ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ប្រារព្ធខួបអនុស្សាវរីយ៍លើកទី៣១ ទិវាអន្តរជាតិ ស្តីពី គ្រួសារ ១៥ឧសភា ឆ្នាំ២០២៥ ក្រោមប្រធានបទ «រួមគ្នាលើកកម្ពស់សុខុមាលភាពគ្រួសារ នាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍន៍សង្គមជាតិ»

ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ប្រារព្ធខួបអនុស្សាវរីយ៍លើកទី៣១ ទិវាអន្តរជាតិ ស្តីពី គ្រួសារ ១៥ឧសភា ឆ្នាំ២០២៥ ក្រោមប្រធានបទ «រួមគ្នាលើកកម្ពស់សុខុមាលភាពគ្រួសារ នាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍន៍សង្គមជាតិ»។
លោកជំទាវ ប្រុក ម៉ៃកន្និដ្ឋា រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មានប្រសាសន៍ថា គ្រួសារពិតជាដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមចំណែក ជាកោសិការសង្គមជាតិ ព្រោះ គ្រួសារគឺជាមូលដ្ឋានគ្រឹះ ដែលផ្តល់ការថែទាំ និងអប់រំដល់កូនចៅ និងសមាជិកគ្រួសារទាំងអស់ ឱ្យដើរតាមគន្លងធម៌ ពិសេសការរីកចម្រើននៃបច្ចេកវិទ្យា និងសកលភាវូបនីយកម្ម បានផ្តល់ឱកាសបន្ថែមទៀត ដល់សមាជិកគ្រួសារ ក្នុងការទទួលបានចំណេះដឹង និងមុខជំនាញថ្មីៗ ធ្វើឱ្យការរស់នៅ និងការទំនាក់ទំនងគ្នា កាន់តែមានភាពងាយស្រួល ជីវភាពរស់នៅ កាន់តែល្អប្រសើរឡើង និងធ្វើឱ្យប្រទេសជាតិ កាន់តែមានការអភិវឌ្ឍន៍។
លោកជំទាវ បន្តទៀតថា ទិវាអន្តរជាតិ ស្តីពី គ្រួសារ ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០០៥មក ហើយទិវាអន្តរជាតិមួយនេះ ត្រូវបានប្រទេសនានាលើពិភពលោក តែងតែប្រារឰឡើងជារៀងរាល់ឆ្នាំ ។ សម្រាប់ប្រទេសកម្ពុជា រាជរដ្ឋាភិបាល បានកំណត់យកថ្ងៃទី១៥ ខែឧសភា ជាទិវាអន្តរជាតិ ស្តីពី គ្រួសារ គឺដើម្បីបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ដែលជានិច្ចកាល តែងតែទទួលស្គាល់គុណតម្លៃរបស់គ្រួសារ ដែលជាកោសិកាសង្គមដ៏មានសារៈសំខាន់ នៅក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស និងសង្គម-សេដ្ឋកិច្ច។ សម្រាប់ឆ្នាំនេះ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានរៀបចំព្រឹត្តិការណ៍នេះ តាមរូបភាពជាច្រើន ដូចជា បានផ្សព្វផ្សាយសារលិខិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនជនរួមជាតិ ក្នុងឱកាសទិវាអន្តរជាតិ ស្តីពី គ្រួសារ១៥ឧសភា ឲ្យបានដល់មន្ទីររាជធានី-ខេត្ត និងអង្គភាពនានា ដើម្បីចាត់ចែងរៀបចំទិវាអន្តរជាតិ ស្តីពី គ្រួសារ១៥ឧសភា ឆ្នាំ២០២៥ ឱ្យបានទូលំទូលាយ, បានរៀបចំផ្សព្វផ្សាយអំពីខ្លឹមសារ និងរូបភាព នៃទិវាអន្តរជាតិ ស្តីពី គ្រួសារ១៥ឧសភា តាមប្រព័ន្ធផ្សព្វផ្សាយរបស់ស្ថាប័នរដ្ឋ-ឯកជន និងលើបណ្តាញសង្គមនានា រៀបចំឱ្យមានកម្មវិធីសំណេះសំណាលជាមួយតំណាងគ្រួសារ ដែលកំពុងប្រព្រឹត្តទៅនាពេលនេះ និងកម្មវិធីជួបសំណេះសំណាលជាមួយ គ្រួសារនៅតាមសហគមន៍រាជធានី-ខេត្ត ដើម្បីបង្ហាញពីការយកចិត្តទុកដាក់អំពីសុខទុក្ខ របស់គ្រួសារ ពង្រឹងតួនាទីរបស់គ្រួសារ និងធានាថាគ្រួសារនីមួយៗ ទទួលបាននូវភាពសុខដុមរមនា និងភាពកក់ក្តៅ។
ដោយសារភាពរីកចម្រើន នៃបច្ចេកវិទ្យា សកលភាវូបនីយកម្ម ការធ្វើចំណាកស្រុក ដើម្បីរកការងារធ្វើ ការហូរចូលនៃវប្បធម៌មិនល្អពីខាងក្រៅមួយចំនួន ក៏បានជះឥទ្ធិពលផលអវិជ្ជមានមួយចំនួនចំពោះគ្រួសារ ដូចជា ទំនាក់ទំនងល្អគ្រួសារ ក៏ដូចជាការប្រាស្រ័យទាក់ទងផ្ទាល់ ត្រូវបានកាត់បន្ថយ ការឆ្លៀតឱកាសពីជនខិលខូច បោកប្រាស់តាមគ្រប់មធ្យោបាយ ការថមថយ នៃមនោសញ្ចេតនាគ្រួសារ ការប្រើប្រាស់សារធាតុញៀន ការរំលោភបំពានផ្លូវភេទ ការជួញដូរស្ត្រី និងកុមារ អំពើហិង្សាក្នុងគ្រួសារ ការបែកបាក់គ្រួសារ បញ្ហាកុមារត្រូវបានបោះបង់ចោល បញ្ហាជំងឺអេដស៍ជាដើម ដែលបញ្ហាប្រឈមទាំងនេះ យើងទាំងអស់គ្នា រួមទាំងក្រសួង-ស្ថាប័ន មានសមត្ថកិច្ចពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ និងគ្រួសារផ្ទាល់ ត្រូវរួមគ្នាគិតគូរ និងដោះស្រាយជាចាំបាច់។
ក្នុងនាមថ្នាក់ដឹកនាំក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាគណៈកម្មការជាតិពិគ្រោះយោបល់គោលនយោបាយចំពោះគ្រួសារ លោកជំទាវ ប្រុក ម៉ៃកន្និដ្ឋា បានថ្លែងអំណរគុណចំពោះ ក្រសួង-ស្ថាប័នពាក់ព័ន្ធ សាលារាជធានី-ខេត្ត អង្គការជាតិ-អន្តរជាតិ សមាគម សហគមន៍ គ្រឹះស្ថានសិក្សា និងវិស័យឯកជនទាំងអស់ ដែលតែងតែចូលរួមយ៉ាងសកម្មជាមួយក្រសួង ក្នុងការបង្កើតនិងលើកកម្ពស់កម្មវិធីគ្រួសារ សេដ្ឋកិច្ចគ្រួសារ និងសីលធម៌គ្រួសារ ជាពិសេស ការចូលរួមចំណែកក្នុងការរៀបចំទិវាអន្តរជាតិ ស្តីពី គ្រួសារនាពេលនេះ។