គណៈកម្មការរៀបចំការប្រឡងប្រជែង នៃក្រសួងមុខងារសាធារណៈ នៅព្រឹកថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ២០២៥នេះ បានចាប់ផ្ដើមដំណើរការកំណែវិញ្ញាសាប្រឡងប្រជែង របស់បេក្ខជនទាំង ៤១រូប ដែលប្រឡងចូលបម្រើការងារនៅអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ ក្នុងក្របខណ្ឌទីស្តីការគណៈរដ្ឋមន្រ្តី លើវិញ្ញាសាសរសេរលើកទី ២។
ដោយអនុវត្តតាម និយាមនីតិវិធីប្រតិបត្តិក្នុងការប្រឡងជ្រើសរើសមន្ត្រីរាជការស៊ីវិល ក្រសួងមុខងារសាធារណៈ បានចាប់ផ្ដើមដំណើរការកំណែសន្លឹកកិច្ចការបេក្ខជនប្រឡង មន្ត្រីអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ ក្នុងក្របខណ្ឌទីស្ដីការគណៈរដ្ឋមន្ត្រី។ ការធ្វើកំណែធ្វើឡើងនៅថ្ងៃបន្ទាប់ ក្រោយការប្រឡងបានបិទបញ្ចប់កាលពីម្សិលម៉ិញ។
ការធ្វើកំណែសន្លឹកកិច្ចការវិញ្ញាសាសរសេរលើកទី ២នេះ ចាប់ផ្តើមពីព្រឹកព្រលឹម តាមរយៈការកាត់ក្បាលសន្លឹកកិច្ចការ ការចុះលេខ និងនីតិវិធីនានា ដែលស្ថិតក្រោមការឃ្លាំមើលជាប់ជាប្រចាំពីអង្គភាពប្រឆាំងអំពើពុករលួយ និងអនុគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃ និងមានការចូលរួមពីអ្នកសង្កេតការណ៍តំណាងសកលវិទ្យាល័យ និងសាធារណជនស្ម័គ្រចិត្តផងដែរ។
ការកែលើសន្លឹកកិច្ចការវិញ្ញាសាសរសេរលើកទី ២នេះ ក៏មានវត្តមានឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង អញ្ជើញ ពិនិត្យដោយផ្ទាល់លើដំណើរការ របៀបរបប និងនីតិវិធីកែសន្លឹកកិច្ចការបេក្ខជនផងដែរ។
វិញ្ញាសាសរសេរលើកទី ២នេះ ជាប្រភេទសំណួរអធិប្បាយ ហើយវិញ្ញាសាចែកចេញជា ២។ វិញ្ញាសាទី ១ ជាប្រភេទសំណួរសរសេរបកស្រាយលើ ចំណេះដឹងទូទៅ រីឯវិញ្ញាសាទី ២ ជាប្រភេទសំណួរសរសេរបកស្រាយលម្អិតលើមុខជំនាញឯកទេសផ្លូវច្បាប់ រួមមាន នីតិបុគ្គល នីតិសាធារណៈ និងនីតិអន្តរជាតិ។
គួរបញ្ជាក់ដែរថា ការប្រឡងជ្រើសរើសមន្ត្រីអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ ក្នុងក្របខណ្ឌទីស្ដីការគណៈរដ្ឋមន្ត្រី ជាការប្រឡងជ្រើសរើសមន្ត្រីក្នុងក្របខណ្ឌថ្មី ឆ្នាំ ២០២៥ ចំនួនជ្រើសរើសគឺចំនួន ១៥នាក់ប៉ុណ្ណោះ។ ចំពោះបេក្ខជនប្រកួតប្រជែងសរុបមានចំនួន ៥០៧នាក់។