ក្រសួងមុខងារសាធារណៈ និងក្រសួងព័ត៌មាន សហការរៀបចំសិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងព័ត៌មាន»

( ភ្នំពេញ )៖ ក្រសួងមុខងារសាធារណៈ និងក្រសួងព័ត៌មាន សហការរៀបចំសិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងព័ត៌មាន» នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ នាទីស្តីការក្រសួងព័ត៌មាន ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ។

សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងទាំង២ និងមន្ទីរព័ត៌មាន រាជធានី ខេត្តទាំង២៥ យ៉ាងច្រើនកុះករ។

សិក្ខាសាលានេះជាសិក្ខាសាលាទី២៨ ដែលក្រសួងមុខងារសាធារណៈ បន្តចុះជួបតាមបណ្តាក្រសួង ស្ថាប័ននានា ដើម្បីផ្តល់ជូនវឌ្ឍនភាពការងារ និងការពង្រីកវិសាលភាពព័ត៌មាន ស្តីពីការអនុវត្តការងារ និងដំណាក់កាលនានានៃការពិនិត្យឡើងវិញ ការវិភាគមុខងារនិងរចនាសម្ព័ន្ធ ដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការស៊ីវិល តាមបណ្តាក្រសួង ស្ថាប័ននានា បានជ្រាបបន្ថែម និងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ នៃភាពប្រទាក់ក្រឡាគ្នាកាន់តែល្អប្រសើរ៕