ក្រសួងមុខងារសាធារណៈបិទសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីផែនការសកម្មភាព ២០២៤-២០២៨ នៅខេត្តព្រះសីហនុ
ខេត្តព្រះសីហនុ ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានមានប្រសាសន៍ក្នុងឱកាសបិទសិក្ខាសាលាផ្សព្វផ្សាយស្ដីពីច្បាប់ផែនការសកម្មភាព ២០២៤.២០២៨ នេះថា ក្រសួងមុខងារសាធារណៈ កឺជាសេនាធិការរបស់រាជរដ្ឋាភិបាល ដែលដើរតួដឹកនាំ សម្របសម្រួល និងគាំទ្រផ្នែកបច្ចេកទេសដល់ក្រសួង ស្ថាប័ន ដើម្បីអនុវត្តការពិនិត្យឡើងវិញ និងការវិភាគមុខងារនិងរចនាសម្ព័ន្ធ តាមរយៈការរៀបចំសិក្ខាសាលា វគ្គបណ្តុះបណ្តាល និងកិច្ចប្រជុំក្របខណ្ឌលេខាធិការដ្ឋាន គ.វ.រ. កិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំបច្ចេកទេសអន្តរក្រសួង និងកិច្ចប្រជុំកម្រិតបច្ចេកទេសជាច្រើនលើក ក្រសួង ស្ថាប័ន បានសហការអនុវត្តការងារពិនិត្យឡើងវិញ និងការវិភាគមុខងារនិងរចនាម្ព័ន្ធក្រសួង ស្ថាប័ន និងការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងទិន្នន័យមន្ត្រីរាជការស៊ីវិល នៃក្រសួង ស្ថាប័ន ប្រកបដោយការទទួលខុសត្រូវ និងប្រសិទ្ធភាពខ្ពស់។
ក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បើកសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីផែនការសកម្មភាព ២០២៤-២០២៨ នាពេលនេះដើម្បីអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដោយមានការចូលរួមពីថ្នាក់ក្រសួង អភិបាលរងតាមបណ្ដាខេត្ត មន្ទីរអង្គភាពរាជធានីខេត្ត នៅសណ្ឋាគារសុខា ក្រុងព្រះសីហនុកាលពីថ្ងៃទី២៥វិច្ឆិកាឆ្នាំ២០២៤ ។
ឯកឧត្តមឧប បានបញ្ជាក់បន្ថែមថា សិក្ខាសាលានេះ មានវិធានការគន្លឹះបីសំខាន់ៗ គឺទី១ “ការដាក់ឱ្យអនុវត្តប្រព័ន្ធជ្រើសរើសមន្ត្រីចូលបម្រើការងារ ប្រកបដោយប្រជាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព” ទី២ “ការពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័នដើម្បីលើកកម្ពស់គុណភាពការងារប្រកបដោយវិន័យ សីលធម៌ វិជ្ជាជីវៈ ប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភា និងទី៣ “ការដាក់ឱ្យអនុវត្តប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្ម ប្រកបដោយ សមធម៌ ប្រសិទ្ធភាព និងចីរភាព” នេះ គឺជាការលើកឡើរបស់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការ នៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។
សិក្ខាសាលាផ្សព្វផ្សាយ ស្ដីពី ”ផែនការសកម្មភាព២០២៤-២០២៨ ដើម្បីអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា” ឯកឧត្តម យក ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈបានបន្ថែមថាសិក្ខាសាលានេះ គឺជាវេទិកាសំណួរ-ចម្លើយ បានផ្ដល់ជាគំនិត និងធាតុចូលដ៏មានសារៈសំខាន់ជាច្រើនសម្រាប់ក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីស្វែងយល់ឱ្យបានកាន់តែច្បាស់អំពីបេសកកម្មក្នុងការអនុវត្ត និងការចូលរួមគាំទ្រក្នុងការសម្រេចបាននូវចក្ខុវិស័យរួមរបស់រាជរដ្ឋាភិបាលដែលឈរលើអភិក្រម “ជីវភាពនៃប្រព័ន្ធតួអង្គតែមួយ” និងស្មារតីភាពជាម្ចាស់ការ បុរេសកម្ម សកម្ម និងនវានុវត្តន៍។ សិក្ខាកាមបានយល់ច្បាស់ពីផែនការសកម្មភាព នៃការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ បន្ទាប់ពីបានស្តាប់ការធ្វើបទបង្ហាញយ៉ាងក្បោះក្បាយរបស់ វាគ្មិន ជាពិសេសសិក្ខាកាមដែលបានបង្ហាញជំហរក្នុងការសហការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ដើម្បីឈានទៅសម្រេចចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ឱ្យទទួលបានរដ្ឋបាលសាធារណៈមួយដែលមានសមត្ថភាពខ្ពស់ ប្រកបដោយភាពខ្លាំង ឆ្លាតវ័យ និងស្អាតស្អំ៕