ក្រសួងព័ត៌មាន ត្រៀមធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ នៅលើទឹកដីអង្គរ ខេត្តសៀមរាប នាចុងខែកក្កដា ឆ្នាំ២០២៥

ដើម្បីត្រៀមលក្ខណៈអោយបានល្អ នៅគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ក្នុងការត្រៀមធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើក ទី២០ នៅលើទឹកដីអង្គរ ខេត្តសៀមរាប នាចុងខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានបើកកិច្ចប្រជុំផ្ទៃក្នុងជាមួយ ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អស់លោក លោកស្រី ជាមន្ត្រីជំនាញសំខាន់ៗ នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ ដើម្បីធ្វើការពិនិត្យលើកិច្ចការងារ សំខាន់ៗមួយចំនួន ដែលត្រូវធ្វើមុន និងក្នុងពេលនៃកិច្ចប្រជុំ ពាក់ព័ន្ធទៅកិច្ចការងារជាច្រើនសម្រាប់ប្រព័ន្ធផ្សព្វផ្សាយអាសុី ។
កិច្ចប្រជុំនាឱកាសនេះ បានស្តាប់នូវរបាយការណ៍ស្តីពីការត្រៀមលក្ខណៈរៀបចំសន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ ដែលគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ដល់ទី២៥ ខែកក្កដា ឆ្នាំ២០២៥ នៅខេត្តសៀមរាប ហើយសម្រាប់ដំណើរការនៃអង្គសន្និសីទ គឺក្រសួងព័ត៌មាន សហការជាមួយ វិទ្យាស្ថានអភិវឌ្ឍន៍ប្រព័ន្ធផ្សាយសោតទស្សន៍អាស៊ីប៉ាស៊ីហ្វិក ដើម្បីរួមគ្នារៀបចំធ្វើយ៉ាងល្អ និងទទួលបានលទ្ធផលជោគជ័យ ។
គូររំលឹកដែរថា សន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី១៩ បានប្រារព្ធធ្វើឡើងនៅដើមខែកញ្ញា ឆ្នាំ២០២៤ នាទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ហើយ ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្រ្តា បានដឹកនាំគណៈប្រតិភូក្រសួងព័ត៌មាន អញ្ជើញចូលរួមផងដែរ ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានអំពាវនាវឱ្យបណ្តាប្រទេសជាសមាជិកវិទ្យាស្ថានអភិវឌ្ឍន៍ប្រព័ន្ធផ្សាយសោតទស្សន៍អាស៊ីប៉ាស៊ីហ្វិក AIBD ចូលរួមជាមួយកម្ពុជាក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដែលជាបញ្ហារួមរបស់តំបន់ និងបានអំពាវនាវឱ្យបណ្តាលប្រទេសជាសមាជិក ចូលរួមជាមួយកម្ពុជានៅក្នុងយុទ្ធនាការនេះ ដើម្បីរួមគ្នាលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ។ គំនិតផ្តួចផ្តើមនេះត្រូវបានបង្ហាញនូវជំហរគាំទ្រ និងសាទរ ៕