ក្រសួងព័ត៌មាន រៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ រយៈពេល៣ថ្ងៃ ដើម្បីពិនិត្យនិងវាយតម្លៃលើសមិទ្ធផលនានាដែលសម្រេចបាននាពេលកន្លងមក ហើយដាក់ចេញសំដៅលើកកម្ពស់វិស័យព័ត៌មាន និងសោតទស្សន៍នៅកម្ពុជា ឱ្យកាន់តែប្រសើរឡើងថែមទៀតក្នុងឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា,

សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងព័ត៌មាន បានប្រារព្ធបើកនៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ នាសាលចតុម្មុខមង្គលទីស្តីការក្រសួងព័ត៌មាន ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ។

អង្គសន្និបាតក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី ទទួលបន្ទុកជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ តាមបណ្តាក្រសួង ស្ថាប័ន អភិបាលរងខេត្ត ទទួលបន្ទុកការងារព័ត៌មាន រួមទាំងមន្ត្រីរាជការក្រសួងព័ត៌មាន ដែលមានតូនាទីចាប់ពីប្រធានការិយាល័យ រហូតដល់ថ្នាក់ដឹកនាំសរុបសមាសភាពចូលរួមជាង ៧០០ នាក់ ។

តាមរយៈរបាយការណ៍លើកឡើងដោយ លោកជំទាវ ជា ស៊ុនដាណែត រដ្ឋលេខាប្រចាំការក្រសួងព័ត៌មាន បានបង្ហាញអោយឃើញថា

ពេញមួយឆ្នាំ២០២៤កន្លងទៅនេះ មន្រ្តីរាជការនៅគ្រប់អគ្គនាយកដ្ឋានជំនាញទាំង៥ និងអង្គភាពចំណុះរបស់ក្រសួងព័ត៌មាន បានពង្រឹងតួនាទីក្នុងនាមជាអ្នកបម្រើក្នុងវិស័យសាធារណៈប្រកប ដោយវិជ្ជាជីវ:ខ្ពស់ក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ក្នុងបរិបទបរិវត្តកម្មឌីជីថល។

ដោយមានការចង្អុលបង្ហាញច្បាស់លាស់ប្រកបដោយវិធីសាស្រ្ត យុទ្ធសាស្ត្រ និងទស្សនវិស័យថ្មីរបស់ ឯកឧត្តមរដ្ឋមន្រ្តី នេត្រ ភក្រ្តា ក្រសួងព័ត៌មានបានធ្វើទំនើបកម្មស្ថាប័ន ជាមួយឥរិយាបថប្រតិបត្តិករគ្រប់តួអង្គ ដោយប្រកាន់យក នវានុវត្តន៍ឌីជីថ លូបនីយកម្ម ដើម្បីដើរឱ្យស្របទៅនឹងកំណើន នៃប្រព័ន្ធផ្សព្វផ្សាយបែបថ្មី New Media និងបញ្ញាសិប្បនិមិត្ត ព្រមទាំងការខិតខំជម្នះរាល់បញ្ហាប្រឈមដើម្បីធ្វើឱ្យសម្រេចផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យព័ត៌មាន និងសោតទស្សន៍ ២០២៤-២០២៨ ដែលក្រសួងព័ត៌មានបានដាក់ចុះ ដើរស្របទៅនឹងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ៕