែករដ្ឋបាល និង ការសម្រួលនីតិវិធីផ្សេងៗពាក់ព័ន្ធការវិនិយោគ នៅទីតាំងដែលមានអាសយដ្ឋាន នៅផ្លូវជាតិលេខ ៤ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលមានលេខទំនាក់ទំនង៖ +៨៥៥ ១២ ៩០២ ២០០, +៨៥៥ ៨៩ ៧២៦ ០២៨ និង +៨៥៥ ១៦ ៣២១ ០១០ ឬ នៅអគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច ជាន់ទី ២១ សង្កាត់/ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលមានលេខទំនាក់ទំនង ៖ +៨៥៥ ៩៣ ៨៥៨ ៥៤៣
