ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បិទវគ្គឆ្នាំ២០២៤ និងបើកវគ្គឆ្នាំ ២០២៥ នៃកម្មវិធីបណ្ដុះបណ្ដាលជំនាញបច្ចេកទេសកម្រិតវិញ្ញាបនបត្រផ្សារភ្ជាប់មុខតំណែង

នៅថ្ងៃចន្ទ ១៣ កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែ កុម្ភៈ ឆ្នាំ ២០២៥ នៅសណ្ឋាគារសុខាភ្នំពេញ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំពិធីបិទវគ្គឆ្នាំ ២០២៤ និង បើកវគ្គឆ្នាំ ២០២៥ នៃ «កម្មវិធីបណ្ដុះបណ្ដាលជំនាញបច្ចេកទេសកម្រិតវិញ្ញាបនបត្រផ្សារភ្ជាប់មុខតំណែង» ដែលមានការចូលរួមពីសិក្ខាកាមជ័យលាភីឆ្នាំ ២០២៤ និងសិក្ខាកាមគោលដៅឆ្នាំ ២០២៥ ជាមន្រ្តីអនុវត្តការងារហិរញ្ញវត្ថុសាធារណៈ មកពីក្រសួងស្ថាប័ន, មន្ទីរជំនាញនៃក្រសួងចំនួន ៩, គ្រឹះស្ថានសាធារណៈរដ្ឋបាល និង រដ្ឋបាលរាជធានី-ខេត្តទាំង ២៥ ។
ពិធីនេះ បានប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារកសាងសមត្ថភាពរបស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ អមដោយឯកឧត្តម,លោកជំទាវ, រដ្ឋលេខាធិការ, អនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ ថ្នាក់ដឹកនាំតំណាងក្រសួង ស្ថាប័ន មន្ទីរជំនាញនៃក្រសួងចំនួន៩, គ្រឹះស្ថានសាធារណៈរដ្ឋបាល, រដ្ឋបាលរាជធានីខេត្ត ព្រមទាំងឧទ្ទេសាចារ្យ និង សិក្ខាកាម សរុបប្រមាណជាង ៨០០ នាក់ ។
ថ្លែងក្នុងពិធីនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ បានសង្កត់ធ្ងន់ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និង ប៉ិនប្រសប់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា, រាជរដ្ឋាភិបាល ក្នុងនីតិកាលទី ៧ នៃរដ្ឋសភា បានបន្តផ្តល់អាទិភាពខ្ពស់ ដល់ការកសាង និង ការអភិវឌ្ឍធនធានមនុស្ស ដោយបានចាត់ទុក «ការអភិវឌ្ឍមូលធនមនុស្ស គឺជាអាទិភាពទី ១» ក្នុងរបៀបវារៈនៃ «យុទ្ធសាស្ត្របញ្ចកោណ» ដំណាក់កាលទី ១ ដើម្បី កំណើន ការងារ សមធម៌ប្រសិទ្ធភាព និង ចីរភាព ដោយប្រកាន់ខ្ជាប់នូវអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» សំដៅលើកកម្ពស់ផលិតភាពសេដ្ឋកិច្ច ដែលជាមូលដ្ឋាន និងជាមធ្យោបាយនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច, ការកាត់បន្ថយភាពក្រីក្រ និងការឈានទៅសម្រេចចក្ខុវិស័យ «ប្រែក្លាយកម្ពុជាទៅជាប្រទេសចំណូលខ្ពស់ឆ្នាំ ២០៥០» ។
ការបណ្ដុះបណ្ដាល និង វិក្រឹតការលើជំនាញពាក់ព័ន្ធការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានក្លាយជាកាតព្វកិច្ចចំពោះមន្ត្រីអនុវត្តការងារហិរញ្ញវត្ថុសាធារណៈ ក្នុងការកសាងគុណវុឌ្ឍិ ដើម្បីបំពេញមុខងារភារកិច្ច សំដៅចូលរួមចំណែកលើកកម្ពស់ផលិតភាព និង ប្រសិទ្ធភាពការងារ នៃអង្គភាពថវិកានីមួយៗរបស់ក្រសួងស្ថាប័ន និងមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ, ទាំងនៅថ្នាក់ជាតិ និង នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ស្របតាមស្មារតីច្បាប់ស្ដីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ឆ្នាំ ២០២៣ ត្រង់មាត្រា ១៤ ដែលបានកំណត់ថា «មន្ត្រីរាជការជំនាញហិរញ្ញវត្ថុសាធារណៈ នៃក្រសួងស្ថាប័ន, អង្គភាពសាធារណៈប្រហាក់ប្រហែល, រដ្ឋបាលថ្នាក់ក្រោមជាតិ និង គ្រឹះស្ថានសាធារណៈរដ្ឋបាល ដែលមានភារកិច្ចអនុវត្តការងារហិរញ្ញវត្ថុ ត្រូវមានគុណវុឌ្ឍិវិជ្ជាជីវៈតាមប្រភេទមុខតំណែងការងារនីមួយៗ» និងស្របតាមស្មារតី អនុក្រឹត្យស្តីពីគុណវុឌ្ឍិវិជ្ជាជីវៈជំនាញហិរញ្ញវត្ថុសាធារណៈ ត្រូវបានរាជរដ្ឋាភិបាលដាក់អនុវត្តជាផ្លូវការ កាលពីថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២៤ កន្លងទៅ ។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានគូសបញ្ជាក់ថា ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ តែងចាត់ទុកការកសាង និង ការអភិវឌ្ឍសមត្ថភាពមន្រ្តីរាជការ លើជំនាញសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈគឺជាកត្តាចាំបាច់ សម្រាប់ចូលរួមគាំទ្រ និង អនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់រាជរដ្ឋាភិបាល សំដៅរួមចំណែកលើកកម្ពស់កម្រិតជីវភាព និង បង្កើនប្រសិទ្ធភាពនិងភាពស័ក្តិសិទ្ធ នៃការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ។ ឯកឧត្តមបណ្ឌិតសភាចារ្យ រដ្ឋលេខាធិការក៏បានរំឭកថា កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គឺជាកម្មវិធីកែទម្រង់គន្លឹះមួយ ក្នុងចំណោមកម្មវិធីកែទម្រង់សំខាន់ៗរបស់រាជរដ្ឋាភិបាល ក្នុងគោលដៅ ប្រែក្លាយប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈកម្ពុជា ពីប្រព័ន្ធផ្ដោតលើធាតុចូល និង មានលក្ខណៈមជ្ឈការ ឆ្ពោះទៅជាប្រព័ន្ធដែលផ្ដោតលើសមិទ្ធកម្ម និង មានលក្ខណៈវិមជ្ឈការ ស្របតាមស្ដង់ដា និង ឧត្តមានុវត្តន៍អន្តរជាតិ ។

Khemerith Dalis, [2/10/2025 3:31 PM]
បច្ចុប្បន្ន, ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈកំពុងស្ថិតក្នុងដំណាក់កាលទី ៤ ជាដំណាក់កាលចុងក្រោយ ក្នុងគោលបំណងគឺ«គណនេយ្យភាពសមិទ្ធកម្ម»។ នៅក្នុងដំណាក់កាលនេះ, សិទ្ធអំណាច,ភាពជាម្ចាស់ និង ការទទួលខុសត្រូវ កាន់តែច្រើនទ្បើង ត្រូវបានផ្ទេរឱ្យក្រសួង ស្ថាប័ន និង មន្ទីរអង្គភាពជំនាញក្រោមឱវាទ រួមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ តាមរយៈការរៀបចំ និង ការអនុវត្តថវិកាកម្មវិធី និង អង្គភាពថវិកា ។ លើសពីនេះ, ច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈឆ្នាំ ២០២៣ បានកំណត់ក្របខ័ណ្ឌពេលសម្រាប់អនុវត្តជាមូលដ្ឋាននូវ «ប្រព័ន្ធថវិកាសមិទ្ធកម្ម» ចាប់ពីឆ្នាំ ២០២៦ និង តម្រូវឱ្យមន្ត្រីហិរញ្ញវត្ថុសាធារណៈ នៃក្រសួងស្ថាប័ន, អង្គភាពសាធារណៈប្រហាក់ប្រហែល, រដ្ឋបាលថ្នាក់ក្រោមជាតិ និង គ្រឹះស្ថានសាធារណៈរដ្ឋបាល ដែលមានភារកិច្ចអនុវត្តការងារហិរញ្ញវត្ថុ ត្រូវមានគុណវុឌ្ឍិវិជ្ជាជីវៈតាមប្រភេទមុខតំណែងការងារនីមួយៗ ។ ក្នុងន័យនេះ, ជំនាញបច្ចេកទេសហិរញ្ញវត្ថុចាំបាច់ត្រូវពង្រីកពី «ការអនុវត្តថវិកាកម្មវិធីឆ្ពោះទៅការអនុវត្តថវិកាសមិទ្ធកម្ម» ។ ការណ៍នេះ នឹងតម្រូវឱ្យមានកម្មវិធីបណ្ដុះបណ្តាលប្រមូលផ្តុំជាប្រព័ន្ធ និង គ្រប់ជ្រុងជ្រោយ សម្រាប់កសាងគុណវុឌ្ឍិវិជ្ជាជីវៈជំនាញហិរញ្ញវត្ថុជូនដល់ក្រសួងស្ថាប័ន ដើម្បីអនុវត្តក្របខ័ណ្ឌគណនេយ្យភាពសមិទ្ធកម្ម ក្រោមឆ័ត្រនៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី ៤ ។ តាមរយៈនេះ, កម្មវិធីបណ្ដុះបណ្តាលជំនាញបច្ចេកទេសកម្រិតវិញ្ញាបនបត្រផ្សារភ្ជាប់មុខតំណែង(Certificate Programs) លើជំនាញសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ត្រូវបានបង្កើតឡើងដោយវិទ្យាស្ថានសេដ្ឋកិច្ច និង ហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង កំពុងអនុវត្តយ៉ាងសកម្ម ។ ជាមួយនេះ, វគ្គបណ្តុះបណ្តាលស្តីពី «ទស្សនាទានថវិកាព័ត៌មានសមិទ្ធកម្ម និង កិច្ចព្រមព្រៀងសមិទ្ធកម្ម, ក្របខ័ណ្ឌតាមដាន និង វាយតម្លៃ និង ជំនាញពាក់ព័ន្ធ» ក៏ត្រូវបានរៀបចំជូនដល់មន្រ្តីរាជការក្រសួងស្ថាប័ន សំដៅបង្កើនចំណេះដឹង និង បញ្ជ្រាបការយល់ដឹងជាបណ្ដើរៗអំពី ថវិកាព័ត៌មានសមិទ្ធកម្ម និង ការតាមដានសមិទ្ធកម្ម នៃកម្មវិធីនីមួយៗ ។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានគូសបញ្ជាក់ទៀតថា កម្មវិធីបណ្ដុះបណ្ដាលជំនាញបច្ចេកទេសកម្រិតវិញ្ញាបនបត្រផ្សារភ្ជាប់មុខតំណែង ដែលរៀបចំឡើងដោយវិទ្យាស្ថានសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នាពេលនេះ, ពិតជាមានសារៈសំខាន់ និង ឆ្លើយតបទៅនឹងតម្រូវការចំាបាច់របស់ក្រសួងស្ថាប័ន និង មន្ទីរអង្គភាពជំនាញពាក់ព័ន្ធ, ទាំងនៅថ្នាក់ជាតិ និង នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការពង្រឹង ពង្រីកសមត្ថភាពនិង ជំនាញវិជ្ជាជីវៈជូនដល់មន្ត្រីអនុវត្តការងារហិរញ្ញវត្ថុសាធារណៈ, ទាំងលើចំណេះដឹង, ជំនាញវិជ្ជាជីវៈ, បច្ចេកទេស និង ឥរិយាបថបំពេញការងារ សំដៅចូលរួមគាំទ្រ និង អនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ -ដំណាក់កាលទី ៤ របស់រាជរដ្ឋាភិបាល ឱ្យសម្រេចបានជោគជ័យ ប្រកបដោយប្រសិទ្ធភាព និង តម្លាភាព៕