ក្រសួងឧស្សាហកម្ម និងក្រសួងកសិកម្ម ជំរុញការការពារពូជដំណាំនិងសិទ្ធិអ្នកបង្កាត់ពូជដំណាំ ដោយពិភាក្សាការធ្វើវិសោធនកម្មច្បាប់

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយអង្គការសហភាព ការពារពូជថ្មីនៃដំណាំ (UPOV) បានរៀបចំសិក្ខាសាលា ស្តីពី ការធ្វើវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងពូជដំណាំ និងសិទ្ធិអ្នកបង្កាត់ពូជដំណាំ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ ។
ថ្លែងក្នុងពិធីបើកសិក្ខាសាលានេះ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រី ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា៖“ការធ្វើវិសោធនកម្មច្បាប់នេះ គឺដើម្បីពង្រឹងប្រព័ន្ធការពារពូជថ្មីនៃដំណាំឱ្យមានប្រសិទ្ធភាព ស្របតាមស្តង់ដាអន្តរជាតិ និងអនុសញ្ញា UPOV ។
ច្បាប់ស្តីពី ការគ្រប់គ្រងពូជដំណាំ និងសិទ្ធិអ្នកបង្កាត់ពូជដំណាំរបស់កម្ពុជាកំណត់ការគ្រប់គ្រង និងការត្រួតពិនិត្យលើការបង្កាត់ ការបញ្ចេញឱ្យប្រើការផលិត កែច្នៃ ចុះបញ្ជី ចែកចាយ នាំចូល និងនាំចេញពូជដំណាំព្រមទាំងការការពារពូជថ្មីនៃដំណាំក្នុងព្រះរាជាណាចក្រកម្ពុជាដោយក្រសួងឧស្សាហកម្ម វិទ្យា សាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ទទួលខុសត្រូវលើការផ្តល់សិទ្ធិការពារពូជថ្មីនៃដំណាំ ហើយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទទួលខុសត្រូវលើការគ្រប់គ្រងពូជដំណាំគ្រប់ប្រភេទ។
ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងថា៖ វិស័យកម្មសិទ្ធិបញ្ញាជាផ្នែដ៏សំខាន់មួយសម្រាប់ជំរុញការធ្វើពាណិជ្ជកម្ម លើកទឹកចិត្តឱ្យមានការសិក្សាស្រាវជ្រាវបង្កាត់ពូជដំណាំថ្មីៗ យកមកចុះបញ្ជី ការពារ សិទិ្ធ អ្នក បង្កាត់ ពូជដំណាំ ដើម្បីធ្វើអាជីវកម្មលើទីផ្សារក្នុងប្រទេស និងពង្រីកទីផ្សារនាំចេញផលិតផលកសិកម្ម កម្ពុជា ទៅកាន់ទីផ្សារក្នុងតំបន់ និងអន្តរជាតិ។
សិក្ខាសាលានេះ បានប្រមូលផ្តុំអ្នកជំនាញជាតិ និងអន្តរជាតិ មកពីក្រសួងទាំងពីរ របស់កម្ពុជា ព្រមទាំងតំណាង អង្គការ UPOV ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទជប៉ុន និងសមាគមជប៉ុន JATAFF ដើម្បីពិភាក្សា អំពីឧត្តមានុវត្តន៍ជាអន្តរជាតិ, ដំណើរការ នៃការធ្វើវិសោធនកម្មច្បាប់នេះឱ្យស្របតាមអនុសញ្ញា UPOV, និងស្វែងយល់ពីអត្ថប្រយោជន៍សម្រាប់កម្ពុជា ក្នុងការចូល ជាសមាជិកអង្គការ UPOV ៕