ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ប្រកាសដាក់ឱ្យប្រើប្រាស់សៀវភៅណែនាំ ស្តីពី នីតិវិធីប្រតិបត្តិមាតុភូមិនិវត្តន៍ជនរងគ្រោះ និងបុគ្គលសង្ស័យថារងគ្រោះ ដោយអំពើជួញដូរមនុស្សតាមផ្លូវអាកាសមកកម្ពុជា

ឯកឧត្តម ញ៉ឹក វណ្ណារ៉ា រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មានប្រសាសន៍ថា ផ្តើមចេញពីកិច្ចខិតខំប្រឹងប្រែង និងការគិតគូររួមគ្នា បង្កើតបានជាសមិទ្ធផលមួយបន្ថែមទៀត នូវនីតិវិធីប្រតិបត្តិស្តង់ដារ ក្នុងការផ្តល់កិច្ចអន្តរាគមន៍ និងសេវាឆ្លើយតបនឹង តម្រូវការរបស់ជនរងគ្រោះ និងងាយរងគ្រោះ ដោយអំពើជួញដូរមនុស្ស ស្របតាមកម្មវិធីគោលនយោបាយ យុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល និងផែនការយុទ្ធសាស្ត្រជាតិ ស្តីពី ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ប្រកាសដាក់ឱ្យប្រើប្រាស់សៀវភៅណែនាំ ស្តីពី នីតិវិធីប្រតិបត្តិមាតុភូមិនិវត្តន៍ជនរងគ្រោះ និងបុគ្គលសង្ស័យថារងគ្រោះ ដោយអំពើជួញដូរមនុស្សតាមផ្លូវអាកាសមកកម្ពុជា។

ឯកឧត្តម បន្តថា ពិធីនេះធ្វើឡើងក្នុងបំណងចង់ផ្សព្វផ្សាយដល់គ្រប់ភាគីពាក់ព័ន្ធ បានជ្រួតជ្រាប អំពីការដាក់ឱ្យអនុវត្តជាផ្លូវការ នូវនីតិវិធីប្រតិបត្តិមាតុភូមិនិវត្តន៍ជនរងគ្រោះ និងបុគ្គលសង្ស័យថារងគ្រោះ ដោយអំពើជួញដូរមនុស្សតាមផ្លូវអាកាសមកកម្ពុជា ដែលជាវឌ្ឍនៈភាព និងសមិទ្ធផលការងារថ្មីមួយទៀត របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្នុងភាពជាដៃគូជាមួយអង្គការមិនមែនរដ្ឋាភិបាលក្នុងការបង្កើតឱ្យមានបទដ្ឋាន សម្រាប់ការងារជួយជនរងគ្រោះដោយអំពើជួញដូរមនុស្ស ដែលត្រូវបានធ្វើមាតុភូមិនិវត្តន៍មកកម្ពុជា តាមផ្លូវអាកាស។   

ឯកឧត្តម បញ្ជាក់ដែរថា រាជរដ្ឋាភិបាល បានដាក់ចេញផែនការយុទ្ធសាស្រ្តជាតិ ស្តីពី ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (២០២៤-២០២៨) ដែលជាផែនទីបង្ហាញផ្លូវ និងជាឯកសារបង្អែកសម្រាប់គ្រប់ក្រសួង-ស្ថាប័ន ជាសមាជិកគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អង្គភាពពាក់ព័ន្ធ រៀបចំផែនការសកម្មភាពអនុវត្ត ដើម្បីឆ្លើយតប នឹងប្រយុទ្ធប្រឆាំងទៅនឹងគ្រប់ទម្រង់ទាំងអស់ នៃអំពើជួញដូរមនុស្ស៥ឆ្នាំទៅមុខ ក្នុងគោលដៅកាត់បន្ថយ និងលុបបំបាត់ជាបណ្តើរៗ នូវអំពើជួញដូរមនុស្ស លើកកម្ពស់ការគោរពសិទ្ធមនុស្ស ផលប្រយោជន៍ និងសេចក្តីថ្លៃថ្នូរបស់មនុស្សជាតិ បើទោះបីជាមានការប្រែប្រួល ក្នុងករណីប្រធានសក្តិណាមួយក៏ដោយ ក៏អាចមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ក្នុងការត្រៀមទុកជាមុន និងអាចបត់បែនបាន ដើម្បីឆ្លើយតបទៅនឹងគ្រប់ទម្រង់ទាំងអស់ នៃអំពើជួញដូរមនុស្ស ។

តាមរបាយការណ៍របស់ ឯកឧត្តម ឌីន បូរី អគ្គនាយកសេវាសង្គមកិច្ច នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឲ្យដឺងដា ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងអង្គការរតនៈអ៊ីនធើណេសិនណល បានធ្វើកិច្ចសហការ និងរៀបចំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងនីតិវិធី នៃដំណើរការមាតុភូមិនិវត្តន៍ជនរងគ្រោះ និងបុគ្គលសង្ស័យថារងគ្រោះ ដោយអំពើជួញដូរមនុស្ស តាមផ្លូវអាកាសមកកម្ពុជា ជាបន្តបន្ទាប់ តាំងពីឆ្នាំ២០២១ រហូតមកដល់បច្ចុប្បន្ន ដែលសម្រេចបានដោយជោគជ័យ ក្រោមការដឹកនាំ ចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងថ្នាក់ដឹកនាំ ទទួលបន្ទុក គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស អគ្គស្នងការនគរបាលជាតិ ក្រសួងស្ថាប័ពាក់ព័ន្ធ និងអង្គការដៃគូផងដែរ។ 

សូមបញ្ជាក់ដែរថា សៀវភៅណែនាំ ស្តីពី នីតិវិធីប្រតិបត្តិ មាតុភូមិនិវត្តន៍ជនរងគ្រោះ និង បុគ្គលសង្ស័យថារងគ្រោះដោយអំពើជួញដូរមនុស្ស តាមផ្លូវអាកាសមកកម្ពុជា បានទទួលការយកចិត្តទុកដាក់ខ្ពស់ ពីថ្នាក់ដឹកនាំ ជាពិសេស សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយកដ្ឋរដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជា និងកិច្ចសហការយ៉ាងល្អប្រកបដោយ ស្មារតីបុរេសកម្ម ពីសំណាក់បណ្តាក្រសួង-ស្ថាប័ន ពាក់ព័ន្ធទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងទទួលបាននូវការគាំទ្រយ៉ាងសកម្ម ពីសំណាក់ដៃគូអភិវឌ្ឍន៍នានា។